ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ដ្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបានថ្លែងការណ៍ថា «កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ»។
តាមសេចក្ដីថ្លែងការព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ដ្រៃយ៍នៅទីក្រុងហ្សឺណែវ ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២១ បានឱ្យដឹងថា ការទទួលស្គាល់នេះធ្វើឡើងតាមរយៈ កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវដោយមានរដ្ឋចំនួន ៣១ ចូលរួមថ្លែងបទអន្តរាគមន៍។
ស្ថានបេសកកម្មអចិន្ដ្រៃយ៍បានឱ្យដឹងថា គណៈប្រតិភូមកពីប្រទេសចំនួន ២២ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ ក្នុងនោះគណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះអត្រាដ៏ខ្ពស់នៃចំនួនប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងរួចកម្មវិធីគាំពារសង្គមជាច្រើនសម្រាប់ក្រុមងាយរងគ្រោះ និងការបើកសាលាឱ្យសិស្ស-និស្សិតចូលរៀនក្នុងថ្នាក់ដោយផ្ទាល់ឡើងវិញ រួមទាំងការចាក់វ៉ាក់សាំងការពារជូនគ្រូបង្រៀន និងក្មេងជំទង់។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍមនុស្ស កំណើនផលិតផលក្នុងស្រុកសរុប អាត្រាអក្ខរកម្មខ្ពស់ និងអត្រាមរណភាពមាតានិងទារកទាប ក៏ត្រូវបានលើកឡើងផងដែរ។
គណៈប្រតិភូផ្សេងទៀតបានទទួលស្គាល់គំនិតផ្តួចផ្តើមសំដៅលើកកម្ពស់កំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ និងជំរុញភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល រួមទាំងកិច្ចខិតខំប្រឹងប្រែងធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។
ស្ថានបេសកកម្មអចិន្ដ្រៃយ៍បញ្ជាក់ថា គណៈប្រតិភូខាងលើខ្លះក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា របៀបរបបការងាររបស់អ្នករាយការណ៍ពិសេស គួរតែមានភាពសត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយគិតគូរផងដែរអំពីទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងអាចជឿជាក់បាន។ អាណត្តិអ្នករាយការណ៍ពិសេស គួរកំណត់នូវភាពខ្វះចន្លោះ និងផ្តល់យោបល់ណែនាំតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព ដើម្បីដោះស្រាយមូលហេតុចម្បងជាជាងការផ្តោតលើតែអាការៈខាងក្រៅ។
បើតាមស្ថានបេសកកម្មអចិន្ដ្រៃយ៍ប្រទេសចំនួន ៩ ផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ បានបញ្ចេញមតិយោបល់ទិតៀនលំហពលរដ្ឋ និងនយោបាយ រួមទាំងសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី។ ទោះបីជាមានការរិះគន់បែបនេះក៏ដោយ គណៈប្រតិភូទាំងនោះភាគច្រើនបានស្វាគមន៍កិច្ចសហការ ដែលកំពុងកើតមានរវាងកម្ពុជានិងអ្នករាយការណ៍ពិសេសក៏ដូចជាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការងារសិទ្ធិមនុស្ស។
គណៈប្រតិភូខ្លះទៀតបានថ្លែងទទួលស្គាល់កម្មវិធីចាក់វ៉ាក់សាំងដោយជោគជ័យប្រឆាំងជំងឺកូវីដ ១៩ នៅកម្ពុជាកំណើនសេដ្ឋកិច្ចដែលកំពុងស្ទុះងើបទ្បើងវិញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិអប់រំ។ល។ វាគ្មិនផ្សេងទៀតក៏បានថ្លែងថា ពួកគេរីករាយនឹងធ្វើការជាមួយកម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ ២០២២។ ស្ថានបេសកកម្មអចិន្ដ្រៃយ៍បញ្ជាក់។
អំទ្បុងពេលនៃកិច្ចសន្ទនាអន្តរសកម្មនេះ ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងអំពីកិច្ចសន្ទនាកម្រិតខ្ពស់ជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជា និងអ្នករាយការណ៍ពិសេស ជាពិសេសជំនួបតាមប្រព័ន្ធវីដេអូ រវាងអ្នករាយការណ៍ពិសេសខាងលើជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានចោទសួរអ្នករាយការណ៍ពិសេសចំពោះការវាយតម្លៃដែលអះអាងថា ធ្វើឡើងដោយផ្អែកលើគោលការណ៍ យុត្តិធម៌ និងមិនលម្អៀង ខណៈពេលអ្នករាយការណ៍ពិសេសសំងំស្ងៀមឈឹង ចំពោះការកើនឡើងនូវការប្រើប្រាស់ភាសាស្អប់ខ្ពើម ការនិយាយបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ ពួនជ្រកក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ ដែលអាចបង្កឱ្យមានការបែកខ្ញែកក្នុងសង្គមប្រជាពលរដ្ឋ និងកំពុងវាយប្រហារលើគោលតម្លៃនៃបទដ្ឋានសិទ្ធិមនុស្ស។
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងបន្តថា៖ «ជាប្រការគួរឱ្យសោកស្តាយ ដែលអ្នករាយការណ៍ពិសេស និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សនៅស្ងៀមធ្មឹង ចំពោះនិន្នាការគួរឱ្យព្រួយបារម្ភខាងលើនេះ រួមទាំងការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់អតីតមេដឹកនាំគណបក្សប្រឆាំងជ្រុលនិយម ដែលត្រូវបានថ្កោលទោសដោយអ្នករាយការណ៍ពិសេសអាណត្តិមុននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ក្នុងឆ្នាំ ២០១៩ និងដោយអតីតសហការីរបស់មេបក្សប្រឆាំងរូបនោះម្តងហើយម្តងទៀត ចំពោះការប្រើភាសាបរិហារកេរ្តិ៍ញុះញង់ឱ្យមានការរើសអើងពូជសាសន៍និងអុជអាលឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាល»។
នៅចំពោះមុខនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ តំណាងអចិន្ត្រៃយ៍កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាពុំធ្លាប់បានដាក់ប្រទេសក្នុងភាពអាសន្នម្តងណាឡើយផ្ទុយទៅវិញកម្ពុជាបានជ្រើសរើសយកការអនុវត្តច្បាប់ដែលកាន់តែមានភាពបត់បែន តាមរយៈវិធានការសុខាភិបាល រដ្ឋបាល និងច្បាប់។ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដែលមានគោលដៅសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ។ យើងសូមស្នើអ្នករាយការណ៍ពិសេស ធ្វើការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវចំនួនករណីចាប់ខ្លួន ការចោទប្រកាន់ និងស្ថានភាពពាក់ព័ន្ធនៃករណីនីមួយៗខាងលើ។
ឆ្លើយតបនឹងការចោទប្រកាន់អំពីការរួមចង្អៀតនៃលំហសេរីភាពសង្គមស៊ីវិល តំណាងអចិន្ត្រៃយ៍កម្ពុជាក៏បានចោទសំណួរតបថា ប្រសិនបើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានការរឹតត្បិត មូលហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលទើបចុះឈ្មោះថ្មី នៅតែបន្តកើនឡើង ធ្វើឱ្យចំនួនសរុបកើនដល់ជិត ៦ ០០០ អង្គការ? ការពិតនោះគឺថា ការត្អូញត្អែរទាំងនេះកើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលមាននិន្នាការនយោបាយខ្លាំង និងបានទទួលថវិកាគាំទ្រពីបរទេស ស្រែកទាមទាររកតម្លាភាព ប៉ុន្តែអង្គការទាំងនោះបែរជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាពខ្លួនទៅវិញ។
ស្ថានបេសកកម្មអចិន្ដ្រៃយ៍បញ្ជាក់ថា ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិល ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួចរាល់លើមាត្រាចំនួន ១១ ក្នុងចំណោម ១៤ មាត្រា នៃច្បាប់ខាងលើដែលបានស្នើដោយអង្គការសង្គមស៊ីវិល។ ក្រុមការងាររំពឹងថា ការពិនិត្យលើសំណើដែលនៅសេសសល់ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពីវេទិកាពិគ្រោះយោបល់ចំនួន ២ ដង ក្នុង ១ ឆ្នាំ ជាមួយរាជរដ្ឋាភិបាលផងដែរ។
ពាក់ព័ន្ធនឹងលំហនយោបាយ តំណាងអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា អតីតអ្នកនយោបាយបក្សប្រឆាំងចំនួន ២៦ រូប បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ដែលក្នុងចំណោមអ្នកទាំងនោះ ខ្លះបានបង្កើតគណបក្សនយោបាយថ្មីចំនួន ៦ ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតខាងមុខនេះ។ ក៏ប៉ុន្តែលំហនយោបាយបើកទូលាយនេះ បែរជាត្រូវរារាំងដោយអតីតថា្នក់ដឹកនាំនៃបក្សប្រឆាំងរបស់ពួកគាត់ ដែលចាត់ទុករាល់សមាជិកទាំងទ្បាយណាដែលស្នើសុំសិទ្ធិធ្វើនយោបាយទ្បើងវិញនោះថា ជាជនក្បត់ឬអាយ៉ង។ ត្រង់ចំណុចនេះហើយដែលអ្នករាយការណ៍ពិសេស និងប្រទេសលោកខាងលិចបានបិទភ្នែកធ្វើមិនឃើញ”។
តំណាងអចិន្ត្រៃយ៍កម្ពុជាបានឱ្យដឹងថា បណ្តាប្រទេសលោកខាងលិច និងសហភាពអឺរ៉ុបមួយចំនួនដែលបានទ្បើងថ្លែងក្នុងឱកាសនេះ បានចាត់ទុកការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ថា ជាការរិតត្បិតសេរីភាពទៅវិញ។ ក៏ប៉ុន្តែនៅពេលដែលវិធានការដូចគ្នានេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ពួកគេបែរជាចាត់ទុកថា ជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈស្ថិរភាពសង្គម និងសន្តិសុខជាតិ។
តំណាងអចិន្ត្រៃយ៍កម្ពុជាលើជាឧទាហរណ៍ត្រួសៗ ក្នុងចំណោមប្រទេសទាំងនោះ ខ្លះបានអនុម័តច្បាប់សន្តិសុខសកល បង្ក្រាបក្រុមបាតុករអាវកាក់ពណ៌លឿង ចាប់ខ្លួនស្ត្រីពីបទញុះញង់លើប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យប្រឆាំងនឹងការបិទខ្ទប់ប្រទេស ហាមឃាត់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចបង្កហានិភ័យញុះញង់ឱ្យមានអំពើហិង្សាជាដើម។ល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អន់តូនីយ៉ូ ហ្គូទែរែស បានថ្លែងសង្កត់ធ្ងន់នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះថា សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយ ដើម្បីអនុវត្តស្ដង់ដាពីរឬជាឧបករណ៍ ដើម្បីសម្រេចរបៀបវារៈលាក់ពុតណាមួយឡើយ៕