ភ្នំពេញៈ សាលារៀនជាង ៥០ កន្លែងនៅក្នុងខេត្តបន្ទាយមានជ័យបានបិទទ្វារសាជាថ្មីឡើងវិញ ដោយសារការជន់លិចដោយជំនន់ទឹកភ្លៀង។ យោងតាមការឱ្យដឹងពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១។
លោកបានថ្លែងថា៖ «បន្ថែមពីលើជំងឺកូវីដ ១៩ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការសិក្សារបស់សិស្សានុសិស្ស ជាពិសេសសិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដែលជាថ្នាក់ត្រៀមប្រឡងនៅពេលខាងមុខនេះ»។
បើតាមលោក ប៊ុនរឿង ដោយសារជំងឺកូវីដ ១៩ សាលារៀន និងគ្រឹះស្ថានអប់រំនៅទូទាំងប្រទេសត្រូវបានបិទទ្វារជាច្រើនខែក្នុងនោះសាលារៀន និងគ្រឹះស្ថានអប់រំចំនួន ៥១២ ទីតាំងក្នុងខេត្តបន្ទាយមានជ័យក៏បានបិទទ្វារផងដែរ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា។
លោកបានបន្តថា យោងតាមសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងពីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ សាលារៀនចំនួនជិត ៣០០ ទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានបើកទ្វារឱ្យសិស្សចូលរៀនឡើងវិញ។ ប៉ុន្តែជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្កឱ្យទឹកជន់លិចសាលារៀនចំនួន ៥៤ កន្លែង ដែលត្រូវបង្ខំឱ្យបិទទ្វារជាបណ្ដោះអាសន្នជាថ្មីម្ដងទៀត ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ ដល់សិស្ស និងលោកគ្រូ អ្នកគ្រូ។
លោកបានបញ្ជាក់ទៀតថា៖ «សាលារៀនមួយចំនួនទឹកបានលិចចូលទៅក្នុងបន្ទប់សិក្សា ដែលមិនអាចឱ្យសិស្សរៀនបាន សាលារៀនខ្លះទៀត ទឹកបានលិចនៅក្នុងទីធ្លាសាលាត្រឹមស្មងជើង។ ថ្វីបើសាលារៀនត្រូវជំនន់លិច និងបិទទា្វរសាជាថ្មីក៏ដោយ ប៉ុន្តែសិស្សអាចបន្តការសិក្សាតាមកម្មវិធីសិក្សាពីចម្ងាយ តាមរយៈប្រព័ន្ធ Online Telegram និង Zoom»។
លោក ពិន ដាវី នាយកសាលាអនុវិទ្យាល័យទានកាំដែលមានទីតាំងស្ថិតនៅភូមិទានកាំត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដើម្បីសុវត្ថិភាពដល់សិស្ស និងគ្រូបង្រៀន លោកបានសម្រេចបិទទ្វារសាលាជាបណ្ដោះអាសន្ន ព្រោះនៅពេលនេះជំនន់ទឹកភ្លៀងបានជន់លិចក្នុងទីធ្លាសាលារៀន ត្រឹមចង្កេះ និងចូលក្នុងបន្ទប់រៀន ត្រឹមស្មងជើងទៅហើយ។
លោកថ្លែងថា៖ «សម្រាប់សិស្សថ្នាក់ទី ៩ ដែលត្រូវត្រៀមប្រឡង គឺខ្ញុំបានណែនាំឱ្យលោកគ្រូ-អ្នកគ្រូរបស់ពួកគេបង្រៀន ពួកគេតាមកម្មវិធីសិក្សាពីចម្ងាយ ដែលត្រូវបានណែនាំដោយក្រសួង និងមន្ទីរអប់រំ ប៉ុន្តែខ្ញុំជឿថាសិស្សនៃគ្រួសារក្រីក្រមួយចំនួន មិនអាចរៀនសូត្រតាមកម្មវិធីនេះបានទេ»។
លោក ដាវី ថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យនៅពេលនេះ នៅតែបន្តជន់ឡើងជាបន្តបន្ទាប់ ដោយសារភ្លៀងនៅបន្តធ្លាក់ពីតិចទៅបង្គួរ នៅផ្នែកខាងលើជាប់ព្រំដែនថៃ។ ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំទានកាំក៏បាននាំគ្នាឡើងទៅរស់នៅលើទីទួលសុវត្ថិភាពផងដែរ។
ក្រុមការងារអន្តរាគមន៍សង្គ្រោះនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញនៅតែបន្តចុះពិនិត្យស្ថានការណ៍នៃទឹកជំនន់ និងបាននាំយកជំនួយសង្គ្រោះបឋមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ៧៣៦ គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ក្រោមដំបូលតង់នៃទីទួលសុវត្ថិភាព។
នៅតាមទីតាំងទួលសុវត្ថិភាពនីមួយៗ គឺមានភ្នាក់ងារសុខាភិបាលយ៉ាងតិច ២ នាក់ប្រចាំការ ដើម្បីពិគ្រោះ និងព្យាបាលជំងឺស្រាលៗមួយចំនួន ដូចជាជំងឺក្ដៅខ្លួន ផ្ដាសាយ និងក្អក និងផ្សព្វផ្សាយអប់រំណែនាំអំពីវិធានអនាម័យសុខភាព ៣កុំ ៣ការពារ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ នេះបើតាមការអះអាងរបស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។
លោកថ្លែងថា៖ «ក្រៅពីពិនិត្យសំណាករកជំងឺកូវីដ ១៩ ពីពលករដែលបញ្ជូនត្រឡប់មកពីប្រទេសថៃ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល យើងបានចល័តទៅតាមមូលដ្ឋាន ដើម្បីអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាព និងវិធីបង្ការជំងឺឆ្លងនានា ជាពិសេសក្នុងគ្រាមានគ្រោះទឹកជំនន់នេះ គឺមានបញ្ហាផ្សេងៗជាច្រើនកើតឡើងចំពោះពលរដ្ឋក្នុងតំបន់ទឹកលិច»។
លោកបានបន្តថា ដោយសារតែទឹកជន់លិចហ៊ុមព័ទ្ធលំនៅឋាន បញ្ហាប្រឈមងាយនឹងកើតមានចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលកង្វះអនាម័យ និងការប្រឈមជាមួយសត្វអាសិរ្ពិស ។
លោកថា៖ «នៅក្នុងខែកញ្ញានេះ មានករណីពស់ចិកបងប្អូនប្រជាពលរដ្ឋចំនួន ៤៦ ករណី ដែលត្រូវបាននាំមកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែករបស់យើងទាំង ៩ ក្រុង-ស្រុក»។
លោក សង្វាត ថា នៅតាមទីទួលសុវត្ថិភាពមួយចំនួននៅមិនទាន់បំពាក់បង្គន់អនាម័យគ្រប់គ្រាន់នៅឡើយទេ៕
វីដេអូ៖