ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨២ លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។
ជំនួយថ្មីនេះគឺជាដំណាក់កាលទី២ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជាជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំង ២។
ADB បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៩ ខែកញ្ញាថា ការធ្វើឱ្យប្រសើរថ្មីនេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយនិងអាកាសធាតុ និងជួយឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយការផ្ទុកលើសចំណុះយានយន្ត ដែលជារឿយៗធ្វើឱ្យខូចផ្លូវ និងនាំឱ្យមានការជួសជុលមុនពេលកំណត់។
លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ការដឹកជញ្ជូនតាមផ្លូវគោកគឺជាមធ្យោបាយចម្បងនៃចរាចរណ៍ទំនិញ និងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំសេវាសុខភាពក៏ដូចជាសេវាកម្មសាធារណៈដទៃទៀតក្នុងចំណោមសហគមន៍មូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ។
លោកថ្លែងថា៖ «វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ និងឱកាសសេដ្ឋកិច្ចតាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាព និងភាពធន់នឹងអាកាសធាតុដែលតភ្ជាប់កម្ពុជាជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតផែនការជាតិមួយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និរន្តរភាព និងភាពធន់នឹងអាកាសធាតុដែលអាចបំពេញតម្រូវការប្រជាពលរដ្ឋ និងកំណើនការងារអំឡុងឆ្នាំ ២០៣០។ ផ្លូវកសាងក្នុងគម្រោងថ្មីនេះត្រូវបានបញ្ចូលក្នុងបញ្ជីគម្រោងផែនការជាតិនេះ។
ដំណាក់កាលទី១ នៃគម្រោងដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ ២០១៧ គ្របដណ្តប់លើផ្លូវជាតិចំនួន ១៤៧ គីឡូម៉ែត្រក្នុងខេត្តព្រៃវែង សៀមរាប និងស្វាយរៀងតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាក្នុងដំណាក់កាលទី២ ការកែលម្អផ្លូវជាតិនឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថានរួមទាំងការការពារទំនប់ និងជម្រាល។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវខេត្តនឹងប្រើអង្គធាតុដីរាវដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីជួយពង្រីកការប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុក។
ប្រភពដដែលបញ្ជាក់ថាគម្រោងនេះក៏មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូនកែលម្អការគ្រប់គ្រងផ្លូវថ្នល់ និងអភិវឌ្ឍរបៀបថែទាំផ្លូវប្រកបដោយនិរន្តរភាពដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ដែលមានប្រសិទ្ធភាព។ វាក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ដែលមានការអនុវត្តគម្រោងនេះ។
គម្រោងផ្លូវនេះអនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ដែលមានគោលបំណងជួយប្រទេសក្នុងការកែលម្អការប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោងនេះក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវ និងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជាផងដែរ។
បើតាម ADB សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧,៨ ភាគរយក្នុង ១ ឆ្នាំជាមធ្យមចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០១៩ ប៉ុន្តែបានធ្លាក់ចុះ ៣,១ ភាគរយនៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ ១៩។ វិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជាប្រឈមនឹងបញ្ហាដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវខេត្តភាគច្រើនរបស់កម្ពុជាមិនទាន់ឈូសឆាយហើយសមត្ថភាពផ្លូវជាតិមានកំណត់។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមិនអាចទាក់ទង ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃទី ២៩ ខែកញ្ញា៕