ភ្នំពេញៈ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ សម្រាប់ឆ្នាំ ២០២១ នេះនឹងមិនអនុញ្ញាតឱ្យមានការប្រារព្ធដូចឆ្នាំមុនៗឡើយ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង នាថ្ងៃទី ១១ ខែតុលា។
លោក ស ខេង មានប្រសាសន៍ថា៖ «ឥឡូវនេះចូលដល់ខែតុលា តាមការសម្រេចរបស់រាជរដ្ឋាភិបាលគឺឆ្នាំនេះ យើងមិនបានប្រារព្ធពិធីបុណ្យអុំទូក អកអំបុក ដូចបណ្តាឆ្នាំមុនៗទេ ដោយសារបញ្ហាកូវីដនេះឯង។ ប៉ុន្តែនៅឆ្នាំ ២០២២ ដែលនឹងឈានចូលមកដល់នោះ យើងមានព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយរបស់ជាតិ ដែលមិនអាចរំលងបាន គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់»។
នៅឆ្នាំ ២០២១ នេះព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រសិនបើ អាចប្រារព្ធបាននឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ ដែលចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខនេះ។
លោក ស ខេង ដែលក៏ជាឧបនាយករដ្ឋមន្ត្រីផងនោះបានអំពាវនាវ នាឱកាសនោះផងដែរ ដោយប្រាប់ឱ្យប្រជាពលរដ្ឋត្រូវរៀនរស់ក្នុងស្ថានភាពកូវីដ ១៩ ដែលមេរោគនេះមិនទាន់មានភាពធូរស្រាលនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «មកដល់ពេលនេះមិនទាន់មានអ្នកណាទស្សន៍ទាយ ឬសន្និដ្ឋានជាក់លាក់ថា ឆ្នាំណាមេរោគនេះនឹងបញ្ចប់ទេ។ ដូច្នេះ ប្រសិនបើយើងមិនបញ្ចប់បញ្ហានេះទេ ហើយយើងនៅបន្តបិទប្រទេសទាំងមូល ឬដាច់ដោយដុំៗក៏ដោយ ក៏វានៅតែប៉ះពាល់ទៅដល់សេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះយើងត្រូវរៀនរស់ក្នុងស្ថានភាពកូវីដ»។
មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មិនអាចទាក់ទងសុំព័ត៌មានបន្ថែមទាក់ទងនឹងពិធីបុណ្យអុំទូកនេះបានទេ កាលពីថ្ងៃទី ១១ ខែតុលា។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២០ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដូចគ្នាផងដែរ ដោយសារមានការឆ្លងនៃវីរុសកូវីដ ១៩ តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។
លោក ប៊ុត រ៉ា អាយុ ២៥ ឆ្នាំ ជាកម្មករសំណង់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែតុលាថា លោកក៏មិនចង់ឱ្យមានការប្រារព្ធពិធីបុណ្យអុំទូកនេះដែរ ដោយសារប្រទេសកម្ពុជានៅមានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើន។ លោកបារម្ភថា វាអាចនឹងផ្ទុះការឆ្លងជំងឺនេះកាន់តែខ្លាំងថែមទៀត។
លោកនិយាយថា៖ «ទាំងគេទាំងខ្ញុំ គឺចង់សប្បាយ ចង់ឈប់សម្រាកជួបជុំគ្រួសារ មិត្តភក្តិ ប៉ុន្តែដូចយើងដឹងស្រាប់ហើយប្រទេសយើងនៅមានអ្នកឆ្លងវីរុសកូវីដ ១៩ ច្រើនណាស់។ មិនធ្វើពិធីបុណ្យនេះ គឺល្អណាស់»។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក និងសំពះ ព្រះខែ ធ្លាប់ត្រូវបានផ្អាកការប្រារព្ធរយៈពេល ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១១ ២០១២ និងឆ្នាំ២០១៣ បន្ទាប់ពីមានព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពាន នៅកោះពេជ្រដែលបណ្តាលឱ្យមានមនុស្សជាច្រើនរយនាក់បានស្លាប់ និងរបួសផងដែរ។
ការផ្អាកបន្តបន្ទាប់ទៀត គឺដោយសារគ្រោះទឹកជំនន់ និងក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ នៅឆ្នាំ ២០១៥ ពិធីបុណ្យនេះក៏ត្រូវបានផ្អាកម្តងទៀតដោយសារទឹកទន្លេរាក់ពេកដែលធ្វើឱ្យទូកមិនអាចអុំបាន៕
វីដេអូ៖