សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិចំនួន ៤ រួមមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនាព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២១ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភាជាតិផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រាប់ឱ្យដឹងនាថ្ងៃទី ០៨ ខែតុលានេះថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និង មាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត។
លោកបានលើកឡើងថា រដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ផៃ ស៊ីផាន បានបន្ថែមថា៖ «សំដៅដល់ការការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា»។
ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធក៏បានតម្រូវឱ្យតំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត។
លោក ផៃ ស៊ីផាន បានបន្តថា ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់។
យោងតាមមាត្រា ១១៩ ថ្មី (មួយ) បានចែងថា តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រីពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។
យោងតាមមាត្រា ៨២ ថ្មី (មួយ) បានចែងថា ប្រធានរដ្ឋសភាត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។ មាត្រា ១០៦ ថ្មី(ពីរ) បានចែងថា ប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។
ចំណែកមាត្រា ១៣៧ ថ្មី (មួយ) ត្រូវបានធ្វើវិសោធនកម្ម ដោយបានចែងថា ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់។ ប្រធានមានសំឡេងឧត្តមានុភាពក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។
សម្រាប់មាត្រាពីរដែលមានមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានធ្វើវិសោធនកម្ម។ មាត្រា ៣ ថ្មី បានធ្វើវិសោធនកម្មថា ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា ៨២ ថ្មី(មួយ) និងមាត្រា ១១៩ ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាអាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
រីឯមាត្រា ៤ ថ្មី ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធាន គណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំ និងស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។
សេចក្តីព្រាងបានបន្តថា តាមសេចក្ដីស្នើពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភាតាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រីពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្នូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភាក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្ត្រីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត៕