ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣០ លានដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងការរាត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ដែលកំពុងគំរាមកំហែងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។
ADB បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៨ ខែតុលាថា ជំនួយនេះរួមមានប្រាក់កម្ចី ២៥ លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS)។ វានឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន ៨១ នៅទូទាំងប្រទេស។ វានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឃ្លាំមើលនិងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ និងការតាមប្រភពចម្លងជំងឺនៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក។
ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន ១៤។ វារួមបញ្ចូលទាំងការផ្តល់ថវិកាសម្រាប់ឧបករណ៍ថ្មី ដូចជា រថយន្តសង្គ្រោះបន្ទាន់ បំពង់ផលិតអុកស៊ីហ្ស៊ែន និងឧបករណ៍ព្យាបាលដោយប្រើអុកស៊ីហ្ស៊ែន ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលក្នុងការថែទាំព្យាបាលជំងឺកូវីដ ១៩។
លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ជំងឺរាតត្បាតកូវីដ ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងគំរាមកំហែងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។
លោកថ្លែងថា៖ «គម្រោងនេះនឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈដើម្បីការពារ កំណត់មុខសញ្ញានិងឆ្លើយតបទៅនឹងកូវីដ ១៩ ក៏ដូចជាការគំរាមកំហែងសុខភាពសាធារណៈផ្សេងៗដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និងរួមចំណែកដោយប្រយោលក្នុងការកាត់បន្ថយភាពក្រីក្រ»។
ADB លើកឡើងថា កម្ពុជាអាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ ១៩ ឱ្យនៅកម្រិតទាបក្នុងឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍ មានសភាពធ្ងន់ធ្ងរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មក។ ដោយសារការគំរាមកំហែងដែលបង្កឡើងដោយការបំប្លែងខ្លួនថ្មីនៃមេរោគកូវីដ ១៩ ដែលអាចឆ្លងរាលដាលលឿន ការគាំទ្រពីគម្រោងនេះដើម្បីពង្រឹងការឃ្លាំមើល ការឆ្លើយតបការផ្ទុះឡើង និងការផ្តល់ សេវាសុខភាព គឺទាន់ពេលវេលា។
ADB បញ្ជាក់ថា៖ «គម្រោងនេះនឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ និងគាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអំពើហិង្សាយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត»។
គម្រោងនេះអនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩-២០២៣ សម្រាប់ប្រទេសកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងធនធានមនុស្ស។ វានឹងរួមចំណែកដល់គោលដៅរួម របស់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបរបស់ប្រទេសទាំងនោះទៅនឹងការគំរាមកំហែងសុខភាពសាធារណៈធ្ងន់ធ្ងរ៕