ភ្នំពេញៈ ពលរដ្ឋរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅភូមិ ១៦ និង ១៧ ស្ថិតក្នុងខណ្ឌទួលគោក ជួបមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង បន្ទាប់ពីពួកគេបង្ហាញជំហរបដិសេធក្នុងការទទួលយកដំណោះស្រាយដែលត្រូវប្តូរទីតាំងឆ្ងាយពីទីលំនៅបច្ចុប្បន្ន។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី ២៧ កញ្ញា ឆ្នាំ ២០២១ ដោយមានតំណាងពលរដ្ឋចំនួន ៣ រូបតំណាងឱ្យពលរដ្ឋរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅភូមិ ១៦ និង ១៧ ចំនួន ៣០ គ្រួសារដែលស្ថិតនៅសង្កាត់បឹងកក់ ២ និងសង្កាត់ទឹកល្អក់ ១។
អ្នកស្រី ហ៊ុយ សាធៀន ជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ជាង ៣០ ឆ្នាំដែលបានចូលជួបពិភាក្សាជាមួយមន្ត្រីសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ កញ្ញាថា ការជួបពិភាក្សានេះគឺជាសំណើរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ ដើម្បីស្នើឱ្យសាលារាជធានីជួយដោះស្រាយបញ្ហាផ្ទះសំបែងរបស់ខ្លួន ដែលនឹងត្រូវរុះរើដោយអាជ្ញាធរខណ្ឌទួលគោកបើកផ្លូវស្ថាបនាផ្លូវបេតុង និងអាងស្តុកទឹកក្នុងខណ្ឌទួលគោកនាពេលខាងមុខ។
អ្នកស្រីបន្តថា តាមគោលការណ៍នៃដំណោះស្រាយដែលបានប្រកាសកាលពីថ្ងៃទី ២០ ខែមេសា ២០២១ អាជ្ញាធរខណ្ឌទួលគោកបានឱ្យគ្រួសារដែលរងផលប៉ះពាល់ទាំងស្រុងទៅយកដីនៅ 7NG ស្ថិតខេត្តកណ្តាល និងនៅគោកខ្សាច់ក្នុងខណ្ឌកំបូលជំនួសការបាត់បង់ផ្ទះសំបែងដែលកំពុងរស់នៅបច្ចុប្បន្ន។
អ្នកស្រីបញ្ជាក់ថា៖ «ជាមួយនឹងការអភិវឌ្ឍនេះ ពួកយើងមិនជំទាស់នោះទេ ប៉ុន្តែពួកយើងស្នើសុំសំណងជាការដោះដូរពីកន្លែងដែលយើងរស់នៅនេះមករស់នៅក្នុងខណ្ឌទួលគោកដដែល ឬនៅជិតវត្តទួលអស់លោក ដែលស្ថិតនៅកន្លែងយើងចាស់»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ជុំវិញលទ្ធផលនៃកិច្ចពិភាក្សាជាមួយតំណាងពលរដ្ឋ ដោយសារតែលោកមិនលើកទូរស័ព្ទ។ ប៉ុន្តែបើតាមលោក សុខ ឃឿន តំណាងពលរដ្ឋម្នាក់ទៀតបានឱ្យដឹងថា សាលារាជធានីភ្នំពេញស្នើសុំឱ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់ ដើម្បីរង់ចាំការដោះស្រាយរបស់អាជ្ញាធរខណ្ឌ ខណៈមន្ត្រីសាលារាជធានីភ្នំពេញអះអាងថា នឹងចាត់ឱ្យអាជ្ញាធរខណ្ឌទួលគោក ចុះទៅសម្របសម្រួលក្នុងករណីនេះក្នុងពេលឆាប់ៗ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ កញ្ញា ដោយអះអាងថាក្រោយពីទទួលបានការណែនាំពីសាលារាជធានីភ្នំពេញ មន្ត្រីនឹងចុះទៅដោះស្រាយបញ្ហានេះជាមួយពលរដ្ឋក្នុងពេលខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំបានទទួលដំណឹងនេះ ប៉ុន្តែរង់ចាំការណែនាំពីខាងលើពីសាលារាជធានីភ្នំពេញ ដើម្បីយើងអនុវត្តបន្ត»។
លោក សឿន សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោតថ្លែងថា អាជ្ញាធរ គួរតែស្វែងរកដំណោះស្រាយណាមួយដែលឱ្យប្រជាពលរដ្ឋអាចទទួលយកពីគម្រោងអភិវឌ្ឍន៍នានា ហើយជាទូទៅសំណង និងដំណោះស្រាយដែលអាជ្ញាធរបានផ្តល់ឱ្យប្រជាពលរដ្ឋរងគ្រោះហាក់មិនអាចទទួលយកបាននោះទេ មូលហេតុនេះហើយទើបបណ្តាលឱ្យមានការតវ៉ា និងបង្កភាពអយុត្តិធម៌ក្នុងសង្គម ដែលធ្វើឱ្យមានការឈឺចាប់ដល់ពលរដ្ឋខ្លួន។
លោកថា៖ «នៅពេលមានការដោះស្រាយតាមយុទ្ធសាស្ត្រឈ្នះៗ នោះប្រជាពលរដ្ឋក៏គាត់សប្បាយពេញចិត្តនឹងទទួលយក ហើយបង្កើតសុខសន្តិភាពដល់ពលរដ្ឋ។ ចំពោះអាជ្ញាធរខ្លួនឯងផ្ទាល់ ក៏ទទួលបានការកោតសរសើរទៅតាមនោះក្នុងការដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន»៕
វីដេអូ៖