ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ណែនាំ​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស ឱ្យ​ត្រៀម​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩ ​ឱ្យ​បាន​គ្រប់គ្រាន់​ សម្រាប់​ធ្វើ​តេស្ត​ជូន​កម្មករនិយោជិត​នៅ​ទូទាំង​ប្រទេស​ ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​នៅ​សប្តាហ៍​ក្រោយ​។

លោក អ៊ិត សំហេង បាន​លើកឡើង​ថា ការធ្វើ​តេស្ត​រហ័ស​នេះ​គឺ​ដើម្បី​រក្សាបាន​នូវ​សកម្មភាព​អាជីវកម្ម ផលិតកម្ម និង​ការផ្តល់​សេវាកម្ម​ក៏ដូចជា​ចូលរួម​ចំណែក​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការរីករាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​​ជំងឺ​កូវីដ​ ១៩ ដែល​បណ្តាល​មក​​ពី​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta) ​នៅតាម​រោងចក្រ​សហគ្រាស ​ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៣ ​ថ្ងៃ​។

លោក​បាន​ថ្លែងថា​៖ «​ម្ចាស់​​ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​ត្រៀម​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ឱ្យ​​បាន​គ្រប់​ចំនួន​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩ ដល់​កម្មករនិយោជិត​របស់ខ្លួន ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​នេះ គឺជា​បន្ទុក​របស់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​»​។

រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ថែមថា កម្មករនិយោជិត​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ តាម​ការរៀបចំ​របស់​ម្ចាស់ ឬ​នាយក​រោងចក្រ​សហគ្រាស​។

លោក អ៊ិត សំហេង បាន​បញ្ជាក់ថា​៖ «​ចំពោះ​កម្មករ​និយោជិត​ណា​ដែល​មិន​ព្រម​ចូល​​ធ្វើតេស្ត​នឹងត្រូវ​ចាត់ទុកថា បាន​ល្មើស​ធ្ងន់​ចំពោះ​វិធាន​ខាង​វិន័យ​សន្តិសុខ​ និង​អនាម័យ​ដូច​មាន​​ចែង​ក្នុង​មាត្រា​ ៨៣ ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បទប្បញ្ញត្តិ​ជាធរមាន ដែល​បើក​សិទ្ធិ​ឱ្យ​និយោជក​អាច​បញ្ឈប់​កម្មករ​និយោជិត​ពី​ការងារ​បាន​»​។

ផ្ទុយ​មកវិញ ក្នុង​ករណី​និយោជក​មិនបាន​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ដល់​កម្មករ-និយោជិត ក្រោយពេល​ឈប់សម្រាក​ហើយ​នេះ កម្មករ​និយោជិត​ត្រូវ​ជូនដំណឹង​មក​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​ក្រុម​តេឡេក្រាម​ឈ្មោះ​ «​សម្រាប់​កម្មករ​និយោជិត https://t.me/KhmerWorkerChat»​។

ទន្ទឹមនឹង​នេះដែរ លោក អ៊ិត សំហេង ក៏បាន​អំពាវនាវ​ទៅដល់​កម្មករនិយោជិត​ដែល​បាន​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ ៣ការពារ និង​ ៣កុំ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់​ជាមួយនឹង​សាប៊ូ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ក្នុងពេល​ធ្វើដំណើរ​ដោយ​រថយន្ត​រួម​ និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល​ ឬ​ជែល​លាងដៃ​។

លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​​សហជីព​ជាតិ​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ការងារ​​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ​ដល់​កម្មករនិយោជិត​ពេល​វិលត្រឡប់​ពី​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំ​រួច​។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា ថា៖ «​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ​ទៅដល់​បងប្អូន​កម្មករ​ពេល​ត្រឡប់​ចូលធ្វើការ​វិញ​នេះ គឺជា​រឿង​ដែល​ត្រឹមត្រូវ​បំផុត និង​ជា​​ការការពារ​បាន​ជា​លក្ខណៈ​សហគមន៍​តែម្តង​។ ដូចនេះ​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​គឺ​ត្រូវតែ​ធ្វើតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ការងារ ចៀសវាង​ការធ្វេសប្រហែស​ណាមួយ​ដែល​អាចឈាន​ទៅដល់​ផ្ទុះ​រាលដាល​កាន់តែ​ធំ​ឡើងៗ​ទៀត​»​។

លោក ហ្វាសាលី បាន​បន្ថែមថា លោក​មាន​ការបារម្ភ​ខ្លាំង​ពេល​ឃើញ​រាជរដ្ឋាភិបាល​សម្រេច​​ឱ្យ​កម្មករនិយោជិត​ឈប់សម្រាក​ថ្ងៃបុណ្យ​ភ្ជុំ​នេះ​ដែលជា​ហានិភ័យ​ខ្ពស់​សម្រាប់​ពួកគាត់​ពេលធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ដែល​អាច​នឹង​នាំយក​វីរុស​កូវីដ​ ១៩ ​ពី​កន្លែង​របស់គាត់​ទៅ​ស្រុក​កំណើត ឬ​ពី​ស្រុកកំណើត​មក​កន្លែង​ធ្វើការ​វិញ​ដែរ​។

លោក​ថា​៖ «​ខ្ញុំ​សុំ​អំពាវនាវ​ដល់​កម្មករ​និយោជិត​ទាំងអស់ មេត្តា​ធ្វើយ៉ាងណា​ត្រូវការពារ​ដោយ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការជួបជុំ​មនុស្ស​ច្រើន ប៉ុន្តែ​ខ្ញុំ​គិតថា ការជួបជុំ​ប្រាកដជា​​មាន​ដោយសារ​បងប្អូន​យើង​មួយចំនួន​ហាក់​មិនសូវ​បារម្ភ​ និង​ប្រុងប្រយ័ត្ន​ពី​វីរុស​កូវីដ​ ១៩ ​នេះឡើយ​»​។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ឆ្នាំនេះ មាន​រយៈពេល​ ៣ ​ថ្ងៃ ដែល​នឹង​ឈាន​មកដល់​នៅ​ដើមខែ​ក្រោយនេះ គឺ​ចាប់ពី​ថ្ងៃទី ​៥, ៦ ​និង​ថ្ងៃទី​ ៧​។ ​ជាមួយ​គ្នា​នេះដែរ​ទោះបីជា​រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​បិណ្ឌ​ ៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដោយសារ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ មួយចំនួន​ក្ដី ប៉ុន្តែ​មន្ត្រីរាជការ កម្មករ កម្មការិនី​ និង​បុគ្គលិក​ក្រុមហ៊ុន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ពី​​ការងារ​ដូច​ធម្មតា​។

លោក​ ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ថា រាជរដ្ឋាភិបាល​មិន​ហាមឃាត់​ការឈប់​សម្រាក​ ៣ ​ថ្ងៃ​ របស់​មន្ត្រីរាជការ​ក៏ដូចជា​កម្មករ​កម្មការិនី​បុគ្គលិក​នៅតាម​ក្រុមហ៊ុន​ដែល​ត្រូវ​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ឈប់សម្រាក​ដោយមាន​ប្រាក់បៀវត្សរ៍​នោះទេ​។

លោក​មានប្រសាសន៍​ថា​៖ «​បងប្អូន​អាចធ្វើ​ដំណើរ​ដើរលេង​កម្សាន្ត​ទៅតាម​ទីកន្លែង​នានា​ ដោយ​មាន​វិធានការ​សុខាភិបាល​ទៅជា​មួយ​នោះ​ក៏​ជា​វិធី​មួយ​ ដើម្បី​បើកឱកាស​ឱ្យ​បងប្អូន​បាន​សម្រាក​នៅក្នុង​រយៈកាល​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​»៕

វីដេអូ៖