ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋទាំង ១៤ ខណ្ឌ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ (គ្រប់ប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩) ដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ៤ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២ មកចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ៨ ខែតុលានេះ ស្ដីពីការចាក់វាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមការងារចាក់វ៉ាក់សាំងនឹងចាប់ដំណើរការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ដោយក្រុមគ្រូពេទ្យយោធានៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ នឹងចាប់ផ្តើមនៅវេលាម៉ោង ១៤ រសៀល។ ការចាក់វ៉ាក់សាំងនេះ គឺចំពោះប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពីក្រុមគ្រូពេទ្យយោធានៃកងយោធពលខេមរភូមិន្ទត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យយោធាបានរៀបចំសម្រាប់ដូសជំរុញ។
ចំណែកការចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងចាប់ផ្តើមនៅវេលាម៉ោង ៨ ព្រឹក នៅមូលដ្ឋានខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សម្រាប់មូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ នឹងចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
ចំពោះប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ត្រូវភ្ជាប់មកជាមួយ ១ បណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ និង ២ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺធានានូវគម្លាតរយៈពេល ៤ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២។ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលទទួលវ៉ាក់សាំងគ្រប់ដូស ឬដូសទី២ មានគម្លាតរយៈពេល ៤ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២។ រដ្ឋបាលរាជធានីឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងនេះ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ និងកាលបរិច្ឆេទដែលរដ្ឋបាលរាជធានីបានជូនដំណឹង។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំឭក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញ ឬដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ" របស់ សម្តេចអគ្គមហាសនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕