កោះកុងៈ ប្រជាពលរដ្ឋរស់នៅសហគមន៍ជ្រោយស្វាយស្ថិតនៅភូមិសារ៉ាយខាងជើង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្ដកោះកុង ជាង ២០០ នាក់ បានស្នើដល់អាជ្ញាធរ និងមន្ទីរបរិស្ថានខេត្ដកោះកុងអនុវត្ដច្បាប់ និងពង្រឹងការអនុវត្ដច្បាប់ចំពោះជនខិលខូចចូលទៅកាប់ទន្ទ្រានដីព្រៃលិចទឹករបស់សហគមន៍អស់ជាច្រើនហិកតា។
យោងតាមរបាយការណ៍ស្ដីពីការចុះល្បាតទប់ស្កាត់ការកាប់ទន្ទ្រានព្រៃក្នុងសហគមន៍ តំបន់ការពារធម្មជាតិរបស់សហគមន៍ជ្រោយស្វាយនៅថ្ងៃទី ២៥ កញ្ញានេះបានឱ្យដឹងថា កម្លាំងអាជ្ញាធរស្រុកស្រែអំបិល មន្ដ្រីបរិស្ថាន និងប្រជាសហគមន៍ជាង ២០០ នាក់បានចុះទប់ស្កាត់សកម្មភាពការកាប់រានទន្ទ្រានបោះបង្គោលយកដីព្រៃកោងកាងលិចទឹករបស់សហគមន៍ស្ថិតនៅចំណុចទំនប់ទឹកប្រៃ ភូមិសារ៉ាយខាងជើង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលជនល្មើសកំពុងតែធ្វើសកម្មភាព។
របាយការណ៍បានបង្ហាញថា ពេលដែលគណៈកម្មការសហគមន៍តំបន់ការពារធនធានធម្មជាតិជ្រោយស្វាយ ប្រជាពលរដ្ឋភូមិសារ៉ាយ អាជ្ញាធរភូមិសារ៉ាយ អាជ្ញាធរឃុំស្វាយ និងមន្ដ្រីបរិស្ថានមកដល់ គឺទាន់សកម្មភាពជនល្មើសកំពុងធ្វើរបង និងឆ្ការព្រៃក្នុងដែនសហគមន៍តំបន់ការពារ ធនធានធម្មជាតិជ្រោយស្វាយ។
របាយការណ៍បានបញ្ជាក់ថា៖ «មន្ដ្រីបរិស្ថានបានហៅឈ្មោះ ភៅ ផាត ភេទប្រុស មានទីលំនៅ ភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលមកសួរ និងថតរូប ហើយណែនាំឱ្យឈប់កាប់ឆ្ការព្រៃ និងបោះបង្គោលក្នុងដែនសហគមន៍បន្តទៀត»។
របាយការណ៍បានឱ្យដឹងថា ក្រោយមកប្រជាពលរដ្ឋជាង ២០០ នាក់បានទៅដកបង្គោល-របងចោល ស្រាប់តែឈ្មោះ ភៅ ផាត បានទាញកាំបិតខ្វាវ ដេញកាប់ប្រជាពលរដ្ឋ និងគណៈកម្មការ មន្ដ្រីបរិស្ថាន និងបានជេរប្រមាថថែមទៀត។ ចំណែក ឈ្មោះ ព្រំ សម្បត្ដិ ភេទស្រី ជាប្រពន្ធឈ្មោះ ភៅ ផាត បានមកឈ្លោះជាមួយមន្ដ្រីបរិស្ថាន និងអាជ្ញាធរភូមិជុំវិញការទប់ស្កាត់មិនឱ្យបន្តកាប់ព្រៃលិចទឹករបស់សហគមន៍នេះ។
តាមរយៈរបាយការណ៍សហគមន៍ថា សកម្មភាពនៃការកាប់ទន្ទ្រានព្រៃលិចទឹករបស់សហគមន៍បានកើតឡើងជាបន្តបន្ទាប់។ ប៉ុន្ដែមិនទាន់មានការអនុវត្ដច្បាប់ ឃាត់ខ្លួនជនល្មើសបានទេ។ សហគមន៍ស្នើសុំឱ្យមន្ដ្រីបរិស្ថានជួយចាត់វិធានការទៅលើឈ្មោះ ភៅ ផាត ទៅតាមនីតិវិធីច្បាប់ចំពោះបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ការពាររបស់សហគមន៍។
លោក គុណ ហុក ប្រធានសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយបានឱ្យដឹងថា ដីព្រៃកោងកាងលិចទឹកស្ថិតនៅតំបន់ការពារធនធានធម្មជាតិជ្រោយស្វាយប្រមាណ ១០០ ហិចតា គឺត្រូវបានជនខិលខូចលួចចូលកាប់ទន្ទ្រានជាបន្តបន្ទាប់ បណ្ដាលឱ្យរងការខូចខាតអស់ប្រមាណ ៩០ ភាគរយទៅហើយ។
លោកបានប្រាប់ថា៖ «ពេលចុះមកទប់ស្កាត់សកម្មភាពទន្ទ្រានដីព្រៃនេះ ប្រជាពលរដ្ឋចង់ឃើញការអនុវត្ដច្បាប់របស់មន្ដ្រីជំនាញចំពោះជនខិលខូច។ ប៉ុន្ដែនៅពេលមកដល់ មន្ដ្រីជំនាញមិនបានធ្វើការអ្វីទេ គឺទុកឱ្យគណៈកម្មការសហគមន៍យើងខ្ញុំសាកសួរហើយធ្វើរបាយការណ៍ឱ្យពួកគាត់សម្រាប់ដាក់ពាក្យបណ្ដឹងទៅតុលាការទៅវិញ»។
លោកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានចុះល្បាតការពារដីព្រៃនៅក្នុងសហគមន៍ជាប្រចាំ និងបានធ្វើរបាយការណ៍ដាក់ឱ្យទៅមន្ដ្រីជំនាញពាក់ព័ន្ធ និងមន្ទីរបរិស្ថានខេត្ដជារៀងរាល់ខែ។ ប៉ុន្ដែមិនទាន់ឃើញមានការកោះហៅជនខិលខូច កាប់ទន្ទ្រានដីព្រៃនៅក្នុងសហគមន៍ឡើយ។
លោកថា៖ «ប្រជាពលរដ្ឋគាត់ចង់ឃើញការអនុវត្ដច្បាប់ ព្រោះករណីនេះ គឺជាបទល្មើសជាក់ស្ដែង ប៉ុន្ដែបែរជាអត់ឃាត់ខ្លួនជនដែលទន្ទ្រានដីព្រៃសហគមន៍ទៅវិញ ដូច្នេះប្រជាពលរដ្ឋមិនសប្បាយចិត្ដទេ»។
បើតាមលោក ហុក បានឱ្យដឹងថា សកម្មភាពទន្ទ្រានដីរដ្ឋនេះគឺមានឈ្មួញកណ្ដាលជាអ្នកគួកជេ និងមានជនខិលខូចមួយចំនួនបានទៅបំផុសប្រជាពលរដ្ឋថា ដីនៅតំបន់សហគមន៍នេះ គឺជាដីដែលត្រូវកាត់ឆ្វៀល ដែលពលរដ្ឋអាចចូលទៅទន្ទ្រានយកបាន ទើបមានការចូលទៅកាប់ទន្ទ្រានជាបន្តបន្ទាប់បែបនេះ។
លោកថ្លែងថា៖ «ឈ្មួញដែលឱ្យពលរដ្ឋទៅកាប់ទន្ទ្រានដីរបស់រដ្ឋហ្នឹងបានឱ្យពលរដ្ឋក្នុង ១ ហិកតា ២ ពាន់ ទៅ ២ ៥០០ ដុល្លារ ក្រោយពេលពលរដ្ឋកាប់ទន្ទ្រានរួចហើយ។ អ៊ីចឹងហើយពលរដ្ឋមួយចំនួនដណ្ដើមគ្នាទៅទន្ទ្រានដីព្រៃរបស់រដ្ឋ»។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ខេត្ដកោះកុង ទូរស័ព្ទគ្មានអ្នកទទួលកាលពីម្សិលមិញ។ ប៉ុន្ដែលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលបានឱ្យដឹងថា កណីរការកាប់រានទន្ទ្រានដីព្រៃលិចទឹកនៅក្នុងសហគមន៍ជ្រោយស្វាយនេះរដ្ឋបាលស្រុកបានប្រគល់ឱ្យអាជ្ញាធរឃុំ និងមន្ដ្រីជំនាញបរិស្ថាន ពិនិត្យ ស្រាវជ្រាវរកជនបង្កដើម្បីមកអនុវត្ដតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖ «ខ្ញុំធ្វើការឱ្យជំនាញគាត់ស្រាវជ្រាវ អ៊ីចឹង ខ្ញុំត្រូវការព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃទី ២៣ កញ្ញាថា នៅពេលចុងក្រោយ ក្រោយពេលមានបទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០ ឱ្យកាត់ឆ្វៀលដីជូនដល់ពលរដ្ឋរស់នៅជាក់ស្ដែងយូរឆ្នាំគឺមានជនខិលខូចមួយចំនួនបាននិងកំពុងតែលួចក្នុងការទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់។ លោកថ្លែងថា៖ «បញ្ហានេះជាបញ្ហាមួយដែលយើងបានចងក្រងនូវឯកសារផ្សេងៗ ដើម្បីធ្វើការកំណត់នូវអត្តសញ្ញាណដែលបានទន្ទ្រានកាន់កាប់ ហើយនឹងចងក្រងឯកសារទាំងអស់នេះដើម្បីបញ្ជូនទៅកាន់តុលាការ»៕