ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឱ្យក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាលរួមគ្នាដោះស្រាយបញ្ហាការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិលើវិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ក្រោយពីមិនទាន់មានដំណើរការរលូននៅឡើយ។
លោក ស ខេង បានថ្លែងបែបនេះ នៅពេលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១។
លោកបានថ្លែងថា៖ «កន្លងទៅនេះយើងបានផ្ទេរ សិទ្ធិអំណាច មកឱ្យរដ្ឋបាលខេត្ដទាំងអស់នូវកិច្ចការងារមួយចំនួន ឧទាហរណ៍ដូចវិស័យសុខាភិបាលក៏បានផ្ទេរមក ហើយនិងវិស័យមុខងារសាធារណៈ ការគ្រប់គ្រងមន្ដ្រី ហើយបញ្ហានេះ មិនទាន់ដំណើរការរលូននៅឡើយទេ តែងតែមានបញ្ហា។ អីចឹងហើយបានខ្ញុំស្នើថា សូមឱ្យក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ជំនុំគ្នា»។
លោក ស ខេង បានឱ្យដឹងថា មានករណីដូចជានៅខេត្ដកំពង់ស្ពឺ ហើយនឹងខេត្ដក្រចេះ។ ខេត្ដកំពង់ស្ពឺ បានតែងតាំង ប្រធានមន្ទីរសុខាភិបាល ដោយមិនបានឆ្លងទៅរដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ លោកបន្តថា៖«អាហ្នឹង បើតាមលក្ខខណ្ឌ ដោយឡែករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា មិនខុសទេ ប៉ុន្ដែរឿងវាថ្មី។ ប៉ុន្ដែក្រសួងសុខាភិបាលបានចាត់បញ្ជូន តំណាងដើម្បីទៅចូលរួមក្នុងការប្រកាស»។
ចំណែកខេត្ដក្រចេះតែងតាំងប្រធានមន្ទីរសុខាភិបាលដែរ ប៉ុន្ដែបានធ្វើសំណើមកក្រសួងសុខាភិបាលដើម្បីតែងតាំង ដែលសឱ្យឃើញបញ្ហា ២ នេះ មានសភាពខុសគ្នា។
លោកបញ្ជាក់ថា៖ «ដោយសារគោលការណ៍ហ្នឹង វាមិនត្រូវ ឬវាលឿនពេក ឬក៏ការក្ដាប់មិនជាប់នូវគោលការណ៍ហ្នឹង។ ក្រចេះគាត់ប្រហែលក្ដាប់មិនជាប់នូវគោលការណ៍ហ្នឹងឬយ៉ាងណាទេ។ប៉ុន្ដែខ្ញុំឱ្យប្រជុំទៅរកដំណោះស្រាយសមស្រប ព្រោះវិមជ្ឈការ វិសហមជ្ឈកា តាមពិតទៅយើងត្រូវតែធ្វើ ប៉ុន្ដែមិនត្រូវដូចគេហៅថា រុញឱ្យខ្លោច រោចឱ្យឆៅទេ។ ត្រូវតែមានការសម្របសម្រួលជាមួយគ្នាធ្វើម៉េចធានាប្រសិទ្ធភាព»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលើកឡើងថា ការផ្ទេរសិទ្ធិអំណាច ការតែងតាំងមន្ដ្រីនៅថ្នាក់ក្រោមជាតិ គឺជារឿងសំខាន់មួយ ស្ថិតនៅក្នុងគោលនយោបាយអាទិភាពមួយដែលរដ្ឋាភិបាលកំពុងតែជំរុញការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធ្វើយ៉ាងណាឱ្យសិទ្ធិអំណាច និងការផ្ដល់សេវានៅថ្នាក់ក្រោមជាតិមានភាពល្អប្រសើរ។
លោកបន្តថា៖ «នេះជាយុទ្ធសាស្ដ្រទ្រង់ទ្រាយធំរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនេះ។ អ៊ីចឹងបានយើងឃើញមានការខិតខំប្រឹប្រែងនៅក្នុងការផ្ទេរសិទ្ធិអំណាចទៅមន្ដ្រីថ្នាក់ក្រោមជាតិច្រើនដូច្នេះនីតិវិធី គឺត្រូវធ្វើតាមច្បាប់ដែលមានជាធរមានរបស់រដ្ឋ»។
លោកបញ្ជាក់ថា៖ «បញ្ហានៅស្រុកយើងត្រង់ថា ការធ្វើកិច្ចការងារនៅថ្នាក់ក្រោមជាតិ គឺគេជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការ រវាងអាជ្ញាធរខេត្ដ ហើយនិងមន្ទីរពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិ មានថ្នាក់ខេត្ដ ថ្នាក់ស្រុកជាដើម»។ ក៏ប៉ុន្ដែការលំបាករបស់មន្ទីរនីមួយៗនៅថ្នាក់ក្រោមជាតិ គឺមន្ទីរទាំងនោះ ស្ថិតនៅក្នុងការបញ្ជារបស់ក្រសួង។
លោកបញ្ជាក់ថា៖ «ដល់តែអ៊ីចឹង រដ្ឋបាលខេត្ដគាត់ចង់ធ្វើកិច្ចការអ្វីមួយ មានការលំបាកក្នុងការបញ្ជា ដោយខ្សែស្រឡាយបញ្ជាគឺតាមខ្សែក្រសួង។ កន្លែងនេះហើយដែលមានការលំបាកខ្លាំង»។
លោក ពិសី មើលឃើញថា ទោះបីជាមានការជំរុញឱ្យប្រើប្រាស់នីតិវធីថ្មីលើការតែងតាំងផ្សេងៗ ប៉ុន្ដែចំពោះការអនុវត្ដជាក់ស្ដែងគឺនៅតែមានបញ្ហា។ដូច្នេះលោកចង់ឱ្យមានការពិនិត្យមើលទៅលើអំណាចនៃការតែងតាំងនិងអំណាចនៃការដំឡើង ការដាក់ ឬការដកមន្ដ្រី ថាតើ វាស្ថិតនៅក្រោមអំណាចរបស់ស្ថាប័នណា។
លោកបញ្ជាក់ថា៖ «ប្រសិនបើការដក ឬការដាក់សិទ្ធិអំណាច ស្ថិតនៅក្នុងដៃរបស់ក្រសួងសាមីនីមួយៗដដែលដូច្នេះការិយាល័យរដ្ឋបាលខេត្ដក៏មិនមានអំណាចអ្វីដែរ ក្នុងការចាត់ចែងការងាររបស់រដ្ឋបាលខេត្ដ»៕