ភ្នំពេញៈ តាងនាមឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ នៅថ្ងៃទី ១១-១២ ខែតុលា នៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី។
កិច្ចប្រជុំនេះនឹងរៀបចំដោយសហប្រធានលោក អ៊ីហាម អាលីយែវ ប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធនាពេលបច្ចុប្បន្ន (NAM) និង លោក អាឡិចសាន់ដឺ វូឈីគ ប្រធានាធិបតីប្រទេសស៊ែប៊ី។
កិច្ចប្រជុំនេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមធ្វើការបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍សំខាន់ទាំង ៥ របស់ NAM រួមមាន ការគោរពបូរណភាពដែនដី និងអធិបតេយ្យភាពគ្នាទៅវិញទៅមក ការមិនឈ្លានពានគ្នាទៅវិញទៅមក ការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ផលប្រយោជន៍ស្មើគ្នា និងទៅវិញទៅមក និងសន្តិសហវិជ្ជមាន។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបញ្ជាក់នៅថ្ងៃទី ៨ ខែតុលា លោក អ៊ុច បូររិទ្ធ នឹងថ្លែងសុន្ទរកថា អំពីសារៈសំខាន់នៃការគាំទ្រគោលការណ៍ទាំង ៥ របស់ NAM និងការប្តេជ្ញាចិត្តចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស តួនាទីដ៏ចាំបាច់របស់ NAM និងនីតិរដ្ឋសម្រាប់បណ្តារដ្ឋតូចៗ។
លោកក៏នឹងថ្លែងអំពី វ៉ាក់សាំងពហុភាគីនិយម និងជំងឺរាតត្បាតកូវីដ ១៩ និងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបដើម្បីស្តារឡើងវិញ ក្រោយវិបត្តិកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គោលការណ៍ទាំង ៥ នេះ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងពិភពលោក។ មានការរំពឹងទុកដែរថា បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ៕