ភ្នំពេញៈ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បានអនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​បើក​ដំណើរការ​ឡើង​វិញ បន្ទាប់ពី​សង្កេត​​ឃើញ​សាលា​ប្រមាណ​ ៥ ​ពាន់​​ដែល​ក្រសួង​ទើបបាន​អនុញ្ញាត​​ឱ្យ​បើក​ជា​ដំណាក់កាលៗ​ក្នុង​រយៈពេល​ប្រមាណ​ ២ ​សប្ដាហ៍​មកនេះ មាន​សិស្ស​ចូលរៀន​តិចតួច​ត្រឹមតែ​ជាង​ ១ ​លាន​នាក់​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្លែងថា​៖ «​នៅពេល​នេះ សាលារៀន​ប្រមាណ​ជា​ ៥ ​ពាន់​សាលា​ហើយ​ ដែល​បាន​បើក​ដំណើការ​ទូទាំង​ប្រទេស ហើយ​មាន​សិស្ស​ ១ ​លាន​នាក់​បាន​ចូលរៀន​។ ប៉ុន្ដែ​យើង​ឃើញថា សិស្ស​​ ១ ​លាន​នាក់​នេះ គឺ​នៅមាន​ចំនួន​តិច​នៅឡើយ ដូច្នេះហើយ​ថ្ងៃនេះ​ក្រសួង​សម្រេច​ថា នឹង​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​ឧត្ដមសិក្សា​ដែល​ជា​ដំណាក់កាល​ទី​ ១ ​នៃ​ការបើក​ដំណើរការ​ឡើង​វិញ​»​។

លោក​បានបញ្ជាក់​បែបនេះ​តាមរយៈ​វេទិកា​ការដាក់ចេញ​គោលនយោបាយ​ផ្អែកលើ​ភ័ស្តុតាង​ ដើម្បី​គាំទ្រ​ការសិក្សា​របស់​កុមារ ការអភិវឌ្ឍ​កុមារ​តូច និង​កិច្ចការពារ​កុមារ​ ដែល​រៀបចំ​ដោយ​អង្គការ Save the Children ​ប្រចាំ​កម្ពុជា​ជាមួយ​ក្រសួង​អប់រំ​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២៧ កញ្ញា​។

លោក​ថ្លែងថា ក្រសួង​អប់រំ​នឹង​ពិនិត្យ​លើ​ស្ថានភាព​កូវីដ​ ១៩ ​ដើម្បី​ឈានទៅ​បើក​បន្តទៀត​​នូវ​កម្រិត​បឋមសិក្សា​នៅ​តំបន់​ណា​ដែល​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ទាប ខណៈ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​គឺ​នៅ​ខេត្ត​សៀមរាប ដែល​ជំងឺ​កូវីដ​ ១៩ ​មាន​ការឆ្លង​ខ្លាំង​ដោយ​ក្រសួង​រៀបចំ​ជា​គោលនយោបាយ​យុទ្ធសាស្ដ្រ​បើក​ឡើងវិញ​នូវ​​សាលារៀន​ដោយ​ផ្តោតលើ​ភ័ស្ថុតាង​នៃ​ការឆ្លង​ជំងឺ​។

លោក​ថ្លែងថា​៖ «​បើ​កន្លែង​ណា​មាន​ហានិភ័យ​ទាប ក្រសួង​អនុញ្ញាតឱ្យ​បើក​សាលា​កម្រិត​មត្ដេយ្យ​ និង​បឋមសិក្សា​។ ចំពោះ​កន្លែង​ដែលមាន​ហានិភ័យ​មធ្យម​គឺ​យើង​ផ្ដោត​ទៅលើ​ថ្នាក់​ទី​ ៩ ​និង​ទី​ ១២ ដែលជា​ថ្នាក់​ត្រូវ​ប្រឡង​ហើយ​ចំពោះ​កន្លែង​ណា​ដែលមាន​ហានិភ័យ​ខ្ពស់ គឺ​យើង​នៅ​បន្ត​បង្រៀន​អនឡាញ​»​។

លោក​រដ្ឋមន្ត្រី​អប់រំ​បានឱ្យ​​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​មកនេះ គ្រូបង្រៀន​ប្រមាណ​ ៦០០ ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​នោះ​មាន​ ២០ ​នាក់​បាន​បាត់បង់​ជីវិត​ ដោយសារ​ពេល​​នោះ​នៅ​មិនទាន់​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

ដោយឡែក​ កាលពី​ថ្ងៃទី​ ២៧ ​ខែកញ្ញា ​ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​បើក​ដំណើរការ​ឡើងវិញ​គឺ​ ៣ ​ថ្ងៃ​​ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ដល់​ក្រសួង​។

ក្រសួង​អប់រំ បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​កាលពី​ថ្ងៃទី​ ២៧ ខែ​​កញ្ញា​ថា​៖ «​ក្រសួង​អប់រំ យុវជន​ និង​កីឡា អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​បើក​ដំណើរការ​បង្រៀន​ និង​រៀន​ (​នៅក្នុង​ថ្នាក់រៀន​) ​ការអនុវត្ត​ប្រតិបត្តិ​ (​នៅក្នុង​មន្ទីរពិសោធន៍​ ឬ​សាល​សហសិក្សា​) និង​ការស្រាវជ្រាវ​ (​នៅក្នុង​ស្ថានីយ​មន្ទីរពិសោធន៍​ ឬ​នៅលើ​ទីវាល​) ​ជា​កម្រិត​សាកល្បង​ទ្រង់ទ្រាយ​តូច​ដែល​អាច​គ្រប់គ្រង​បាន​និង​សម្រាប់​​ការដកស្រង់​បទពិសោធ និង​​ឧត្តមានុវត្តន៍​»​។

សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កំពុង​សិក្សា​កាលពី​ថ្ងៃ​ ១៥ កញ្ញា​។ហេង ជីវ័ន

សេចក្តី​ណែនាំ​នេះ​បញ្ជាក់​​បន្ថែមថា​គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រូវបង្កើត​យន្តការ​កាត់បន្ថយ​ហានិភ័យ និង​យន្តការ​ផ្តល់​ព័ត៌មាន​ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​អប់រំ​ ដើម្បី​ពិភាក្សា​លើ​ស្ថានភាព​ដែល​កើតឡើង​ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​ការបើក​ដំណើរការ​។ ការប្រមូល​ផ្តុំ​ និង​ការជួបជុំ​មិន​ឱ្យមាន​ចំនួន​លើសពី​ ២០ ​នាក់​ឡើយ​ក្នុង​ ១ ​ថ្នាក់ ហើយ​ការរក្សា​គម្លាត​សុវត្ថិភាព​គឺ​យ៉ាងតិច​ ១,៥ ​ម៉ែត្រ​។

ប្រភព​ដដែល​បាន​បន្តថា​គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រូវ​អនុវត្ត​ទៅ​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​សុខភាព​ និង​សុវត្ថិភាព​សិក្សា​ និង​វិធានការ​សុខាភិបាល​ត្រូវមាន​មធ្យោបាយ​ឆ្លើយតប​ក្នុងករណី​មានការ​សង្ស័យថា មាន​រោគសញ្ញា​ជំងឺ​កូវីដ​ ១៩ យន្តការ​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​សុខាភិបាល និង​យន្តការ​អន្តរាគមន៍​ផ្នែក​សុខាភិបាល​។

ក្រសួង​អប់រំ​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រូវ​លើក​កម្ពស់​អនាម័យ​សិក្សា​នៅមុន​ពេល​ទទួល​ការអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សាកល្បង ហើយ​រាល់​សកម្មភាព​នៃ​ការលក់ដូរ​ចំណីអាហារ អាហារដ្ឋាន សកម្មភាព​កីឡា​, ការប្រើប្រាស់​ប្រភព​ទឹក​ទទួលទាន​រួមគ្នា មិន​ត្រូវ​​អនុញ្ញាត​ឡើយ​។

ក្រសួង​បញ្ជាក់ថា គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រូវ​ហាមឃាត់ និង​ត្រូវ​ចាត់វិធានការ​រដ្ឋបាល​ «​យ៉ាង​ម៉ឺងម៉ាត់​» ​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ឆ្លង​ពី​ថ្នាក់រៀន​មួយ​ទៅ​ថ្នាក់រៀន​មួយទៀត​​ ហើយ​បុគ្គល​ដែលមាន​វត្តមាន​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ត្រូវតែ​ពាក់​ម៉ាស់​ជាប្រចាំ​ និង​ជា​កាតព្វកិច្ច និង​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ «៣ការពារ​ ៣កុំ​ឱ្យបាន​ខ្ជាប់ខ្ជួន​»​។

មុនពេល​ចាប់ដំណើរការ និង​ក្នុងពេល​សាកល្បង​បង្រៀន​ និង​រៀន​គ្រឹះស្ថាន​ឧត្តមសិក្សា​តម្រូវ​​ឱ្យ​រៀបចំ​ផែនការ​ធ្វើតេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ដោយ​ចៃដន្យ និង​ជាប្រចាំ​សម្រាប់​បុគ្គលិក​អប់រំ និង​និស្សិត ហើយ​បុគ្គលិក​អប់រំ ឬ​និស្សិត​ដែល​​មាន​អាយុ​លើសពី​ ៥០ ​ឆ្នាំ​ឡើង​​ទៅ​ ឬ​ដែលមាន​ជំងឺ​ប្រចាំកាយ​គួរតែ​បន្ត​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អនឡាញ​។ ​ការចាប់ផ្តើម​នៅ​ដំណាក់កាល​សាកល្បង​នេះ​​ត្រូវ​ផ្តល់ជូន​ជា​អាទិភាព​សម្រាប់​​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​បាន​ ២ ​ដូស​​ប៉ុណ្ណោះ​៕

វីដេអូ៖