អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ស្នើឱ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។
ការស្នើ និងជំរុញនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ រយៈពេល ០៩ ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២១។
ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានស្នាដៃ និងសមិទ្ធផលការងារជាច្រើនក្នុងរយៈពេល ០៩ ខែ ដើមឆ្នាំ ២០២១ នេះ។ សមិទ្ធផលជាអាទិ៍ ការពារបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ការជួយឧបត្ថម្ភគាំទ្រដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងប្រតិបត្តិការចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយទឹកជំនន់ជាដើម។
លោកក៏បានដាក់ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២១ ដោយបានស្នើឱ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក៏ដូចជាការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។
ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំឭកដល់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងអង្គភាព ជាពិសេសការប្រុងប្រយ័ត្នចំពោះហានិភ័យក្នុងឱកាសនៃការជួបជុំផ្សេងៗក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺកូវីដ ១៩ ក្នុងពេល ០២ ឆ្នាំចុងក្រោយនេះ កងទ័ពជើងគោក ក៏បាននិងកំពុងមមាញឹកសស្រាក់សស្រាំចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងគ្រប់កិច្ចការទាំងអស់ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតជាសាកលនេះ តាមរយៈសកម្មភាពជាច្រើន ដូចជាការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ ការចូលរួមអនុវត្តវិធានការបិទខ្ទប់ ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ ការជួយដឹកជញ្ជូនប្រជាពលករត្រលប់មកពីប្រទេសថៃ និងការចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេស ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ៕