មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានលើកឡើងថា មន្ត្រីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយក្នុងនោះមិនមែនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ឬការលួចកាប់ឈើខុសច្បាប់ តែក៏មានតួនាទីក្នុងការសង្គ្រោះសត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតផងដែរ ដោយបានដោះអន្ទាក់ និងសង្គ្រោះសត្វព្រៃពីការជាប់អន្ទាក់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងដូចនេះ នាថ្ងៃទី០៨ ខែតុលា បន្ទាប់ពីសត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះ និងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១។
ប្រើសញីនេះមានទម្ងន់ប្រមាណពី ១៥០ ទៅ ២០០ គីឡូក្រាម ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ស្នូលបានប្រទះឃើញជាប់អន្ទាក់នៅអំឡុងពេលពួកគាត់បានដើរល្បាតចាប់ពីខាងក្រោយស្នាក់ការរហូតទៅដល់ចំណុចត្រពាំងកើយអណ្ដើក ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យ។
លោក នេត្រ ភត្ត្រា បានថ្លែងថា៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ»។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ មន្ត្រីឧទ្យានុរក្សបានរកឃើញអន្ទាក់ជិត ៣ ម៉ឺនអន្ទាក់ និងត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស និងសត្វព្រៃជាច្រើនក្បាលត្រូវបានជួយសង្គ្រោះ និងព្រលែងចូលក្នុងព្រៃ។
យោងតាមការសិក្សារបស់អ្នកជំនាញ ប្រើសជាប្រភេទសត្វមានដោយបង្គួរនិងត្រូវបានចុះក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ។
សត្វប្រើសមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និង ភូមិភាគឦសាននៃប្រទេសកម្ពុជា។ សត្វនេះក៏បានឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេសចិន និងភូមិភាគអាស៊ីអាគ្នេយ៍រួមទាំងកោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ និងបរិភោគសាច់សត្វព្រៃ ព្រោះវាគ្មានផលប្រយោជន៍អ្វីសម្រាប់សុខភាពឡើយ តែអាចនឹងបង្កហានិភ័យដល់សុខភាព និងកើតជំងឺផ្សេងៗព្រោះសាច់សត្វព្រៃមានផ្ទុកដោយមេរោគ ដោយនិយាយថាទេចំពោះសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់សម្លាប់សត្វ៕
វីដេអូ៖