កណ្តាលៈ មេឃុំប្រាសាទនៃស្រុកស្អាង ខេត្តកណ្តាល បដិសេធ ចំពោះការចោទថា ខ្លួនបានឃុបឃិតយកដីប្រជាពលរដ្ឋនៅភូមិលេខ ២ ខណៈមានពលរដ្ឋមួយចំនួនដែលមេឃុំ ថា មិនមានដីនៅទីនោះនាំគ្នាតវ៉ា ដោយសំអាងថា អាជ្ញាធរឃុបឃិតគ្នា ដើម្បីយកដីប្រជាពលរដ្ឋ។
លោក ឈាង លី មេឃុំប្រាសាទ ថ្លែងនាថ្ងៃទី ២៧ កញ្ញាថា អាជ្ញាធរ ឃុំប្រាសាទរួមនឹងអាជ្ញាធរស្រុកស្អាងកាលពីថ្ងៃទី ២៣ ខែកញ្ញាបានចុះទៅកំណត់ព្រំដីដែលស្ថិតនៅភូមិលេខ ២ ឃុំប្រាសាទ ស្រុកស្អាង តាមការស្នើសុំរបស់ឈ្មោះ លី ហាក់ ប៉ុន្តែបែរជាមានពលរដ្ឋប្រមាណជាង ១០០ នាក់ លើកគ្នាមកតវ៉ា ដោយសំអាងថា អាជ្ញាធរបានឃុបឃិតគ្នាយកដីប្រជាពលរដ្ឋទៅវិញ។
លោកមេឃុំបញ្ជាក់ថា មុនអាជ្ញាធរចុះទៅស្រាវជ្រាវ ដើម្បីពិនិត្យព្រំដីនៅទីនោះ គឺមានការបិទប្រកាសរយៈពេលជិត ១០ ថ្ងៃ ដើម្បីឱ្យអ្នកមានដីពាក់ព័ន្ធនៅទីកន្លែងនោះដែលមានព្រំប្រទល់ជាប់គ្នា អាចដាក់ពាក្យតវ៉ា ប៉ុន្តែមិនមានអ្នកដាក់ពាក្យដើម្បីធ្វើការតវ៉ានោះទេ។ ការចោទប្រកាន់មកលើរូបលោកជាអាជ្ញាធរ ឃុំថាបានឃុបឃិត ដើម្បីលក់ដីនៅទីនោះ គឺជារឿងមិនត្រូវទំនង ដោយលោកបដិសេធទាំងស្រុង ព្រោះដីនោះត្រូវបានទិញលក់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ពោលគឺតាំងពីលោកមិនទាន់បានឡើងធ្វើជាមេឃុំនៅឡើយ។
លោកថ្លែងថា៖ «អ្នកអត់មានដីហ្នឹងគាត់ចេះតែដើរបង្ករឿង ចោទប្រកាន់ថា អាជ្ញាធរឃុបឃិតគ្នាអីឯណា។ អាជ្ញាធរឯណាទៅយកដីបាននោះ ទៅយកដីគេ គេកាប់ក្បាលរយះអស់ឥឡូវហើយ ព្រោះដីគេមានម្ចាស់»។
លោក ឈាង លី បញ្ជាក់ថាក្នុងចំណោមអ្នកតវ៉ាទាំងនោះមួយចំនួន តូចជាអ្នកនៅក្នុងមូលដ្ឋាន ក្រៅពីនោះ គឺជាអ្នកមកពីកន្លែងផ្សេង។ ពលរដ្ឋដែលនៅក្នុងភូមិនោះនាំគ្នាតវ៉ា ព្រោះបារម្ភខ្លាចប៉ះពាល់ទៅដល់ដីអាស្រ័យផលរបស់ពួកគាត់ដែលកំពុងកាន់កាប់។
លោកថ្លែងថា៖ «អ្នកមកតវ៉ាហ្នឹងយើងបានសួរគាត់ថា មកតវ៉ារឿងអី? យើងអញ្ជើញគាត់មកសាលាឃុំ ដើម្បីសួរនាំអំពីការតវ៉ារបស់គាត់។ គាត់ថា តវ៉ាដី ខ្លះថា គេហៅទៅចេះតែទៅៗ ហើយពេលយើងសួរថា ដីនៅកន្លែងណាអីកន្លែងណា ស្រាប់តែពួកគាត់នាំគ្នាចាកចេញអស់តែម្តង»។
លោក ម៉ៅ តារា អភិបាលរងស្រុកស្អាងថ្លែងនៅថ្ងៃទី ២៧ ខែកញ្ញា ថា លោកបានដឹកនាំក្រុមការងារចុះធ្វើការស្រាវជ្រាវទីតាំងដីរបស់ម្ចាស់សំណើដើម្បីមានមូលដ្ឋានរាយការណ៍ជូនរដ្ឋបាលខេត្ត។ ប៉ុន្តែក្នុងពេលចុះទៅធ្វើការពិនិត្យស្រាវជ្រាវ ស្រាប់តែមានប្រជាពលរដ្ឋបាននាំគ្នាមកធ្វើការហាមឃាត់ ហេតុនេះក្រុមការងារបានផ្អាកការពិនិត្យស្រាវជ្រាវតែម្តង។
លោក តារា បញ្ជាក់ថា៖ «ក្រុមការងារបានជម្រាបជូនតំណាងម្ចាស់សំណើ និងអ្នកពាក់ព័ន្ធថា មិនអាចធ្វើការវាស់វែងបានទេ ដោយមូលហេតុមានការតវ៉ាពីប្រជាពលរដ្ឋ»។
ទោះយ៉ាងណា ករណីជម្លោះដីធ្លីនេះ ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកប្រភពទាក់ទងប្រជាពលរដ្ឋដែលធ្វើការតវ៉ានោះបានទេ នៅថ្ងៃទី ២៧ ខែកញ្ញា៕