ភ្នំពេញៈ កម្ពុជាឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២០ ម៉ឺនដូស ដល់ប្រទេស ឡាវ ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។
ក្នុងលិខិតចុះថ្ងៃទី២៧ ខែកញ្ញា ផ្ញើទៅកាន់លោកផាន់ខំា វីផាវ៉ាន់ នាយករដ្ឋមន្ត្រីប្រទេសឡាវ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃកម្ពុជា ថ្លែងថា៖«ក្នុងស្មារតីសមគ្គីភាព និង មិត្តភាពជាប្រពៃណី រវាងប្រទេសបងប្អូនយើងទាំង២ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០០ ០០០ ដូសបន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ»។
ការផ្តល់ជូនវ៉ាក់សាំងនេះធ្វើឡើង ក្រោយពីលោកហ៊ុន សែន បានជួបដោយផ្ទាល់ជាមួយលោកថងលូន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងជំនួបកំពូល រវាងមេដឹកនាំគណបក្សកាន់អំណាច នៃប្រទេសកម្ពុជា វៀតណាមនិងឡាវ នៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា។
អំណោយនេះត្រូវបានបញ្ជូនទៅដល់ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណុងណុកខៀន ដែលស្ថិតនៅជាប់ខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តចំប៉ាសាក់ របស់ឡាវកាលពីថ្ងៃទី២៨ កញ្ញា ដោយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការបរទេស។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)៕