ភ្នំពេញៈ អាជ្ញាធរមីនបានណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្តឱ្យដាក់ចេញវិធានការចាំបាច់ឱ្យបានទាន់ពេល ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងពេល និងក្រោយពេលមានគ្រោះទឹកជំនន់ បន្ទាប់អាជ្ញាធរប្រទះឃើញគ្រឿងផ្ទុះមួយចំនួនបានហូរតាមទឹកជំនន់។
សេចក្តីណែនាំដែលចុះហត្ថលេខាដោយទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនលោក លី ធុជ ចុះថ្ងៃទី ២៨ ខែកញ្ញាបានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមគឺកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស។
គ្រោះធម្មជាតិនេះបានធ្វើឱ្យរាជធានី-ខេត្តមួយចំនួនរងនូវទឹកជំនន់ដូចជានៅរាជធានីភ្នំពេញខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ កោះកុង និងខេត្តព្រះសីហនុជាដើម។
សេចក្តីណែនាំបានបញ្ជាក់ថា៖ «ក្នុងពេលនិងក្រោយពេលទឹកជំនន់យុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួនត្រូវបានប្រទះឃើញដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ »។
ដើម្បីបង្ការគ្រោះថ្នាក់ដោយសារគ្រឿងផ្ទុះក្នុងពេលនិងក្រោយពេលគ្រោះទឹកជំនន់ អាជ្ញាធរមីន បានណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្តអនុវត្តនូវវិធានការ ៥ចំណុច។ ក្នុងនោះរួមមានទី១- ស្ថាប័នពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភណ្ឌគ្រឿងផ្ទុះដែលអាចមកជាមួយទឹកជំនន់។
ទី២- ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះជាបន្ទាន់នៅពេលប្រទះឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះ។ ទី៣- រៀបចំខ្លឹមសារផ្សព្វផ្សាយនិងផលិតសម្ភារអប់រំស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុង និងក្រោយពេលទឹកជំនន់សម្រាប់ផ្តល់ជូនភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះបណ្តាញមីនស្ម័គ្រចិត្តសហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់។
ទី៤- ឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការប្រមូលយកទៅកម្ទេចចោលនូវយុទ្ធភណ្ឌគ្រឿងផ្ទុះដែលប្រជាពលរដ្ឋបានរាយការណ៍ និងវិធានការ ទី៥- ត្រូវដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់។
លោក សំ វិរៈ ប្រធានមជ្ឈមណ្ឌលកងឯកភាពកំចាត់មីនទី១ នៃ CMAC ប្រចាំខេត្តបន្ទាយមានជ័យដែលជាខេត្តមានទឹកជន់លិចខ្លាំងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមការងារជំនាញបានផ្សព្វផ្សាយ និងបានដាក់ស្លាកសញ្ញាគ្រោះថ្នាក់នៅតំបន់មួយចំនួនផងដែរ ក្នុងអំឡុងពេលទឹកជំនន់។
លោកថា៖ «យើងបានផ្សព្វផ្សាយរួចហើយ ដោយឡែកការអន្តរាគមន៍យើងបានត្រៀមរថយន្តចំនួន២គ្រឿង និងមនុស្ស ៧ នាក់ ដើម្បីត្រៀមនៅពេលដែលមានទឹកជន់ហើយនៅពេលដែលអាជ្ញាធរលោកនាំប្រជាជនទៅទីទួលសុវត្ថិភាព យើងក៏បានធ្វើអន្តរាគមន៍រាវរកមីននៅតំបន់នោះដែរ»។
ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យមួយរយៈនេះ ពុំមានពលរដ្ឋរងគ្រោះដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះទេ។លោកថា៖ «សម្រាប់ខេត្តបន្ទាយមានជ័យមីននៅតែមាន គ្រាន់តែថានៅពេលអត់មានទឹកជំនន់ប្រជាជននៅតាមគោលដៅរបស់គាត់ ប៉ុន្តែពេលមានទឹកជំនន់ពួកគាត់ជម្លៀសទៅកន្លែងផ្សេង អ៊ីចឹងហើយបានជាយើងព្រួយបារម្ភខ្លាំង ព្រោះតំបន់ខ្លះនៅមានមីននៅឡើយដែលយើងកំពុងបោសម្អាត ប៉ុន្តែមិនទាន់សម្អាតបានទាំងស្រុង»៕