ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ចូនបានឱ្យដឹងថា ការលក់ស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តសរុបបានជាង ១៨ ម៉ឺនស្លាកលេខដោយក្នុងនោះទទួលបានថវិកាសរុបជាង ៦១ លានដុល្លារក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ ដែលការលក់ស្លាកលេខនេះមានការថយចុះប្រមាណ ៤,៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការប្រកាសយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឈ្មោះថា «MPWT LIVE SHOW» នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ដែលផ្តល់ឱកាសឱ្យសាធារណជនអាចសួរសំណួរដោយផ្ទាល់តាមរយៈការធ្វើអត្ថាធិប្បាយ។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងការលក់ស្លាកលេខពិសេស ដែលវាគ្មិនកិត្តិយសបានលើកឡើងថា ចាប់តាំងពីក្រសួងអនុញ្ញាតឱ្យប្រើប្រាស់លេខពិសេស កាលពីឆ្នាំ ២០១៧ មកស្លាកលេខពិសេសដែលលក់បានគឺមានចំនួន ១៧៩ ០៣៤ ស្លាកលេខ ដោយទទួលបានចំណូលប្រមាណ ៤៦ ៥៧៨ ១៥៨ ដុល្លារ។
លោកស្រីបន្តថា ចំពោះស្លាកលេខពិសេសផ្ទាល់ខ្លួន ដែលក្រសួងបានប្រកាសឱ្យប្រើប្រាស់ចាប់តាំងពីដើមឆ្នាំ ២០២០ គឺលក់បានចំនួន ៧ ៥៧៨ ស្លាកលេខដោយទទួលបានចំណូលប្រមាណ ១៤ ៩៧៨ ១៥១ ដុល្លារអាមេរិក។
យ៉ាងណាលោកស្រី កុយ សុដានី បញ្ជាក់ថា៖ «ការលក់ស្លាកលេខពិសេសនេះដែរ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ ២០២១ នេះមានការធ្លាក់ចុះប្រមាណ ៤,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដោយសារតែមានបញ្ហាការផ្ទុះឡើងនៃជំងឺកូវីដ ១៩»។
លោកស្រីថា រយៈពេល ៩ ខែ ឆ្នាំ ២០២១ លក់បាន ៤៩ ០០០ លានរៀល ឬស្មើ ប្រមាណ ជាង ១២ លានដុល្លារ ចំណែកឆ្នាំ ២០២០ លក់បានប្រមាណ ៥២ ០០០ លានរៀល ឬស្មើប្រមាណ ១៣ លានដុល្លារ។
យ៉ាងណាលោកស្រីរំពឹងថា ក្រោយវិបត្តិកូវីដ ១៩ បានធូរស្រាល ការដាក់លក់ស្លាកលេខពិសេស និងស្លាកលេខពិសេសផ្ទាល់នឹងវិលមកស្ថានភាពល្អប្រសើរវិញ ខណៈថវិកាដែលបានមកពីការដាក់លក់ស្លាកលេខទាំងនេះ នឹងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។
សូមជម្រាបថា ស្លាកលេខពិសេសផ្ទាល់ខ្លួនត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចន្លោះពី ១ ដល់ ៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ស្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ ហើយអតិថិជនអាចជ្រើសរើសស្លាកទាំងនោះតាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។
លោកស្រី កុយ សុដានី បានអះអាងថា ស្លាកលេខនេះមានតម្លៃចាប់ពី ២ លានរៀលឡើងទៅរហូតដល់ ១ ០០០ លានរៀល ហើយសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ ប៉ុន្តែម្ចាស់ស្លាកលេខពិសេសផ្ទាល់ខ្លួន គឺអាចរក្សាទុកពេញ ១ ជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ស្លាកលេខ ពេលលក់រថយន្តជាមួយគ្នាក៏បាន។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ជារួមការប្រើប្រាស់នូវស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួននេះ គឺមិនមានផលអវិជ្ជមានណាមួយនោះទេ ព្រោះវាក៏បានចូលរួមបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា។
បន្ថែមពីនេះ លោកយល់ថា ការប្រើប្រាស់នូវស្លាកលេខទាំងនេះក៏បានចូលរួមផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ ដែលមានសិទ្ធិជ្រើសរើសទៅតាមលទ្ធភាពរបស់ពួកគេ ហើយវាក៏បង្កើតនូវចំណូលសម្រាប់រដ្ឋាភិបាល ដែលកន្លងមកក្រសួងបានប្រកាសពីការទទួលបានចំណូលច្រើនពីការលក់ស្លាកលេខនេះ។
លោកបានថ្លែងថា៖ «បើមើលមួយជ្រុងទៀត សម្រាប់ប្រទេសកម្ពុជាយើង ខ្ញុំគិតថា យើងនៅតែប្រឈមអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ តែវាមិនពាក់ព័ន្ធអ្វីនឹងរឿងស្លាកលេខទេ ប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងឥរិយាបថរបស់អ្នកប្រើប្រាស់រថយន្តនេះ»។
លោកសុំស្នើឱ្យក្រសួងពិនិត្យមើលលទ្ធភាពលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដូចជាការគូសគំនូសនៃស្លាកសញ្ញាចរាចរណ៍ និងរៀបចំប្រព័ន្ធផ្លូវថ្នល់ឱ្យល្អជាងនេះ ព្រោះបើក្នុងករណីកម្ពុជាមានស្លាកលេខល្អហើយ ស្របជាមួយនឹងផ្លូវថ្នល់ល្អទៀត ក៏នឹងចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផងដែរ៕