ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់ទឹកប្រាក់ចំនួន ២ ដុល្លារ បន្ថែមលើប្រាក់ ចំនួន ១៩២ ដុល្លារសហរដ្ឋអាមេរិក ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតដោយសំឡេងភាគច្រើន ដោយឯកភាពគ្នាសម្រេចកំណត់ប្រាក់ឈ្នួលគោលក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ឆ្នាំ ២០២២ បើប្រៀបធៀបក្នុងឆ្នាំ ២០២១ នេះគឺមានចំនួន ១៩២ ដុល្លារ។
នៅថ្ងៃទី ២៨ ខែកញ្ញា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានសមាសភាពចំនួន ៥១ រូប មកពីខាងក្រសួងការងារ តំណាងនិយោជិត និងនិយោជកបានសម្រេចធ្វើការបោះឆ្នោតជ្រើសរើសតួលេខមួយក្នុងចំណោមតួលេខទាំង ៣ ដែលភាគីនីមួយៗបានកំណត់។
តួលេខទាំង ៣ ដែលភាគីនីមួយៗបានកំណត់ គឺរួមមានភាគីសហជីពស្នើតួលេខ ២០៤ ដុល្លារ ចំណែកភាគីនិយោជកមានតួលេខ ១៨៨ ដុល្លារ និងភាគីរាជរដ្ឋាភិបាលស្នើរក្សា ១៩២ ដុល្លារ ឱ្យនៅដដែល។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ក្រោយការបោះឆ្នោត ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាបានទទួលសំឡេងគាំទ្រដល់ទៅ ៤៥ សំឡេង លើតួលេខ ១៩២ ដុល្លារ ហើយ ៦ សំឡេងទៀតបានបោះឆ្នោតគាំទ្រ តួលេខ ២០៤ ដុល្លារ ខណៈតួលេខ ១៨៨ របស់និយោជកទទួលបានសូន្យសំឡេង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញនៅថ្ងៃទី ២៨ ខែកញ្ញា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមទឹកប្រាក់ចំនួន ២ ដុល្លារបន្ថែមទៀតពីលើទឹកប្រាក់ចំនួន ១៩២ ដុល្លារ ដែលបានស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់យកមកអនុវត្តនៅក្នុងឆ្នាំ ២០២២ ខាងមុខ។
ក្រសួងការងារបានថ្លែងបន្តថា៖ «ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២២ ត្រូវបានកំណត់ជាផ្លូវការនូវប្រាក់ចំនួន ១៩៤ ដុល្លារ ក្នុង ១ ខែ»។
ជាមួយគ្នានេះក្រសួងការងារក៏បានបញ្ជាក់ដែរថា ការកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតសាកល្បង គឺមានចំនួន ១៩២ ដុល្លារ ក្នុង ១ ខែ ហើយក្នុងទិន្នផលការងារទទួលបាននោះលើសពីចំនួនប្រាក់ឈ្នួលដែលបានកំណត់ គឺត្រូវធ្វើទៅតាមចំនួនលើសនោះ។ ហើយប្រសិនបើក្នុងករណីចំនួនប្រាក់ឈ្នួលកម្មករទាបជាងការកំណត់ថ្មីនេះ គឺត្រូវបន្ថែមឱ្យគ្រប់ចំនួន ១៩២ ដុល្លារ សម្រាប់កម្មករសាកល្បង និង ១៩៤ ដុល្លារក្នុង ១ ខែ សម្រាប់កម្មករពេញសិទ្ធិ។
ក្រសួងការងារក៏បានបញ្ជាក់ថា៖ «ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមកត្រូវរក្សាទុកដដែល។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ»។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានលើកឡើងថា បើទោះជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំខាងមុខនេះ មានការឡើងជាងឆ្នាំចាស់ក៏ពិតមែន ប៉ុន្តែលោកយល់ថា ការដំឡើងត្រឹមតែ ២ ដុល្លារនេះគឺមិនអាចទប់ទល់នឹងការចំណាយរបស់កម្មករក្នុងពេលបច្ចុប្បន្នបានទេ ខណៈដែលការចំណាយរបស់កម្មករមានការកើនឡើង ហើយបន្ទុកនានារបស់កម្មករក៏កើនឡើងទ្វេដងផងដែរ។
លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា៖ «បើទោះជាលទ្ធផលនេះត្រូវបានប្រកាសជាផ្លូវការ តែក្នុងនាមជាកម្មករ និងនិយោជិត ខ្ញុំក៏ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់មេត្តាពិនិត្យពិចារណាជុំវិញលទ្ធភាពជាថ្មីម្តងទៀតក្នុងការផ្តល់ជូននូវប្រាក់ឈ្នួលដល់ទៅកម្មករក្នុងកម្រិតណាមួយ ព្រោះថា ២ ដុល្លារមិនអាចឆ្លើយតបនឹងការចំណាយលើការរស់នៅបានទេ»។
ទោះជាយ៉ាងណាក៏ដោយលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា សូម្បីតែការកើនឡើង ២ ដុល្លារ សម្រាប់ឆ្នាំថ្មីនេះក៏អាចជះឥទ្ធិពលជាអវិជ្ជមានមកលើទស្សនវិស័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងជួបប្រទះ ខណៈកម្ពុជាត្រូវការការស្តារសេដ្ឋកិច្ចឡើងវិញ។
បន្ថែមពីនេះ លោកអះអាងថា៖ «យើងក៏ដឹងថា តើត្រូវការចំណាយអ្វីផ្សេងទៀត ដែលវានឹងកើនឡើងផងដែរ។ នៅឆ្នាំ ២០២២ យើងនឹងត្រូវបង់ ២% បន្ថែមទៀតនៃប្រាក់ឈ្នួលសរុបសម្រាប់ការរួមចំណែករបស់មូលនិធិសោធននិវត្តន៍ គឺចន្លោះពី ១ ទៅ ១,៤៨% នៃប្រាក់ឈ្នួលសរុបសម្រាប់បង្កើនគម្រោងថែទាំសុខភាព ដើម្បីគ្របដណ្តប់លើការព្យាបាលកូវីដ ១៩ និងវ៉ាក់សាំងសម្រាប់កម្មករ»។
លោកបន្តថា វិធានការការពារកូវីដ ១៩ និងសុវត្ថិភាពការងារ និងសុខភាពការងារសម្រាប់កម្មករទាំងនេះ គឺតម្រូវឱ្យរោងចក្រត្រូវធ្វើតេស្តជាប្រចាំដល់កម្មករនិយោជិតជារៀងរាល់ខែ ដោយប្រើតេស្តរហ័សអង់ទីហ្ស៊ែនបូករួមទាំងការផ្តល់ម៉ាស់ប្រចាំថ្ងៃ អាល់កុល ដែលធ្វើឱ្យការចំណាយកើនឡើង ហើយសរុបទៅអាចនឹងត្រូវចំណាយបន្ថែមចន្លោះពី ៣,៥ ទៅ ៤ ដុល្លារ។
ការកំណត់ប្រាក់ឈ្នួលថ្មីបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗតាមការប៉ាន់ប្រមាណរបស់ក្រសួងការងារបានបង្ហាញថា កម្មករម្នាក់យ៉ាងហោចណាស់នឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចចំនួន ២១១ ដុល្លារដល់ ២២២ ដុល្លារក្នុង ១ ខែ។
អ្នកស្រី តាំង សារួន កម្មការិនីរោងចក្រក្នុងរាជធានីភ្នំពេញហាក់មិនបានបង្ហាញការសប្បាយរីករាយប៉ុន្មាននោះទេចំពោះការកំណត់ប្រាក់ឈ្នួលថ្មីនេះ។ អ្នកស្រីបានលើកឡើងថា ការដែលប្រាក់ឈ្នួលអប្បបរមាឡើងក្នុងកម្រិតតិចបែបនេះ គឺមិនបានធ្វើឱ្យជីវភាពកម្មករល្អប្រសើរជាងមុនទេ ហើយបើប្រាក់ឈ្នួលឡើង ទំនិញលើទីផ្សារ ក៏ឡើងថ្លៃដូចគ្នា។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំ ជាអ្នកមិនសូវមានលុយ បើរដ្ឋាភិបាលប្រកាសអ៊ីចឹងហើយ ខ្ញុំក៏មិនដឹងនិយាយថាម៉េចដែរ ព្រោះជីវភាពពួកយើងក៏មិនទៅណាដែរ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ គឺវាតែងមានការផ្លាស់ប្តូរ ហើយបើសិនជាប្រាក់ខែយើងឡើង ទំនិញក៏ឡើងតាមហ្នឹងដែរអ៊ីចឹង ព្រោះមិនមានពាក្យថា ប្រាក់ខែឡើង ទំនិញចុះថោកនោះទេ»៕
វីដេអូ៖