ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី៧ ខែតុលានេះ បន្តបញ្ជាក់អំពីបច្ចុប្បន្នភាពស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ឆ្លើយតបទៅនឹងការការរិះគន់ និងរបាយការណ៍ចោទប្រកាន់របស់ក្រុម និងអង្គការស្ថាប័នមួយចំនួននាពេលកន្លងមកដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល ក្នុងនោះរួមមានកិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ, វឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសិទ្ធិសេរីភាព និងការអនុវត្តច្បាប់ ជាដើម សរុបមាន ៣០ ចំណុចសំខាន់ៗ។
យោងតាមសេចក្តីជូនព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអំពីបច្ចុប្បន្នភាពស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជានេះបានបញ្ជាក់លើ កិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ គឺទី១ កម្ពុជាមានឆន្ទៈខ្ពស់ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដែលបានស្ដែងចេញយ៉ាងច្បាស់តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ ដែលធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសមួយលេចធ្លោនិងឈានមុខគេក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញ សិទ្ធិមនុស្សអន្តរជាតិ។
ទី២ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាមួយ នឹងស្ថាប័នសន្ធិសញ្ញាផ្សេងៗទៀត។ ឧទាហរណ៍ ចាប់តាំងពីឆ្នាំ ១៩៩៣ កម្ពុជា ជាប្រទេសតែមួយគត់ក្នុង តំបន់អាស៊ានដែលបានស្វាគមន៍ ទាំងវត្តមានអ្នករាយការណ៍ពិសេស ព្រមទាំងការិយាល័យឧត្តមស្នងការទទួល បន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយដែលអាណត្តិអ្នករាយការណ៍ពិសេស និងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអនុញ្ញាតឱ្យបន្តជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះ កម្ពុជា ក៏មិនដែលបានបដិសេធចំពោះសំណើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសណាមួយឡើយ។
ចំណែក វឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា សិទ្ធិមនុស្សក្នុងស្ថានភាពកូវីដ១៩ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងយន្តការនានា រួមទាំងការផ្តល់នូវលំហូរសាច់ប្រាក់ និងជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋនិងគ្រួសារ ដែលរងផលប៉ះពាល់ពីកូវីដ១៩ ក្នុងគោលដៅការពារនូវជីវិតរបស់ពលរដ្ឋ សុខភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ។
សិទ្ធិសេរីភាព និងការអនុវត្តច្បាប់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា វិធានការឆ្លើយតបនឹងកូវីដ១៩ រដ្ឋាភិបាលបានដាក់ចេញវិធានការចាំបាច់នានា រួមមានវិធានការ សង្គមកិច្ច សេដ្ឋកិច្ច សុខាភិបាល រដ្ឋបាល និងច្បាប់ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ផង ការពារអាយុជីវិតរបស់ពលរដ្ឋផង និងទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋផងដែរ ដែលជាការធានា និងគាំពារដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងស្ថានភាពកូវីដ១៩ ជាពិសេស សិទ្ធិរស់រានមានជីវិត សិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិទទួលបាននូវសេវាសុខភាពនិងសុខាភិបាលជាដើម។ល។ ការដាក់ចេញវិធានការរដ្ឋបាល និង វិធានច្បាប់របស់រដ្ឋាភិបាល មិនមែនដើម្បីរឹតត្បិតសិទ្ធិសេរីភាពនិងដាក់ទោសទណ្ឌពលរដ្ឋខ្លួនឯងនោះទេ តែវាជាការចាំបាច់ក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ សណ្ដាប់ធ្នាប់សាធារណៈ និង សុខភាពសាធារណៈរបស់ពលរដ្ឋ ផ្អែកលើគោលការណ៍និត្យនុកូល និងសមាមាត្រ ហើយវិធានការនេះ មិនមែន ធ្វើឡើងជាអចិន្ត្រៃយ៍នោះទេ រួមទាំងវ៉ាក់សាំងកាតព្វកិច្ចនិងការបង្ហាញអត្តសញ្ញាណនៃអ្នកឆ្លងកូវីដ១៩ ផងដែរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ជាក់ស្តែង ក្នុងភាពម្ចាស់ការ និងត្រៀមលក្ខណៈទុកជាមុន កម្ពុជាបានរៀបចំកែសម្រួល និងបង្កើត បទប្បញ្ញត្តិថ្មីៗ សំដៅទៅប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយក្នុងនោះគឺមានច្បាប់គោលជាមូលដ្ឋាន មួយ ហៅថា «ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
របាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចោទប្រកាន់ លើវិធានការច្បាប់កូវីដ១៩ របស់រដ្ឋាភិបាល ថាបានឃាត់ខ្លួនមនុស្សយ៉ាងតិច ៧២៩ នាក់ ចាប់ពីខែមេសា ឆ្នាំ២០២១ មកនោះ គឺមិនត្រឹមត្រូវទេនិងនាំឱ្យបានការភ័ន្តច្រឡំ។ តាមពិតទៅ បើផ្អែកតាមរបាយការណ៍របស់អនុគណៈកម្មការអនុវត្តច្បាប់ប្រយុទ្ធនឹងកូវីដ១៩ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ភាគច្រើននៃអ្នកដែលបំពានច្បាប់កូវីដ១៩ គឺត្រូវបានពិន័យអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ចំណែកឯសំណុំរឿងដែលត្រូវបញ្ជូនទៅតុលាការ គឺមានតែ ៤៤ករណី តែប៉ុណ្ណោះ ជាមួយ មនុស្សចំនួន ១១៥ នាក់ ហើយដែលក្នុងនោះ ៣០ នាក់ត្រូវបានឃុំខ្លួនដោយសារតែបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ និង ៨៥ នាក់ត្រូវបានដោះលែង។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ ករណីសំណុំរឿង លោក កឹម សុខា ថា លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា តាមរបៀបបដិវត្តន៍ពណ៌ ដោយយកគំរូតាមការធ្វើបដិវត្តន៍ពណ៌ ដែលអនុវត្តនៅប្រទេស យូហ្គោស្លាវី និង ស៊ែរប៊ី។ អាជ្ញាធរបានចាប់ខ្លួនលោក កឹម សុខា ក្នុងបទល្មើសជាក់ស្ដែង ចំពោះ អង្គហេតុខាងលើ ដែលត្រូវបានចែងផ្តន្ទាទោសតាមមាត្រា ៤៤៣ ស្តីពីបទសន្និដ្ឋិភាពជាមួយបរទេស នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លោក កឹម សុខា ត្រូវបានឃុំខ្លួន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែង និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ និងត្រូវអនុវត្តកាតព្វកិច្ចមួយចំនួន) តាមរយៈដីកាសម្រេច ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៨។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែ ដោយសារបញ្ហានៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងដោយមានការស្នើសុំពីមេធាវីរបស់លោក កឹម សុខា ខ្លួនឯងផ្ទាល់, សាលាដំបូងបានសម្រេចផ្អាកសវនាការ។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុង ចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័ន ឯករាជ្យ។ ដោយឡែក សម្រាប់សវនាការលើសំណុំរឿងលោក កឹម សុខា, តាមព័ត៌មានដែលក្រសួង យុត្តិធម៌ទទួលបាន សាលាដំបូងរាជធានីភ្នំពេញមិនទាន់អាចបន្តធ្វើសវនាការបាន ដោយសារ(ទី១) ការស្នើសុំលើកពេលសវនាការរបស់មេធាវីផ្ទាល់របស់លោក កឹម សុខា, (ទី២)-មានសំណុំរឿងអាទិភាព និងបន្ទាន់ជាច្រើនទៀត ជាងសំណុំរឿងលោក កឹម សុខា (ជាពិសេសសំណុំរឿងដែលមានជនជាប់ចោទ ក្នុងឃុំ) ដែលច្បាប់កំណត់នូវរយៈពេលនៃចំណាត់ការឱ្យបានឆាប់ និង (ទី៣) ការមិនទាន់ធូរស្រាល នៃ ស្ថានភាពជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និង (ទី៤)- ការបន្តសវនាការលើលោក កឹម សុខា អាចនាំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន (ការប្រមូលផ្ដុំសកម្មជនដែលមាននិន្នាការគាំទ្រលោក កឹម សុខា និងកងកម្លាំងដែលត្រូវមានវត្តមានការពារសន្តិសុខនៅតុលាការ) ដែលនេះអាចជាហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ម៉្យាងវិញទៀត ដំណើរការនីតិវិធីទាក់ទងនឹងសំណុំរឿង កឹម សុខា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ទាក់ទងនឹងសន្តិសុខជាតិ ទើបចំណាយពេលត្រឹមតែជាង ៣ ឆ្នាំប៉ុណ្ណោះ ពុំត្រូវចាត់ទុកថាជារយៈពេលយូរពេកដែរ បើធៀបនឹងសំណុំរឿងផ្សេងទៀតនៅសាលាដំបូងរាជធានីភ្នំពេញ និងការអនុវត្តនៅក្នុងបណ្តាប្រទេសជឿនលឿន។ នេះបើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា របាយការណ៍ចោទប្រកាន់ ដោយលំអៀងនិងគ្មានមូលដ្ឋានរបស់ក្រុមនិងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ ព្រោះថារបាយការណ៍ទាំងនេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋាន តែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលម្អិតដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមាន របៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាននិងចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើនិងធ្វើការពិចារណារទៅទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើត ជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការ នោះទេ។
ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនៈមួយជ្រុងនិងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួនដែលជាបក្ខពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដទៃទៀតដែលទទួលរង ផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងការសន្និដ្ឋានក្នុងរបាយការណ៍នេះមិនមាន លក្ខណៈជាវិទ្យាសាស្ត្រ មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាននោះទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តថា ទោះបីជាដឹងយ៉ាងច្បាស់ថា វិធានការរបស់ប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន មកលើ កម្ពុជា មានភាពលំអៀង អយុត្តិធម៌ មានស្តង់ដាពីរ ដែលធ្វើឡើងក្រោមហេតុផលនយោបាយ និងយក ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់យន្តការអន្តជាតិនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេស សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ ព្រមទាំងការពារនិងថែរក្សាឱ្យបាននូវសន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និងតម្កល់នូវប្រយោជន៍ជាតិជាធំ តាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់និងគ្មានការលើកលែង តាមគោលការណ៍និងបែបបទប្រជាធិបតេយ្យនីតិរដ្ឋ៕