បាត់ដំបងៈ បើមិនមានអ្វីប្រែប្រួលទេបណ្ណាល័យជាតិដ៏ធំបំផុត ដែលស្ថិតក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបងក្នុងខេត្តបាត់ដំបង នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីអនុញ្ញាតឱ្យសិស្សនិស្សិតចូលសិក្សាស្រាវជ្រាវទៅលើមុខវិជ្ជាដែលកំពុងរៀន និងជំនាញបច្ចេកទេសដូចជា វិស័យកសិកម្ម និងបច្ចេកវិទ្យាជាដើម។
លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែតុលាថា បណ្ណាល័យជាតិនេះរហូតមកទល់ពេលនេះត្រូវបានរៀបចំរួចរាល់ ១០០ ភាគរយ ដែលអាចនឹងចាប់ផ្តើមសម្ពោធដាក់ឱ្យប្រើនៅខែវិច្ឆិកា ឆ្នាំនេះទៅតាមផែនការដែលបានកំណត់។
លោកបានបន្តថា បណ្ណាល័យដ៏ធំមួយនេះ អាចផ្ទុកសៀវភៅគ្រប់ប្រភេទឱ្យសិស្សនិស្សិតចូលសិក្សាស្រាវជ្រាវចំនួនជាង ៣ ម៉ឺនក្បាលដែលសៀវភៅទាំងនេះបានមកពីការឧបត្ថម្ភរបស់ក្រសួងស្ថាប័នជាតិនានា និងសៀវភៅខ្លះទៀតត្រូវបានបញ្ជាទិញតាមរយៈគម្រោងកែលម្អឧត្តមសិក្សា។ ក្រៅពីនេះ បណ្ណាល័យនេះក៏អាចផ្ទុកអ្នកចូលអានបានចំនួន ៥០ នាក់ក្នុង ១ លើកៗផងដែរ។
បណ្ណាល័យនេះត្រូវបានសាងសង់កម្ពស់ ២ ជាន់ និងទំហំ ៣០ ម x៣០ ម ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង និងធំជាងគេបំផុតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។ ក្រៅពីនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យនេះ ប្រជាពលរដ្ឋធម្មតា និងសិស្សនិស្សិតនៅខាងក្រៅក៏អាចចូលទៅសិក្សា និងស្រាវជ្រាវនៅក្នុងបណ្ណាល័យនេះបានដែរ ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាតម្រូវឱ្យមានកាតសមាជិក ដើម្បីងាយស្រួលគ្រប់គ្រង ព្រោះសៀវភៅនីមួយៗមានតម្លៃ ១២០ ដុល្លារ ឬ ២៣០ ដុល្លារអាមេរិកក្នុង ១ ក្បាល។
បើតាម លោក សុខ ឃន បណ្ណាល័យនេះក៏នឹងបំពាក់នូវ E-Library បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យសិស្សនិស្សិត ទាំងអស់អាចចូលទៅមើលក្នុងកុំព្យូទ័រតាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណិតអាចអាន និងទាញយកសៀវភៅរាប់សែនក្បាលដែលត្រូវបានគេបង្ហោះនៅក្នុង E-Library របស់ប្រទេសនានាដែលជាដៃគូ និងស្ថាប័នដែលអនុញ្ញាតឱ្យចូលទៅមើល ឬទាញយកមកទុកអានបានគ្រប់ពេល។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងរៀបចំបណ្ណាល័យនេះ យើងដាក់បេសកកម្មរបស់យើងធំៗចំនួន ២ ទី ១ គឺវានឹងក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស និងទី ២ គឺជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ។ វាមិនមែនត្រឹមតែសិក្សាស្រាវជ្រាវធ្វើនិក្ខេបបទ និងបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវលើវិស័យកសិកម្ម និងបច្ចេកវិទ្យាជាដើម»។
លោកបន្តទៀតថា ទៅថ្ងៃអនាគត បណ្ណាល័យនេះក៏នឹងបង្កើតឱ្យទៅជាថ្នាលបណ្តុះអាជីវកម្ម ដែលអនុញ្ញាតឱ្យសិស្សនិស្សិត និងប្រជាពលរដ្ឋគ្រប់រូបចូលទៅសិក្សាស្រាវជ្រាវផងដែរ។ ក្រៅពីនេះ ក៏នឹងរៀបចំឱ្យមានឡាបូ (Lab) សម្រាប់ធ្វើតេស្តគ្រឿងសំណង់ និងចំណីអាហារជាតិដែលយកមកពីខេត្តជាប់ព្រំដែនដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ និងសៀមរាប ព្រោះនៅពេលខាងមុខហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានភាពងាយស្រួល។
កញ្ញា លន់ ស្រីម៉ី និស្សិតឆ្នាំទី ១ ជំនាន់ទី ១៧ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរំពឹងថា នៅពេលបើកសម្ពោធដាក់ឱ្យដំណើរការនូវបណ្ណាល័យនេះនឹងអនុញ្ញាតឱ្យសិស្សនិស្សិត ចូលអានសៀវភៅប្រមាណជាង ៣ ម៉ឺនក្បាល ដើម្បីបង្កើនចំណេះដឹង និងសិក្សាស្រាវជ្រាវបន្ថែមលើមុខវិជ្ជាដែលខ្លួនកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ។
កញ្ញាបន្តថា បណ្ណាល័យនេះមានទំហំធំ និងមានកម្ពស់ ២ ជាន់ និងធំជាងគេបំផុតនៅខេត្តបាត់ដំបងដែលមិនធ្លាប់មានពីមុនមកនោះទេ។ មិនមែនមានតែសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែបណ្ណាល័យនេះ បំពាក់ទៅដោយ E-Library ផ្តល់ឱកាសសិស្សនិស្សិត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ និងសិស្សនិស្សិតមកពីខាងក្រៅបានចូលទៅសិក្សាស្រាវជ្រាវ បានយ៉ាងទូលំទូលាយ និងងាយស្រួលផងដែរ។
កញ្ញាថ្លែងថា៖ «កាលពីមុន អត់មានបណ្ណាល័យធំជាងគេអ៊ីចឹងទេ ទើបតែមាននៅឆ្នាំនេះ វានឹងរួមចំណែកបណ្តុះការអាន និងសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតឱ្យកាន់តែមានចំណេះដឹងទូលំទូលាយ ព្រោះនៅក្នុងបណ្ណាល័យនេះមានទាំង E-Library ថែមទៀត»។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ បានចុះពិនិត្យទិដ្ឋភាពទូទៅនៃបណ្ណាល័យជាតិសាកលវិទ្យាល័យជាតិបាត់ដំបង និងអាងហែលទឹកខ្នាតអន្ដរជាតិដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ៕