ភ្នំពេញៈ កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា​នៅតា​ម​វិស័យ​ពាក់ព័​ន្ធសំ​ខាន់ៗ​មួយចំ​នួន ដូចជា​ការ​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ធានា​នូវ​ការគ្រប់​គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្ត​រភាព​ ដើ​ម្បី​ចូល​រួមចំ​ណែក​កាត់ប​ន្ថយ​ការប​ញ្ចេញ​ឧស្ម័ន​ក្នុង​ពិភពលោ​ក និង​កាត់ប​ន្ថយ​ការប្រែប្រួល​អាកាស​ធាតុ​។

កា​រដាក់​ចេញ​ផែនការ​សកម្មភាព​នេះ​ត្រូវបាន​លើកឡើង​ក្នុង​​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​​ក្រុម​ការងារ​បច្ចេក​ទេស​ប្រែប្រួល​​អាកាស​ធាតុ​ ដើម្បី​ពិនិត្យនិង​ពិភាក្សា​អំពី​យុទ្ធសា​ស្ត្រ​អភិវ​ឌ្ឍន៍​រយៈពេ​ល​វែង​ប្រកបដោយ​អព្យា​ក្រឹត​កាបូន​ កាលពី​​ថ្ងៃទី ២៩ ខែកញ្ញា​ តាមរយៈ​វីដេអូ​ពី​ចម្ងាយ ដែលមាន​ការ​ចូលរួម​ពី​​ទីប្រឹក្សា​ជាតិ និង​អន្តរ​ជាតិ​ដែល​ទទួលបន្ទុ​ក​លើ​វិស័យនី​មួយៗ​ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ តំណាង​ទូត ​ដៃគូ​អភិវឌ្ឍន៍ ​សង្គម​ស៊ី​វិល វិស័យ​ឯកជន ស្ថាប័ន​សិក្សា និង​អ្នកពាក់​ព័ន្ធផ្សេ​ងៗចំនួ​ន ១០៥ ​រូប។

លោក​ វ៉ាន់ មុនីនាថ អគ្គ​លេខាធិ​ការ​នៃ​អគ្គលេ​ខាធិកា​រដ្ឋាន​ក្រុមប្រឹ​ក្សា​ជាតិ​អភិ​វឌ្ឍន៍​ដោយ​ចីរភាព បានលើ​ក​ឡើង​ក្នុង​កិច្ចប្រជុំ​ថា សកម្ម​ភាព​ប្រែប្រួល​អាកាស​ធាតុ​ គឺជា​ការងារ​មួយ​ដែល​ត្រូវការ​ផែនការ​រយៈពេល​វែង ​គោលដៅ​ច្បាស់​លាស់ និង​ប្រកប​ដោយ​មហិច្ឆតា។

លោក​បន្ត​ថា៖ «ហេតុ​នេះហើយ​ការរៀបចំ​​បង្កើត​​យុទ្ធសាស្ត្រ​អភិវ​ឌ្ឍន៍​រយៈពេល​វែង​ដែល​បញ្ចេញ​ឧស្ម័ន​តិច នឹង​ក្លាយ​ជា​ជោគ​ជ័យ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ឈាន​ដល់​អព្យាក្រឹត​ភាព​កាបូន​ក្នុង​រយៈ​ពេល ​២-៣ ទសវត្សរ៍​ខាង​មុខ​នេះ ក្នុង​គោលដៅ​​សម្រេចបា​ន​នូវ​កំណើនសេ​ដ្ឋកិច្ច​ខ្ពស់ សង្គម និង​បរិស្ថា​ន»។

លោក​បាន​បន្តថា​ ប្រទេស​កម្ពុជា ​បន្ត​រង​ផលប៉ះ​ពាល់​យ៉ាងធ្ង​ន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ដូចជា របប​ទឹកភ្លៀ​ង​ដែល​មិនអាច​ទាយ​ទុកជាមុន​បាននិង​គ្រោះរាំងស្ងួត​ញឹក​ញាប់ ដែ​ល​ផ្តល់​ផល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម ជលផ​ល ហេដ្ឋារ​ចនាស​ម្ព័ន្ធ ធ​នធាន​ធម្មជាតិ និង​បរិ​ស្ថាន ហើយ​ជំងឺ​កូ​វីដ ១៩ បង្ក​ផលវិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ ជាពិសេស​ប្រជាព​លរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​។

លោក​បា​នបញ្ជាក់​ថា ការរួម​បញ្ចូល​គ្នា​នៃ​រោគរាត​ត្បាត និង​ព្រឹត្តិ​ការណ៍​អាកាសធាតុ​​ធ្ងន់ធ្ងរ​នេះ បង្ហាញ​យើង​ថា ប្រទេស​កម្ពុជា ​ត្រូវ​រៀបចំ​​ផែនការ​មាគ៌ា​អភិវឌ្ឍន៍​ដែលមាន​ភាព​ធន់​នឹង​កាត់បន្ថយ​ផលប៉ះពាល់​ពី​បញ្ហា​ទាំងនេះ។

លោក​ថា៖ «ថ្វីដ្បិត​តែ​ប្រទេស​កម្ពុជា​រួមចំណែក​តិចតួច​ក្នុងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក៏ដោ​យ ក៏​យើង​ចង់​ដឹកនាំ​ជា​គំរូ និង​ចូលរួ​មចំ​ណែក​ ដើម្បី​កាត់ប​ន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ក្នុង​ពិភព​លោក និង​កាត់ប​ន្ថយ​ការប្រែ​ប្រួល​អាកា​សធាតុ​ស្របតាម​ធន​ធាន និង​សមត្ថភា​ព​របស់​យើង»។​

លោក មុនី​នាថ បានឱ្យដឹង​ទៀតថា​ តាមរ​យៈ​មហិច្ឆតា​​ទាំងនេះ​ប្រទេស​កម្ពុជា បាន​រៀបចំ និង​ដាក់​ជូន​របាយ​ការណ៍​ប​ច្ចុ​ប្បន្ន​ភាព (Updated NDC) ទៅ​លេខាធិកា​រដ្ឋាន​នៃ​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហប្រជា​ជាតិ​​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ​UNFCCC នៅ​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០​។ បន្ថែម​ពីនេះ កម្ពុជា​បាននិ​ង​កំពុង​រៀបចំ និង​ប្រមូល​ធាតុ​ចូល​បន្ថែម​លើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹ​ត​កាបូន ដើម្បី​ដាក់ជូន​លេខាធិ​ការដ្ឋាន (UNFCCC) មុន​កិច្ចប្រជុំ COP26 ​ដែល​គ្រោង​រៀបចំ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ខាង​មុខនេះ។

លោក​បន្តថា៖ «ដើម្បី​សម្រេច​បាន​គោលដៅ​នេះ យើង​នឹង​ត្រូវការ​វិស័យ​ព្រៃឈើ និ​ង​ការប្រើ​ប្រាស់​ដី ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ផ្តល់នូវ​អាង​ស្រូប កាបូន​ជាមួយនឹង​ការផ្តល់​អាទិភាព​លើ​ការបញ្ឈប់​ការកា​ប់បំផ្លាញ​ព្រៃឈើ និង​ធានា​នូវ​ការគ្រ​ប់គ្រង​ព្រៃ​ឈើ​ប្រកប​ដោយ​និរន្តរភាព»។

បើតាម​លោក ​មុនីនាថ នៅមាន​វិស័យ​ដ៏សំខាន់ៗជាច្រើន​ទៀត ដែល​អាច​រួមចំណែក ក្នុងការ​កាត់ប​ន្ថយ​ប្រែប្រួល​អាកាសធាតុ​ដូចជា​វិស័យ​ថាមពល វិស័យ​កសិកម្ម និង​វិស័យ​សំណល់​ជាដើម។

លោក​ថា៖ «យើង​ត្រូវការ​រថយន្ត​អគ្គិសនី និង​ការដឹ​កជញ្ជូន​សាធារ​ណៈ​បន្ថែមទៀត​នៅក្នុង​ទីក្រុង»។ ចំណែក​នៅក្នុង​វិស័យ​កសិកម្ម យើង​ត្រូវ​បង្កើន​ផលិតភាព​នៃ​វិស័យ​កសិកម្ម ដើម្បី​ធានា​បាន​នូវ​ការកាត់​បន្ថយ​ការកាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ឆ្ពោះទៅរក​ការអនុវត្ត​ការដាំដុះ​ដែល​បញ្ចេញ​ឧស្ម័ន​មេតាន​តិច។ រីឯ​នៅក្នុង​វិស័យ​សំណល់ គន្លឹះ​សំខាន់​គឺ​កាត់​បន្ថយ​ការបង្កើត​សំណល់​ ពង្រីក​ការប្រមូល​សំណល់​ដោយ​ការធ្វើ​ប្រព្រឹត្តិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សំណល់​សរីរាង្គ និង​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ឱ្យបាន​ល្អ​ដោយ​ការ​ស្រូវ​យក​ឧស្ម័ន​ពី​ទីលាន​ចាក់សំ​រាម។

លោកបាន​សង្ក​ត់ធ្ងន់ថា កិច្ចប្រជុំ​ថ្ងៃនេះ នឹង​ពិនិត្យមើល​សកម្មភាព សេណា​រី​យ៉ូផ្សេងៗ និង​ធាតុ​ចូល​នានា ពី​អ្នកជំនាញ ទីប្រឹក្សា​ជាតិ អន្ត​រជាតិ និង​ជាពិសេស​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ ស្របតាម​បរិបទ​នៃ​ប្រទេស​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដោយ​កាត់បន្ថយ​ការប​ញ្ចេញ​ឧស្ម័ន ដើម្បី​ទទួលបាន​នូវ​អព្យាក្រឹត​កាបូន។

គួរបញ្ជាក់​ផងដែរ​ថា កម្ពុជា ជា​ប្រទេសមួ​យ​ក្នុងចំណោម​ប្រទេស​ចំនួន ៧០ ដែល​បានដាក់​របាយ​ការណ៍​នេះ​ទាន់ពេលវេលា និង​ទទួល​បាន​នូវ​ការកោ​តសរសើរ​ខ្ពស់​អំពី​ខ្លឹមសារ​នៃ​របាយ​ការណ៍ ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរ​ដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​ជាមួយ​ពិភព​លោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​​ការប្រែប្រួល​អាកាស​ធាតុ​ដែលជា​បញ្ហា​សកល៕