ភ្នំពេញៈជំនន់ទឹកភ្លៀងកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងតំបន់ជាយរាជធានីភ្នំពេញ ជាពិសេសអ្នករស់នៅក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឺស សង្កាត់សាក់សំពៅ និងសង្កាត់គងនយ ខណ្ឌដង្កោ។
ទន្ទឹមនឹងនេះក្រុមមន្ត្រីជំនាញនៃក្រសួងធនធានទឹកនិងឧតុនិយម បានសហការជាមួយមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើគ្រឿងចក្រជីកកាយបើកមុខទឹកឲ្យហូរធ្លាក់ទៅក្នុងបឹងព្រែក និងអូរធម្មជាតិរួចហូរធ្លាក់បន្តទៅទន្លេបាសាក់។
ក្នុងអំឡុងពេលចុះដឹកនាំក្រុមការងារបច្ចេកទេសជីកកាយខ្នងទំនប់ប្រឡាយលេខ៩៦ និងទំនប់ប្រឡាយលេខ៩៤ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អ្នកសារព័ត៌មានថាដោយសារតែប្រព័ន្ធអូរ ប្រឡាយនិងបឹងធម្មជាតិមួយចំនួនត្រូវបានចាក់លុប ដើម្បីសាងសង់សំណង់ផ្សេងៗមិនស្របតាមស្ដង់ដាបច្ចេកទេស ដែលធ្វើឲ្យកកស្ទះនូវលំហូរទឹក ហើយជន់លិចក្រោយមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា។
លោក គានហោ បានបញ្ជាក់ថា៖«ការជន់លិចនេះ ពុំមែនជាជំនន់ទឹកស្ទឹងព្រែកត្នោតទេគឺជាជំនន់ទឹកភ្លៀង តែពុំធ្ងន់ធ្ងរនោះទេ។បណ្តាញផ្លូវទឹកពីធម្មជាតិដូចជាប្រឡាយព្រែក បឹងបួផ្សេងៗ ដែលត្រូវហូរឆ្ពោះទៅទន្លេបាសាក់ ត្រូវបានរាំងស្ទះ ដោយសារការចាក់លុបឬបិទស្ទើរអស់ទៅហើយនិងដោយការសាងសង់ផ្លូវនិងសំណង់មួយចំនួនមិនបានគោរពតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការរក្សាផ្លូវទឹក»។
លោក គានហោ ថ្លែងថា ការបង្កើនគ្រឿងចក្រជីកកាយខ្នងទំនប់ប្រឡាយលេខ៩៦ និង៩៤ បានធ្វើឡើងតាំងពីយប់ថ្ងៃទី៩ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទឹកបានជន់លិចនិងហូរកាត់ផ្លូវខ្នងទំនប់ព្រែកកំពឹសប្រវែងជាង២០០ម៉ែត្រ ស្ថិតនៅចំណុចព្រំប្រទល់រវាងភូមិសាស្ត្រភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះផងដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានដឹកនាំក្រុមមន្ត្រីជំនាញនិងអាជ្ញាធរដែនដីបានចុះពិនិត្យស្ថានភាពនៅតំបន់ទឹកលិចដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខ ផ្ដល់អំណោយជាអង្ករដល់ប្រជាពលរដ្ឋរងគ្រោះចំនួន៩០គ្រួសារ ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ខណ្ឌដង្កោ។ បន្ទាប់មកលោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាព ការងារកាយប្រឡាយអមមហាវិថីឈ្នះឈ្នះចំនួន ៣៧ទីតាំងនៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌព្រែកព្នៅ ដែលកន្លងមក ត្រូវបានប្រជាពលរដ្ឋមួយចំនួនចាក់ដីលុប ដើម្បីសាងសង់លំនៅឋាន។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា៖«មានកត្តា៣សំខាន់ដែលធ្វើឲ្យភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀងគឺ ២-៣ ថ្ងៃមុននេះ បរិមាណទឹកភ្លៀងធ្លាក់រហូតដល់ ១០៥ម.មផ្ទៃទឹកភ្លៀងដែលធ្លាប់តែហូរចែករំលែកទៅតាមអូរ ប្រឡាយឬវាលស្រែនានា ត្រូវបានអភិវឌ្ឍន៏ទៅជាសំណង់លំនៅឋាននិងការចាក់ដីរំលោភប្រឡាយពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ធ្វើឲ្យចាល់ទឹកមិនអាចហូរទៅណាបានក៏បណ្តាលឲ្យជន់លិចភូមិសាស្ត្រនេះតែម្តង»។
ក្នុងស្ថានភាពកំពុងកើតមាននូវជំនន់ទឹកភ្លៀងក្នុងតំបន់ជាយរាជធានីនេះដែរ លោក ឃួង ស្រេង បានចាត់ឲ្យមានក្រុមមន្ត្រីប្រចាំការ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋចាំជួយអន្តរាគមន៏ប្រជាពលរដ្ឋនៅពេលមានគ្រោះជំនន់ទឹកភ្លៀងកើតឡើង និងរាយការណ៍បន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនភ្នំពេញបានប្រាប់ឲ្យដឹងថា គិតមកដល់ ត្រឹមរសៀលថ្ងៃ១០ខែតុលានេះ ការជីកកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌព្រែកព្នៅ ទម្លាក់ទៅបឹងតាមោក សម្រេចបានប្រមាណជាង៧០ភាគរយហើយ ។
លោក ពិសិដ្ឋ បានបញ្ជាក់ថា៖«យោងតាមល្បឿនការងារ ដែលសម្រេចបាននាពេលបច្ចុប្បន្ន គម្រោងជីកស្ដារប្រឡាយអមមហាវិថីឈ្នះឈ្នះចំនួន៣៧ទីតាំងនេះ អាចនឹងបញ្ចប់ក្នុងពេល១សប្តាហ៍ទៀត» ។
ដោយឡែកជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យបានថមថយនិងកំពុងវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញជាបណ្ដើរៗ ខណៈពលរដ្ឋ ដែលមកតាំងទីលំនៅបណ្ដោះអាសន្ននៅតំបន់ទីទួលសុវត្ថិភាព បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រមាណជិត៥០ភាគរយ។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោក ឈុន ប៊ុនថា ប្រធានការិយាល័យអន្តរវិស័យ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះបណ្ដាក្រុង ស្រុកមួយចំនួនទឹកបានស្រកវិញហើយ នៅសល់តែក្រុងសិរីសោភ័ណ និង ស្រុកមង្គលបុរីប៉ុណ្ណោះ ដែលនៅមិនទាន់ស្រកអស់។
លោកបានថ្លែងថា៖«គិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលមកស្នាក់នៅទីទួលសុវត្ថិភាពព្រោះតែទឹកបានជន់លិចផ្ទះនាពេលកន្លងមកនោះ ប្រមាណជិត៥០ភាគរយបាននាំគ្នាវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញហើយ ព្រោះទឹកបានស្រកចុះទៅរកភាពប្រក្រតីវិញជាបណ្ដើរៗហើយ »។
ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទឹកបានហូរធ្លាក់ទៅបឹងទន្លេសាប តាមប្រព័ន្ធដៃអូរមួយចំនួន ប៉ុន្តែមានភាពយឺតយ៉ាវបន្តិច ដោយសារមានទឹកហូរធ្លាក់ពីតំបន់មួយចំនួន ដែលនៅផ្នែកខាងលើ ទោះយ៉ាងណា នៅតែឃុំស្ទឹងបត់មួយទេ ដែលនៅមានការជន់លិចខ្លាំង ព្រោះផ្ទះអ្នកភូមិនៅក្នុងតំបន់នោះភាគច្រើនសង់ទាបជាប់នឹងដី។
លោកថ្លែងថា៖«នៅក្នុងខណៈនេះ អាជ្ញាធរយើងកំពុងផ្សព្វផ្សាយជូនដំណឹង ដល់ពលរដ្ឋមួយចំនួនរៀបចំលើកភ្លឺស្រែឲ្យបានខ្ពស់ ដើម្បីរក្សាទឹកទុកបង្កបង្កើនផលស្រូវស្ដារឡើងវិញនាពេលឆាប់ៗខាងមុខនេះ ព្រោះមេឃបានចាប់ផ្ដើមរាំងភ្លៀងជាបណ្ដើរៗហើយ»៕
វីដេអូ៖