ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) អាចសម្រាកព្យាបាលនៅតាមផ្ទះ អាចព្យាបាលនៅតាមគ្លីនិកឯកជនស្របច្បាប់ និងអនុញ្ញាតឱ្យដាក់ព្យាបាលជាមួយអ្នកជំងឺកូវីដប្រភេទ អាល់ហ្វា ដោយពុំចាំបាច់ធ្វើការញែកអ្នកជំងឺពីគ្នាឡើយ។

សេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ចុះថ្ងៃទី ៥ ខែតុលានេះ ដែលបានជម្រាបជូនប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី ខេត្ត បានឱ្យដឹងថា យោងការសិក្សាវាយតម្លៃលើលទ្ធផលតេស្ត PCR នៃអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ដែលទទួលបានពីមណ្ឌលព្យាបាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ចំនួន៥ នៅរាជធានីភ្នំពេញ ព្រមទាំងស្ថានភាពវិវត្តន៍បច្ចុប្បន្ននៃជំងឺកូវីដ១៩ នៅកម្ពុជា និងការរស់នៅក្នុងបរិបទថ្មី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមធ្វើការណែនាំវិធានការមួយចំនួន។

វិធានការណែនាំទាំងនោះរួមមាន ១ ការព្យាបាល និងការធ្វើចត្តាឡីស័កក្រោយពេលព្យាបាលចំពោះអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ត្រូវធ្វើដូចគ្នាទៅនឹងសេចក្តីកែសម្រួលលក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅផ្ទះ លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និង លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតមធ្យម និងធ្ងន់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ សម្រាប់អ្នកជំងឺកូវីដ១៩ប្រភេទអាល់ហ្វា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

២ អនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ជាមួយគ្នានឹងអ្នកជំងឺកូវីដ១៩ ប្រភេទអាល់ហ្វា ដោយពុំចាំបាច់ធ្វើការញែកពីគ្នាឡើយ។ ៣ អនុញ្ញាតឱ្យវិស័យសុខាភិបាលឯកជនស្របច្បាប់ទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា។ ៤ អនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ធ្វើការសម្រាកព្យាបាលនៅផ្ទះ ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន និងពង្រឹងនូវការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ឱ្យបានហ្មត់ចត់។

ក្រសួងសុខាភិបាលបន្តថា ចំណុចទី ៦ ចំពោះអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ លើសពីរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែង ត្រូវធ្វើតេស្ត PCR និងទទួលបានលទ្ធផលតេស្តអវិជ្ជមាន ទើបអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល៕

វីដេអូ៖