កំពង់ធំៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តគម្រោងរ៉េតបូក (REDD+) ដើម្បីថែរក្សាការពារព្រៃឈើ សម្រាប់លក់កាបូនព្រៃឈើ បន្ទាប់ពីដីនេះត្រូវបានចុះបញ្ជីជាដីសហគមន៍ព្រៃឈើអូរបុស្សលាវ ដែលមានទំហំ ១ ៣៥៩ ហិកតា នៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២១។
លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានថ្លែងនៅថ្ងៃទី ១១ ខែតុលា ថា គម្រោងរ៉េតបូកគឺជាការរក្សាព្រៃឈើទុកដើម្បីយកកាបូនព្រៃឈើនោះលក់។ ក្រសួងទើបបានចុះបញ្ជីដីសហគមន៍ព្រៃឈើអូរបុស្សលាវ ដែលស្ថិតនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំមានផ្ទៃដីទំហំ ១ ៣៥៩ ហិកតា ដើម្បីរក្សាព្រៃនៅទីនោះ សម្រាប់យកកាបូន។
លោកបានបន្តថា ផលនៃការលក់កាបូនព្រៃឈើនឹងត្រូវបែងចែកជូនទៅដល់សហគមន៍ព្រៃឈើ ចំណែកដីព្រែដែលបានចុះបញ្ជីជាដីរដ្ឋនោះមិនអនុញ្ញាតឱ្យមានការកាប់រានទន្ទ្រានឡើយ ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចអាស្រ័យផលបានធម្មតាពីព្រៃឈើនោះ។
លោកបញ្ជាក់ថា៖ «ពលរដ្ឋគាត់នៅតែអាចរកជ័រទឹក វល្លិ ផ្តៅ អ៊ីចឹងទៅប្រសិនបើវាមាននៅក្នុងព្រៃហ្នឹងគាត់នៅតែអាចប្រកបរបរហ្នឹងបានដដែល។
ប៉ុន្តែគ្រាន់តែគាត់ត្រូវជួយចូលរួមល្បាតថែរក្សាការពារព្រៃឈើ ដើម្បីឱ្យនៅគង់វង្ស ហើយយើងអាចទទួលបានកាបូន ដើម្បីយកទៅលក់»។
បើតាមលោក សួន សុវណ្ណ ការចុះបញ្ជីដីសហគមន៍ព្រៃឈើអូរបុស្សលាវនេះគឺបានទទួលប្រកាសពីក្រសួងកសិកម្មចុះថ្ងៃទី ២០ សីហា ២០១០។
មានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅថ្ងៃទី ២៥ សីហា ២០១១ និងបានទទួលអនុផែនការគ្រប់គ្រងព្រៃសហគមន៍ នៅថ្ងៃទី ៤ សីហា ២០១៧។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកប្រភពទំនាក់ទំនងទៅសហគមន៍ព្រៃឈើអូរបុស្សលាវបានទេនៅថ្ងៃទី ១១ ខែតុលា។
ប៉ុន្តែយ៉ាងណា លោក សួន សុវណ្ណ បញ្ជាក់ថា ពលរដ្ឋមានការសប្បាយរីករាយ នៅពេលដឹងថា សហគមន៍នោះត្រូវបានចុះបញ្ជីជាដីរដ្ឋដោយជោគជ័យ។ លោកបញ្ជាក់ទៀតថា ការចុះបញ្ជីដីសហគមន៍ព្រៃឈើអាចធ្វើទៅបានលុះត្រាតែដីនោះមិនមានជម្លោះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកថ្លែងនៅថ្ងៃទី ១១ ខែតុលា ថាលោកមានការពេញចិត្តចំពោះការចុះបញ្ជីដីសហគមន៍ព្រៃឈើ ព្រោះនេះជាអ្វីដែលគ្រប់គ្នាចង់ឃើញឆន្ទៈរបស់ស្ថាប័នពាក់ព័ន្ធក្នុងការការពារព្រៃឈើ។ លោកបន្តថា កន្លងមកមានតំបន់ខ្លះ បើទោះបីជាមានការពារដោយអនុក្រឹត្យក៏ដោយ ក៏នៅតែមានការរំលោភបំពានដដែល។
លោកបញ្ជាក់ថា៖ «ការចុះបញ្ជីដីព្រៃសហគមន៍ហ្នឹងគឺជាមូលដ្ឋានសម្រាប់សហគមន៍ព្រៃឈើដែលរស់នៅតំបន់ហ្នឹងគាត់អាចមានសិទ្ធិក្នុងការចូលរួម ដើម្បីធ្វើការការពារ ដោយយោងទៅតាមការចុះបញ្ជិកាហ្នឹង»៕