ភ្នំពេញៈ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃបានបញ្ចប់ តាមស្ថាប័នរដ្ឋ និងឯកជនទាំងអស់បានចាប់ផ្តើមធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ទៅដល់បុគ្គលិក និងមន្ត្រីរបស់ខ្លួន ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ ១៩។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែតុលាថា លោកមានការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការណែនាំឱ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ទៅដល់បុគ្គលិករបស់ខ្លួននេះ។
លោកថា សម្រាប់ក្រសួងបរិស្ថានតែងតែធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ជូនដល់មន្ត្រីដែលស្ម័គ្រចិត្តធ្វើតេស្តនេះ រៀងរាល់ថ្ងៃពុធនៃសប្តាហ៍នីមួយៗ។
លោក ភក្ត្រា ថ្លែងថា៖ «ខ្ញុំគាំទ្រចំណាត់ការនៃការធ្វើតេស្តរហ័សក្រោយឈប់សម្រាកថ្ងៃបុណ្យភ្ជុំនេះ ដើម្បីការពារសុវត្ថិភាព និងការចូលរួមគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩»។
លោក លី សុវណ្ណា នាយកប្រតិបត្តិនៃការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ផងដែរថា រូបលោករួមនឹងបុគ្គលិកជាង ១០ នាក់ផ្សេងទៀត បានធ្វើតេស្តរហ័សរួចរាល់ហើយកាលពីថ្ងៃចូលធ្វើការដំបូងបន្ទាប់ពីបានឈប់សម្រាករយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំ។
លោកបានប្រាប់ថា៖ «ការធ្វើតេស្តក្រោយឈប់សម្រាកនេះគឺជារឿងត្រឹមត្រូវ ហើយខ្ញុំគាំទ្រថាត្រូវតែធ្វើឱ្យបានគ្រប់ៗគ្នា ដោយសារនៅពេលឈប់សម្រាកនេះយើងមិនដឹងថា តើពួកគាត់បានទៅទីកន្លែងណាខ្លះ ជួបអ្នកណាខ្លះទេ»។
លោក លី សុវណ្ណា បានបន្ថែមថា ការធ្វើតេស្តរហ័សនេះផងដែរក៏ជាការជួយទៅដល់សាច់ញាតិ ឬមិត្តភក្តិដែលពួកគាត់បានជួបគ្នាក្នុងពេលឈប់សម្រាក ក្នុងករណីអ្នកណាមានវិជ្ជមានវីរុសកូវីដ ១៩ នេះ គឺអ្នកនោះនឹងរាយការណ៍ភ្លាម និងអាចព្យាបាល ឬដាក់ខ្លួននៅដាច់ដោយឡែកទាន់ពេលវេលាផងដែរ។
រីឯក្រុមហ៊ុន គិរីរម្យ ហ្វូត ប្រូដាក់សិន (KFP) ក៏បានធ្វើតេស្តរហ័សទៅដល់គ្រប់បុគ្គលិកជាង ១០០ នាក់ហើយផងដែរ កាលពីថ្ងៃសុក្រកន្លងមកនេះ ក្រោយពេលឈប់សម្រាក។ នេះបើតាម លោក ងួន សេង នាយកប្រតិបត្តិផ្នែកលក់នៃ ក្រុមហ៊ុន KFP នេះ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១០ ខែតុលា។
លោកថ្លែងថា៖ «បុគ្គលិកខ្ញុំជាង ១០០ នាក់ បានធ្វើតេស្តរួចហើយ ហើយក៏មិនមានអ្នកណាម្នាក់មានវិជ្ជមានវីរុសកូវីដ ១៩ នេះទេ ហើយពួកគាត់ក៏បានចូលបំពេញការងារធម្មតាឡើងវិញដែរ។ ខ្ញុំគាំទ្រការធ្វើតេស្តនេះដោយសារតែវាជាការបង្ការសម្រាប់មនុស្សគ្រប់ៗគ្នាពីមេរោគនេះ»។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែតុលា បានលើកឡើងថា រាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលណាមួយនៃវីរុសកូវីដ ១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ផងដែរ។
លោកថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានបើកផ្តល់ជូនតេស្តរហ័សទៅដល់មន្ទីរអប់រំ យុវជន និងកីឡា សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩ លើលោកគ្រូ អ្នកគ្រូនៅតាមគ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅរាជធានីភ្នំពេញហើយផងដែរ ហើយខាងមន្ទីរសុខាភិបាលនឹងធ្វើតេស្តដល់មន្ត្រីរបស់ខ្លួននៅថ្ងៃទី ១១ ខែតុលានេះផងដែរ។
លោកថ្លែងថា៖ «យើងធ្វើតេស្តរហ័សដើម្បីចង់ដឹងខ្លាចក្រែងពួកគាត់មានជួបហានិភ័យក្នុងពេលឈប់សម្រាកថ្ងៃបុណ្យភ្ជុំ ដោយសាររូបភាពខ្លះ ពួកគាត់មិនមានការប្រយ័ត្នទេ ដោយមានការជួបជុំគ្នា ដូចក្នុងសម័យគ្មានកូវីដអ៊ីចឹង!»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែតុលាកន្លងមកនេះ បានចេញសារាចរណែនាំ ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយឱ្យក្រសួងស្ថាប័ន និងវិស័យឯកជន ពិសេសបណ្តារោងចក្រសហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័ស ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩៕
វីដេអូ៖