ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងថា ភាគច្រើននៃអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយមានចំនួនតិចតួចទេដែលអ្នកបានចាក់វ៉ាក់សាំងហើយឈឺ។
លោកស្រីបានថ្លែងដូច្នេះ ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី១ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី ១១ ខែតុលា ដោយលោកស្រីបានបញ្ជាក់ថា៖ «តាមការសង្កេតរបស់យើង ហើយក៏ដូចជាព័ត៌មានដែលយើងទទួលបាន គឺភាគច្រើនជាអ្នកដែលអត់បានចាក់វ៉ាក់សាំង ហើយមានតែចំនួនតូចទេដែលគាត់បានចាក់វ៉ាក់សាំងហើយឈឺ ប៉ុន្តែអ្នកដែលចាក់ហើយឈឺនេះ គឺទាក់ទងនឹងបញ្ហាសុខភាពរបស់គាត់ផងដែរ»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា អ្នកដែលមិនបានចាក់វ៉ាក់សាំងហើយឆ្លងវីរុសកូវីដ ១៩ មានការវិវត្តទៅរកសភាពធ្ងន់ធ្ងរលឿន ដែលនេះជាចំណុចមួយដែលអ្នកមិនទាន់បានចាក់វ៉ាក់សាំងត្រូវសម្រេចចិត្តឱ្យបានលឿន។ ប្រសិនបើគេគ្រប់គ្នាចាក់រួចអស់ហើយ នៅតែម្នាក់ៗឬ ២ នាក់នោះ មេរោគកូវីដ ១៩ នេះ នឹងឆ្លងទៅអ្នកដែលមិនបានចាក់វ៉ាក់សាំងមុនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ហើយជំងឺនឹងមានស្ថានភាពធ្ងន់ធ្ងរជាងអ្នកដែលបានចាក់វ៉ាក់សាំងរួច៕