លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនជាមួយនឹងលោក មិកាម៉ា ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី ០៨ ខែតុលា នេះបានឱ្យដឹងថា លោក ប្រាក់ សុខុន និងលោក មិកាម៉ា ម៉ាសាហ៊ីរ៉ូ នឹងចុះហត្ថលេខាលើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី ២) ដែលជាឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ៦.៣៣៦ លានយ៉េន ឬស្មើនឹងប្រមាណ ៥៨,២១ លានដុល្លារអាមេរិក)។
ក្រសួងបានបន្តថា លោក ប្រាក់ សុខុន និងលោក មិកាម៉ា ម៉ាសាហ៊ីរ៉ូ ក៏នឹងចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងដែលមានរហូតដល់ ៥ គម្រោងផងដែរ គម្រោងទាំងនោះរួមមាន៖ គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត, គម្រោងសម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់, សម្ភារបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ, គម្រោងបំពាក់ឧបករណ៍សម្ភារ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងបំពាក់សម្ភារបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិចត្រូនិក និងមេកានិកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បើតាមសេចក្តីប្រកាសដដែលនេះ ហិរញ្ញប្បទានឥតសំណងដែលមានរហូតដល់ ៥ គម្រោងនេះមានទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក ក្នុងនោះសម្រាប់គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន ឬស្មើនឹងប្រមាណ ១,៨ លានដុល្លារអាមេរិក។ គម្រោងសម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់ សរុប ២៥០ លានយ៉េន ឬប្រមាណ ២,២៧ លានដុល្លារអាមេរិក។ សម្ភារបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន ឬប្រមាណ ២,២៧ លានដុល្លារអាមេរិក។ គម្រោងបំពាក់ឧបករណ៍សម្ភារ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន ឬប្រមាណ ៣,៦៣ លានដុល្លារអាមេរិក។ និងគម្រោងបំពាក់សម្ភារបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិចត្រូនិក និងមេកានិកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានទឹកប្រាក់សរុប ៥០០ លានយ៉េន ឬប្រមាណ ៤,៥៤ លានដុល្លារអាមេរិក។
ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕