កែបៈ រដ្ឋបាលខេត្តកែបគ្រោង ស្នើសុំកាត់ឆ្វៀលដីរបស់រដ្ឋប្រមាណ ៥ ហិកតា ធ្វើជាអនុប្រយោគជាដីឯកជនរបស់រដ្ឋឱ្យទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រាប់ធ្វើការសាងសង់ពន្ធនាគារថ្មីមួយ ដែលមានទីតាំងស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ស្របពេលលេចឡើងនូវវត្តមានសាលាដំបូងនៅខេត្តនេះ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ កញ្ញា ថា រដ្ឋបាលខេត្ត និងអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានឯកភាពកំណត់ទីតាំងរួចហើយ ដើម្បីធ្វើការសាងសង់ពន្ធនាគារថ្មីមួយ ក្រោយពីមានវត្តមានសាលាដំបូងខេត្ត និងអយ្យការសាលាដំបូងខេត្ត ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១។
លោកបញ្ជាក់ថា នៅពេលមានតុលាការ និងអយ្យការអមសាលាដំបូងខេត្តរួចហើយគឺត្រូវមានពន្ធនាគារមួយទៀត ដើម្បីបំពេញសម្បទាឱ្យគ្នាទៅវិញទៅមកក្នុងការអនុវត្តច្បាប់សម្រាប់ខេត្តកែប។ ពន្ធនាគារនេះ គ្រោងសាងសង់នៅលើផ្ទៃដីប្រមាណ ៥ ហិកតាដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីទីប្រជុំជន និងមានទីទួលខ្ពស់ដែលអាចចៀសផុតពីជំនន់ទឹកភ្លៀង និងគ្រោះហានិភ័យផ្សេងៗ។
លោកថ្លែងថា៖ «យើងបានពិនិត្យមើលទីតាំងដីរួចហើយ ដើម្បីស្នើសុំគោលការណ៍ពីរាជដ្ឋាភិបាល ព្រោះនៅក្នុងខេត្តមានតែដីសាធារណៈរបស់រដ្ឋ ដែលត្រូវការធ្វើអនុប្រយោគ កាត់ឆ្វៀល ធ្វើជាដីឯកជនរបស់រដ្ឋ។ ចំពោះការសាងសង់ជាបន្ទុករបស់អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ»។ ទោះយ៉ាងណា គម្រោងសាងសង់ពន្ធនាគារនេះ លោកមិនទាន់អាចបញ្ជាក់បានពីពេលវេលា ដែលនឹងត្រូវសាងសង់នៅពេលណានោះទេ។
តាមគម្រោងនឹងសាងសង់ពន្ធនាគារមួយនេះឱ្យមានស្តង់ដាខ្ពស់ និងធំទូលាយ ព្រោះជាបទពិសោធ ពន្ធនាគារនៅតាមរាជធានី-ខេត្តផ្សេងៗមានទីតាំងតូចចង្អៀត និងដីក៏តូច ដែលធ្វើឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា បានទំហំតូចដែលមិនទាន់ឆ្លើយតបនឹងស្តង់ដា។ នេះបើតាមលោកអភិបាលខេត្ត។
លោកបន្តថា អ្នកទោសគឺជាមនុស្ស ហើយទីតាំងនេះគឺជាកន្លែងអប់រំកែប្រែពីអាក្រក់មកល្អវិញ ដែលត្រូវតែមានកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈមានកន្លែងសិប្បកម្ម ផ្ទះមុខងាររបស់មន្ត្រីពន្ធនាគារ កន្លែងហាត់ប្រាណ និង កន្លែងដាំដុះជាដើម ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទោសទាំងអស់មានវិជ្ជាជីវៈ ពេលត្រឡប់មកសហគមន៍វិញ ពួកគាត់អាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។
លោកថ្លែងថា៖ «នៅក្នុងពន្ធនាគារមិនមែនជាឋាននរកទេ គឺជាកន្លែងដាស់សតិស្មារតីរបស់ពួកគាត់ មានគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការបណ្តុះបណ្តាលឱ្យចេះជាងឈើ តភ្លើង និងសិប្បកម្មវត្ថុអនុស្សាវរីយ៍ ដើម្បីលក់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តក្នុងតម្លៃសមរម្យ និងម្យ៉ាងទៀតឱ្យគាត់មានជំនាញ»។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សុំធ្វើអត្ថាធិប្បាយបានទេនៅថ្ងៃទី ២៨ ខែកញ្ញា។
លោក យន់ ផល្លី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ខេត្តកែប និង ខេត្តកំពត សម្តែងការស្វាគមន៍ ចំពោះវត្តមានគម្រោងសាងសង់ពន្ធនាគារនៅខេត្តកែប។ ព្រោះប្រព័ន្ធតុលាការក៏ទើបតែត្រូវបានបង្កើតដែលអាចឆ្លើយតបឱ្យគ្នាទៅវិញទៅមកបាន ជាពិសេសនោះ វានឹងធ្វើឱ្យអ្នកទោសមិនមានភាពចង្អៀត។
លោកថា កន្លងមក បទល្មើសនានាត្រូវបានបញ្ជូនទៅខេត្តកំពត និងដាក់នៅក្នុងពន្ធនាគារនៅខេត្តកំពត ដែលមានភាពចង្អៀតណែន ប៉ុន្តែនៅពេលដែលពន្ធនាគារខេត្តកែបរួចរាល់ នៅពេលណានោះ គួរតែមានការរំលែកអ្នកទោសមួយចំនួនមកដាក់ពន្ធនាគារថ្មីនេះ វានឹងចូលរួមកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារខេត្តកំពតដែរ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងគម្រោងសាងសង់ពន្ធនាគារនៅក្នុងខេត្តកែបនេះ វាជារឿងល្អបំផុត ព្រោះវាកាត់បន្ថយការបញ្ជូនអ្នកទោសទៅដាក់នៅក្នុងពន្ធនាគារខេត្តកំពត»៕