ភ្នំពេញៈ អ្នកជំនាញក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរខេត្តព្រៃវែង កំពុងសិក្សាបច្ចេកទេសក្នុងការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងប្រវត្តិសាស្ត្រវប្បធម៌ នៅតំបន់ភ្នំឈើកាច់បាភ្នំ ក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី ៣០ ខែកញ្ញាថា អ្នកជំនាញក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងអាជ្ញាធរខេត្តព្រៃវែង បាននិងកំពុងសិក្សាបច្ចេកទេសពិនិត្យទៅលើការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងប្រវត្តិសាស្ត្រវប្បធម៌ នៅតំបន់ភ្នំឈើកាច់បាភ្នំ នៅក្នុងខេត្តព្រៃវែង។
លោកថ្លែងថា៖ «ក្រសួងបរិស្ថានយើងចាំបាច់ត្រូវបង្កើតតំបន់ការពារធម្មជាតិ ដើម្បីយើងអភិរក្សតំបន់ហ្នឹងផង ធនធានធម្មជាតិនៅទីហ្នឹងផង និងវប្បធម៌ប្រវត្តិសាស្ត្រនៅហ្នឹងផង»។
នៅថ្ងៃនោះដែរ លោក ឈៀង សុវណ្ណរ៉ា នាយករដ្ឋបាលខេត្តព្រៃវែងបានឱ្យដឹងថា ការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងប្រវត្តិសាស្ត្រវប្បធម៌តំបន់ភ្នំឈើកាច់បាភ្នំនេះ កំពុងស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។
លោកថ្លែងថា៖ «មិនទាន់មានលទ្ធផលអីទេ ដោយសារនៅលើបាភ្នំហ្នឹងសុទ្ធតែកន្លែងទ័ព កន្លែងទាហាន គេនៅឈរជើងការពារទឹកដី។ អ៊ីចឹងឥឡូវ គឺយើងកំពុងធ្វើការសិក្សាស្រាវជ្រាវ»។
លោក ទេព ភារុណ អភិបាលស្រុកបាភ្នំថ្លែងនៅថ្ងៃទី ៣០ ខែកញ្ញាថា ចំពោះការសិក្សាបច្ចេកទេសក្នុងការបង្កើតតំបន់នេះ ក្រុមការងារធ្លាប់បានធ្វើការប្រជុំ២លើកមកហើយ។ កិច្ចប្រជុំចុងក្រោយដែលធ្វើឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា គឺដើម្បីពិនិត្យមើលការពាក់ព័ន្ធទាំងអស់ ព្រោះតាមការផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន គឺត្រូវរៀបចំជាតំបន់ការពារធម្មជាតិ។
លោកថ្លែងថា៖ «ការសិក្សានោះ គឺដើម្បីដឹងថា តើវាមានបញ្ហាប្រឈមអ្វីខ្លះ និងចំណុចសំខាន់អីខ្លះដែលត្រូវធ្វើជាទល្ហីកណ៍ ដើម្បីធ្វើការរៀបជូនទៅថ្នាក់ដឹកនាំក្រសួងដើម្បីសម្រេច»។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា នេះជាការងារបច្ចេកទេសធម្មតា ដែលកិច្ចការងារបែបនេះក៏ធ្លាប់ធ្វើកន្លែងផ្សេងៗផងដែរ។ នេះជាការសហការគ្នាដើម្បីងាយស្រួលកុំឱ្យមានការប៉ះពាល់ផ្នែកវប្បធម៌។ ក្នុងន័យនេះលោកបញ្ជាក់ថា ពេលក្រសួងបរិស្ថានធ្វើការរៀបចំកំណត់តំបន់ធម្មជាតិណាមួយ ដោយខ្លាចប៉ះពាល់ស្ថានីយបុរាណវិទ្យា ក៏ហៅក្រសួងវប្បធ៌ទៅដើម្បីសហការគ្នារៀបចំតំបន់មួយដែលមានគ្រប់ជំនាញ។
លោកថ្លែងថា៖ «កាលណា[ប៉ះ]អីវប្បធម៌យើង យើងចុះបញ្ជី ចុះតាមហ្នឹងទៅ ឬមួយកន្លែងហ្នឹងឧបមាថា ខាងដែនដី គេកំណត់តំបន់ហ្នឹងប៉ុន្មានហិកតា ដីជាតំបន់ការពារធម្មជាតិ ក្នុងហ្នឹងវាមានស្ថាននីយបុរាណវិទ្យាប៉ុន្មាន អីប៉ុន្មានអ៊ីចឹងទៅ។ ខាងក្រសួងវប្បធម៌មានបញ្ជីសារពើភណ្ឌ យើងសហការគ្នាតាមជាក់ស្តែងអ៊ីចឹងទៅ»៕