កំពតៈអាជីវករលក់ដូរក្នុងផ្សារសាមគ្គីខេត្តកំពតចំនួន៣២តូបនិងឈ្មោះ លី ហួយ ដែលអះអាងជាម្ចាស់តូបបានយល់ព្រមទទួលយកដំណោះស្រាយចំនួន៤ចំណុចដើម្បីបញ្ចប់ជម្លោះរាំរ៉ៃដែលបានកើតឡើងរយៈពេល៨ឆ្នាំបន្ទាប់ពីមានការសម្របសម្រួលពីអភិបាលខេត្តកំពតលោក ជាវ តាយ ។
កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២១នៅសាលប្រជុំ«ឈ្មោះទុរេន»ក្នុងសាលាខេត្តកំពតលោកជាវតាយបានដឹកនាំកិច្ចសម្រុះសម្រួលមួយរវាងអាជីវករចំនួន៣២តូបនិងឈ្មោះ លី ហួយ ដែលបានអះអាងថាជាម្ចាស់តូប បន្ទាប់ពីជម្លោះរបស់ពួកគេបានឈានដល់មានការប្តឹងប្ដល់ដល់តុលាការ។
ក្រោយពីមានកិច្ចសម្របបសម្រួលនេះ លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានប្រគល់កិច្ចសម្របសម្រួលបន្តទៅឲ្យអភិបាលក្រុងកំពត លោក លាងរឿនសុធី ក្រោយភាគីទាំងសងខាងបានឯកភាពគ្នាទទួលយកលក្ខខណ្ឌទាំង៤ចំណុច។
លោកលាង រឿនសុធី អភិបាលក្រុងកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ តុលាថា ក្រោយមានកិច្ចប្រជុំនេះ ភាគី២ក៏ព្រមទទួលយកដំណោះស្រាយនិងបានឯកភាពផ្ទិតមេដៃអនុវត្តលក្ខខណ្ខនីមួយៗដើម្បីបញ្ជប់ជម្លោះកាលពីថ្ងៃទី ៩តុលា។
លោកបន្តថា លក្ខខណ្ឌទាំង៤ ចំណុចនេះគឺអាជីវករផ្សារត្រីចំនួន៣២ តូបត្រូវប្រគល់ប្រាក់ចំនួន ៥០០០ដុល្លារ ក្នុង ១តូប សរុបជាទឹកប្រាក់ទាំង៣២តូបស្មើនឹង១៦០ ០០០ដុល្លារអាមេរិកឱ្យទៅឈ្មោះ លី ហួយ ហៅ លាងហួយ តាមរយៈរដ្ឋបាលសាលាក្រុងកំពត ។
ចំពោះលក្ខខណ្ឌទី២លោកថា លោកស្រី លី ហួយ យល់ព្រមទទួលយកប្រាក់នេះ ព្រមទាំងដកពាក្យបណ្ដឹងរដ្ឋប្បវេណីពីតុលាការដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ចប់ទំនាស់នេះជាស្ថាពរ និងទី៣ លោកស្រី ជុំ សុគន្ធា អ្នកវិនិយោគផ្សារសាមគ្គីយល់ព្រមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២៥០០(ពីរពាន់ប្រាំរយ) ដុល្លារអារមេរិក ដើម្បីជួសជុលដំបូលផ្សារត្រី ក្នុងករណីមានការខ្វះថវិកា ហើយរដ្ឋបាលសាលាខេត្តនិងជួយបន្ថែម។ ចំណែកលក្ខខណ្ឌទី៤ គឺរដ្ឋបាលសាលាក្រុងកំពតក៏បានធ្វើលិខិតបញ្ជាក់សិទ្ធិកាន់កាប់តូបទៅឲ្យអាជីវករលក់ដូរទាំង៣២តូបធ្វើជាកម្មសិទ្ធិផងដែរ។
លោកបានបញ្ជាក់ថា៖«យើងដោះស្រាយនេះគឺធ្វើយ៉ាងណាឲ្យប្រជាជនទទួលបានផលប្រយោជន៍ទាំងអស់គ្នាព្រោះបើយើងបង្កបញ្ហាគឺមិនមានក្តីសុខទេ ។ រឿងនេះគឺប្តឹងប្ដល់គ្នាយូរមកហើយដែរហើយដោះស្រាយជាច្រើនដងហើយតែមិនមានចំណុចរួមទើបតែពេលនេះពួកគាត់ ព្រមទទួលយកដំណោះស្រាយយើងសង្ឃឹមថាពួកគាត់ នឹងពេញចិត្តនូវដំណោះស្រាយទាំងនេះ»។
លោកស្រីជុំ សុគន្ធា អ្នកវិនិយោគនិងជាប្រធានផ្សារសាមគ្គីបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១០ តុលាថា ដើមហេតុដំបូងគឺភាគីទាំងសងខាងបានកើតមានជម្លោះជាយូរឆ្នាំមកហើយគឺមានរយៈពេលដល់ទៅ ៨ ឆ្នាំ ព្រោះតែភាគីអាជីវករអះអាងថាតូបដែលពួកគេកំពុងកាន់កាប់ គឺជាកម្មសិទ្ធិរបស់ខ្លួន ខណៈលោកស្រីលី ហួយ អះអាងថា អាជីវករទាំងនេះបានជួលតូបពីខ្លួននិងមិនបានបង់ថ្លៃជួលជាច្រើនឆ្នាំ។
លោកស្រី សុគន្ធា បានរៀបរាប់បន្តថា ក្រោយពីមានការអះអាងយ៉ាងដូច្នេះភាគីលោកស្រីលី ហួយ ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការ ខណៈក្រុមអាជីវករបានស្វែងរកកិច្ចអន្តរាគមន៍បន្តបន្ទាប់ ប៉ុន្តែការចរចាមិនមានដំណោះស្រាយនោះទេរហូតក្លាយទៅជាជម្លោះរ៉ាំរ៉ៃ។
លោកស្រីបានបញ្ជាក់ថា៖«ក្នុងនាមជាប្រធានផ្សារ ខ្ញុំសប្បាយរីករាយដែលជម្លោះភាគីទាំង២ ឈានទៅរកដំណោះស្រាយបញ្ចប់ហើយភាគីម្ខាងៗក៏ពេញចិត្តនឹងទទួលយកដំណោះស្រាយទាំងនេះដោយស្ម័គ្រចិត្ត។ខ្ញុំមិនចង់ឃើញពួកគាត់ប្តឹង
ប្ដល់អ៊ិចឹងទេ គឺចង់ឃើញពួកគាត់ព្រមព្រៀងអ៊ីចឹងទៅព្រោះតែកន្លងមកធ្លាប់សម្របសម្រួលគ្នាច្រើនដងហើយតែមិនត្រូវគ្នា»។
សូមជម្រាប់ថាផ្សារសាមគ្គីស្ថិតក្នុងទីរួមខេត្តកំពតបានបង្កើតឡើងជាយូរឆ្នាំប្រមាណ ៤០ ឆ្នាំដែលមានទំនិញគ្រប់មុខនិង ធំជាងគេក្នុងចំណោមផ្សារផ្សេងៗទៀតនៅក្នុងក្រុងកំពត ហើយបច្ចុប្បន្នផ្សារនេះមានតូបប្រមាណជាង ២០០តូប៕
វីដេអូ៖