ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវ សាងសង់លើប្រព័ន្ធលូ និងបានចាក់សាបបេតុងចូលរំលោភលើផ្លូវជិត ២ ម៉ែត្រ ជាង ១០ តូបដែលស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះរុះរើនេះបានធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលដឹកនាំ ដោយលោក សុយ សារិទ្ធិ អភិបាលរងរាជធានីភ្នំពេញ។ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំក្រុមការងារ ចុះធ្វើការរុះរើសំណង់សាងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈនៅទីតាំងផ្ទាល់។
លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងក្រុមការងារ ដែលបានចុះអនុវត្តការងាររុះរើសំណង់ដោយផ្ទាល់បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នេះថាសំណង់ដែលត្រូវបានរុះរើនេះ គឺមានជាង ១០ តូប ដែលមានម្ចាស់តែម្នាក់ ដោយបានសង់រំលោភផ្លូវសាធារណៈជាយូរមកហើយ។
លោកថ្លែងថា៖ «មុនពេលចុះទៅរុះរើ អាជ្ញាធរខណ្ឌបានជូនដំណឹង និងបានទុកពេលឱ្យម្ចាស់សំណង់រុះរើ ដោយខ្លួនឯងក្រោយភ្ជុំហើយ។ ប៉ុន្តែមកដល់ពេលនេះម្ចាស់សំណង់ នៅតែមិនបានរុះរើ។ ដូចនេះអាជ្ញាធរសម្រេចប្រើវិធានការក្តៅចុះរុះរើតែម្តង»។
បើតាមលោក ប៉ាង លីដា អស់រយៈពេលជិត ១ ឆ្នាំកន្លងមកហើយ ដែលសំណង់ខុសច្បាប់នេះត្រូវបានសាងសង់រំលោភលើដីចំណីផ្លូវ សាងសង់លើប្រព័ន្ធលូ និងបានចាក់សាបបេតុងចូលរំលោភលើផ្លូវជិត ២ ម៉ែត្រ។ កាលពីថ្ងៃទី ១០ ខែតុលា ម្ចាស់សំណង់ក៏បានបន្តការសាងសង់ដោយបានបាំងស័ង្កសីពីក្រៅ ដើម្បីឱ្យក្រុមជាងលួចធ្វើខាងក្នុងទៀតផង។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើងថា បញ្ហានៃការរំលោភបំពានដីចំណីផ្លូវចេះតែកើតមានអាចបណ្តាលមកពីកត្តា ៣។ ទី ១ មកពីអាជ្ញាធរមូលដ្ឋានអាចនឹងទទួលបានលាភសក្ការៈ ឬប្រយោជន៍នៃការសាងសង់ទាំងនេះ ដែលបណ្តាលឱ្យបញ្ហានេះចេះតែកើតមានឡើងជាបន្តបន្ទាប់។
ចំណុចទី ២ លោកមើលឃើញថា ចំពោះបញ្ហានេះប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ក៏បានដឹងដែរថា ការរំលោភយកដីចំណីផ្លូវ គឺជាអំពើខុសច្បាប់។ ប៉ុន្តែពួកគេនៅបន្តរំលោភបំពានដោយគិតថា ការធ្វើបែបនេះនឹងទទួលបាននូវផលប្រយោជន៍ផ្ទាល់ខ្លួនបណ្តោះអាសន្នក្នុងករណីដែលអាជ្ញាធរមិនមានចំណាត់ការ។
រីឯចំណុចទី ៣ លោក គង់ រតនៈ មើលឃើញថាការដែលបញ្ហានៃការរំលោភបំពានដីចំណី ឬផ្លូវសាធារណៈនេះ ក៏ព្រោះតែរាល់ចំណាត់ការដែលមានចំពោះអ្នករំលោភបំពានទាំងនេះ គឺច្រើនតែធ្វើឡើងតាមបញ្ជាពីថ្នាក់លើ ឬធ្វើឡើងជាប្រព័ន្ធ ដែលនាំឱ្យការបង្ក្រាបនោះហាក់មានការខ្វះចន្លោះ។
លោកបញ្ជាក់ថា៖ «ទាក់ទងនឹងវិធានការទាំងនេះ ខ្ញុំគិតថា ប្រសិទ្ធភាពនេះគឺហាក់ដូចជាមិនទាន់ធ្វើបានល្អទេ។ ខ្ញុំគិតថា អាជ្ញាធរ គួរតែស្វែងរកឫសគល់ថា ហេតុអ្វីបានប្រជាពលរដ្ឋហ្នឹង គាត់សម្រេចចិត្តសាងសង់សំណង់លើផ្លូវសាធារណៈ។ មួយទៀតយើងត្រូវផ្តោតលើយុទ្ធសាស្ត្របង្ការកុំឱ្យពលរដ្ឋរំលោភបំពានបន្ថែមទៀត»៕
វីដេអូ៖