ភ្នំពេញៈ ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា​រថយន្ត​ធុន​ធ្ងន់​ដែល​សមត្ថកិច្ច​ឃាត់ ករណី​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន​ ២១៧ ​គ្រឿង ​ត្រូវ​បាន​ម្ចាស់​មក​ទទួលយក​វិញ​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត ខណៈ​រថយន្ត​ល្មើស​ ១២ ​គ្រឿង​ទៀត ម្ចាស់​កំពុង​បំពេញបែបបទ​។

កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​មន្ត្រី​ជំនាញ​ប្រគល់​រថយន្ត​ធុន​ធ្ងន់​ ២២៩ ​គ្រឿង​ ទៅដល់​ម្ចាស់​ក្រុមហ៊ុន​ ឬ​ម្ចាស់​រថយន្ត​វិញ ដើម្បី​ស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច បន្ទាប់ពី​រថយន្ត​ធុនធ្ងន់​ទាំងនោះ​ត្រូវបាន​ឃាត់ និង​រក្សាទុក​នៅ​ស្ថានីយ​ជញ្ជីង​តាម​បណ្តា​រាជធានី-ខេត្ត​មួយចំនួន រយៈពេល​ ១ ​ឆ្នាំ​ករណី​ដឹក​លើស​​ទម្ងន់​កំណត់​។

លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ តុលា​ថា បន្ទាប់ពី​មាន​ការអនុញ្ញាត​នេះ ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ទាំងនោះ​បាន​មក​បំពេញបែបបទ​ទទួលយក​រថយន្ត​របស់​ពួកគេ​ជា​បន្តបន្ទាប់​។

លោក​បន្តថា គិត​ត្រឹម​ថ្ងៃទី​ ៩ តុលា គឺមាន​រថយន្ត ២១៧ ​គ្រឿង​ត្រូវ​បាន​ប្រគល់ឱ្យ​ម្ចាស់​វិញ​។ ចំណែក ១២ ​គ្រឿង​ទៀត ម្ចាស់​កំពុង​បន្ត​បំពេញបែបបទ​ដើម្បី​ទទួលយក​ទៅវិញ​ដែរ​។

លោក​ថា​៖ «​សល់​តែ​ប៉ុន្មាន​គ្រឿង​ទៀត​ទេ ដែល​មិនទាន់​បាន​​មក​យក ព្រោះ​ពួកគាត់​នៅ​ឆ្ងាយ ហើយ​ម្យ៉ាងទៀត​មាន​ឡាន មួយ​​ចំនួន វា​ខូច វា​ធ្វើ​មិនទាន់​ចេញ ដោយសារ​ទុកចោល​យូរ តែ​ឯកសារ​បំពេញ​រួចហើយ​»​។

ជាមួយ​គ្នា​នេះ លោក តាំង ពៅ បាន​ឱ្យ​ដឹងថា ពេលនេះ សមត្ថកិច្ច​មិនទាន់​បង្ក្រាបបាន​បទល្មើស​ថ្មី​ទាក់ទង​នឹង​ការដឹក​លើស​ទម្ងន់​ទៀត​ទេ ព្រោះ​ច្បាប់​នេះ​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​ឱ្យ​​ទូលាយ​។ ម្យ៉ាងទៀត ម្ចាស់​អាជីវកម្ម​ទាំងនោះ ក៏​មិនទាន់​ហ៊ាន​ប្រព្រឹត្ត​សកម្មភាព​អ្វី​ថ្មី​ក្នុង​ពេលនេះ​ទៀត​ដែរ​។

លោក​បន្ថែមថា​៖ «​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់ គឺ​បន្ទាប់ពី​យើង​បាន​ដោះលែង​ឡាន ហើយ​យើង​នឹង​​មិន​បន្ធូរដៃ​ទេ​គឺ​នៅតែ​រឹតបន្តឹង​ទ្វេដង ហើយ​មកដល់​ពេល​នេះ យើង​ក៏​មិនទាន់​បាន​ឃាត់​រថយន្ត​ល្មើស​ថ្មី​ដែរ ព្រោះ​ការដោះលែង​នេះ យើង​បាន​ផ្សព្វផ្សាយ ហើយ​មួយ​ភ្លែត​ហ្នឹង ជឿថា គាត់​មិន​ហ៊ាន​ធ្វើ​ទៀត​ទេ​»​។

បើតាម​លោក តាំង ពៅ ចំពោះ​រថយន្ត​ធុន​ធ្ងន់​ដែល​ល្មើស​​ច្បាប់​ស្តីពី​ការដឹក​លើស​ទម្ងន់​​កំណត់​នឹងត្រូវ​អនុវត្ត​តាមច្បាប់​ជា​ធរមាន ហើយ​ចំពោះ​រថយន្ត​ដែល​ធ្លាប់​ល្មើស ហើយ​នៅតែ​​ប្រព្រឹត្តល្មើស​ទៀត​នឹងត្រូវ​ពិន័យ​ទ្វេដង​ទៅតាម​ច្បាប់​។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​រំពឹងថា ក្រោយពី​មាន​ការដោះលែង​រថយន្ត​ល្មើស​​ទាំងនេះ​រដ្ឋាភិបាល ជាពិសេស​​ក្រសួង​សាធារណការ​ខ្លួនឯង​ផ្ទាល់​នឹង​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ឱ្យបាន​ទូលំទូលាយ​។

លោក​រំពឹងថា ចាប់ពីពេលនេះ​ទៅ ការអនុវត្ត​ច្បាប់​ស្តីពី​បទល្មើស​ទាំងនេះ​​នឹង​ធ្វើឡើង​ឱ្យបាន​តឹងរ៉ឹង​បន្ថែមទៀត ហើយ​អ្នក​ដែល​មិន​រាងចាល គឺ​ត្រូវ​ទទួល​ទោសទណ្ឌ​ឱ្យបាន​ធ្ងន់ធ្ងរ​ដោយ​គ្មាន​ការលើកលែង​។

លោក​បន្តថា​៖ «​ចន្លោះ​ពេលនេះ​គឺ​ត្រូវមាន​វិធានការ​ត្រឹមត្រូវ​ណាស់​...​ខ្ញុំ​ជឿជាក់ថា សាមីក្រសួង​លោក​នឹងមាន​វិធានការ​ចំពោះ​ករណី​ទាំងនេះ ព្រោះ​មិនអាច​យក​បញ្ហា​កូវីដ​មក​ធ្វើជា​លេស​ដដែលៗ​ទេ​»៕

វីដេអូ៖