ភ្នំពេញ: លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្ពោះទៅកាន់លម្ហសាយប័រ (Cyber) មួយដែលមានសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន។
លោកថ្លែងដូច្នេះក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៦ ស្ដីពីសន្តិសុខសាយប័រ និងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី ២០២១ កាលពីថ្ងៃទី ៦ ខែតុលា ដែលរៀបចំដោយប្រទេសសិង្ហបុរីតាមប្រព័ន្ធវីដេអូ។
សន្និសីទនេះរៀបចំឡើងក្រោមប្រធានបទ “រៀនរស់ជាមួយកូវីដ ១៩ ” និងមានគោលដៅផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក្នុងការកសាងប្រព័ន្ធអ៊ីនធឺណិតដែលមានសុវត្ថិភាព និងភាពធន់ជាងមុន។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ ២០២១-២០៣៥ ដែលមានទស្សនវិស័យក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដោយបានរួមបញ្ចូលការបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថលក្នុងគោលបំណងការពារអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ទប់ទល់ និងឆ្លើយតបទៅនឹងហានិភ័យ ការគំរាមកំហែង និងការវាយប្រហារ ក៏ដូចជាការគ្រប់គ្រងឱ្យបានសន្តិសុខសង្គមជាតិ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៦ ខែតុលា ថា លោក ជា វ៉ាន់ដេត បានស្នើនូវកិច្ចសហប្រតិបត្តិការពីរដ្ឋមន្ត្រីអាស៊ានក្នុងការពង្រឹងសមត្ថភាពសន្តិសុខសាយប័រដោយផ្តោតទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា "ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការការធ្វើសុខដុមនីយកម្មនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងការការពារទិន្នន័យឌីជីថលឱ្យមានសុវត្ថិភាព និងធានាបាននូវប្រសិទ្ធភាពក្នុងការចែករំលែកក្នុងការងារប្រចាំថ្ងៃ"។
ប្រភពដដែលបញ្ជាក់ថា លោករដ្ឋមន្ត្រីរូបនេះបានជំរុញនូវការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានការគំរាមកំហែងសន្តិសុខសាយប័រ៕