ភ្នំពេញៈ នាឱកាស “ទិវា សុខភាពផ្លូវចិត្តអន្តរជាតិ ១០ តុលា” មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានសម្តែងការព្រួយបារម្ភ និងកំពុងជួយជនរងគ្រោះដែលរងសម្ពាធផ្លូវចិត្តក្នុងអំឡុងពេលរីករាតត្បាតនៃជំងឺកូវីដ- ១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការថែទាំសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។
លោកស្រីបន្តថា៖ «ដូច្នេះរៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់ស្ត្រេស និងការថប់បារម្ភនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ក្នុងនោះដែរលោកស្រីបានផ្តល់ការណែនាំមួយចំនួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលកូវីដ ១៩ ដោយត្រូវបរិភោគ អាហារដែលមានសុខភាព គេងឱ្យបាន ៨ ម៉ោងជារៀងរាល់ថ្ងៃ ត្រូវហាត់ប្រាណ និងអាចចែករំលែកអារម្មណ៍ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ឬអាចស្វែងអ្នកប្រឹក្សាផ្នែកផ្លូវចិត្តជាដើម ដើម្បីកាត់បន្ថយភាពតានតឹង។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អៃឡែន ថ្លែងថា៖ «បញ្ហាកូវីដ ១៩ បានគំរាមកំហែងដល់សុខភាពផ្លូវចិត្ត ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលងាយរងគ្រោះដូចជាពលករចំណាកស្រុកផងដែរ»។
លោកស្រីបន្តថា ពាក់ព័ន្ធបញ្ហានេះ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិ កំពុងធ្វើរឿងនេះ ដើម្បីធានាថា ក្រុមងាយរងគ្រោះទាំងនេះអាចទទួលបានការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងសង្គម។
លោកស្រីបន្ត៖ «គ្មានសុខភាពទេ បើគ្មានសុខភាពផ្លូវចិត្ត ការគិតវិជ្ជមាន និងរបៀបរស់នៅដែលមានសុខភាពល្អជួយដោះស្រាយភាពតានតឹង និងមានអារម្មណ៍ល្អប្រសើរ។ វាក៏ជាការវិនិយោគក្នុងការការពារជំងឺមិនឱ្យឆ្លងបានដែរ»។
អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនថា“ទិវាសុខភាពផ្លូវចិត្តអន្តរជាតិ” ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១០ ខែតុលា ហើយប្រធានបទសម្រាប់ឆ្នាំនេះគឺ “សុខភាពផ្លូវចិត្តក្នុងពិភពលោកដែលមិនស្មើភាពគ្នា”។ UN បន្តថា៖ «យើងត្រូវបង្កើនការយល់ដឹងអំពីវិសមភាពនៅក្នុងកន្លែងធ្វើការរបស់យើង និងធានាថាយើងកំពុងការពារបុគ្គលិកដែលមានហានិភ័យខ្ពស់ប្រឈមនឹងសុខភាពផ្លូវចិត្ត ឬអ្នកដែលមិនមានលទ្ធភាពទទួលបានការព្យាបាល»។ នេះបើតាមការថ្លែងរបស់លោក Antnio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ពាក់ព័ន្ធសុខភាពផ្លូវចិត្តនេះដែរ អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) បានព្រមានពីផលប៉ះពាល់ពីជំងឺកូវីដ-១៩ លើសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជននៅកម្ពុជា និងទូទាំងពិភពលោក។ ក្នុងរបាយការណ៍បានឱ្យដឹងថា យោងតាមការប៉ាន់ស្មានចុងក្រោយថ្មីៗនេះ ក្មេងជំទង់លើសពី ១ នាក់ ក្នុងចំណោម ៧ នាក់ ដែលមានអាយុចាប់ពី ១០ ឆ្នាំ ដល់ ១៩ ឆ្នាំ នៅទូទាំងពិភពលោកត្រូវបានរកឃើញថា កំពុងរស់នៅជាមួយបញ្ហាផ្លូវចិត្ត។
របាយការណ៍បន្តថា នៅក្នុងប្រទេសកម្ពុជាជាពិសេស យូនីសេហ្វ និងដៃគូនានារបស់ខ្លួន បានដំណើរការការសិក្សាវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ និងតាមដានសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងចំណោមសូចនាករជាច្រើន។
យូនីសេហ្វបន្តថា៖ «នៅក្នុងការស្ទង់មតិនេះ ៤៥ ភាគរយនៃក្មេងជំទង់ដែលត្រូវបានស្ទង់មតិ (យុវជនអាយុចាប់ពី ១៥ ឆ្នាំ ដល់ ១៩ ឆ្នាំ) បាននិយាយថា ពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួននៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ រីឯក្មេងជំទង់ ១៦ ភាគរយផ្សេងទៀតបានលើកឡើងថា ពួកគេមានអារម្មណ៍តឹងតែងក្នុងចិត្ត ឬធ្លាក់ទឹកចិត្តចាប់តាំងពីវិបត្តិកូវីដ ១៩ បានចាប់ផ្តើមឡើង។
ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា៖ «មានឧបសគ្គផ្សេងៗដូចជា ការមើលងាយ ការរើសអើងពីអ្នកដទៃ និងការខ្វះខាតថវិកា កំពុងរារាំងកុមារយ៉ាងច្រើនមិនឱ្យមានសុខភាពផ្លូវចិត្តល្អ ឬទទួលបានការគាំទ្រដែលពួកគេត្រូវការ»។
ទន្ទឹមនេះដែរ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ តំណាងយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងថា កុមារនៅកម្ពុជា ក៏ដូចជាកុមារទាំងឡាយនៅលើពិភពលោកបានជួបប្រទះបញ្ហាប្រឈមជាច្រើននៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ ១៩។ លោកស្រីបន្តថា៖ «ការបិទសាលារៀន ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃការប្រាស្រ័យទាក់ទងក្នុងសង្គម និងផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលកើតឡើងចំពោះគ្រួសារកម្ពុជាទាំងអស់ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន»។
អង្គការសហប្រជាជាតិនៅកម្ពុជាកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួនបានបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលជិត ៣ ០០០ នាក់នៅទូទាំងប្រទេសដើម្បីផ្តល់ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងសង្គមដល់អ្នកងាយរងគ្រោះដោយសារជំងឺកូវីដ ១៩។
ក្នុងសេចក្តីថ្លែងការណ៍បន្តថា៖ «ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងសង្គមគឺជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ ហើយការវិនិយោគបន្ថែមទៀតនៅក្នុងការគាំទ្រនេះនឹងរួមចំណែកដល់អនាគតដែលមានសុវត្ថិភាព និងសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់»៕