សៀមរាបៈ អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាបកំពុងរៀបចំស្តារត្រពាំងបុរាណឈ្មោះថា «ត្រពាំងហែផ្កា» ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីអភិរក្សទាក់ទាញភ្ញៀវទេសចរ និងបង្កើតមុខរបរ ឬអាជីវកម្មលក់ដូរជូនពលរដ្ឋនៅក្បែរត្រពាំងបុរាណនោះ។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវបានឱ្យដឹងកាលពីថ្ងៃទី ១០ ខែតុលាថា ត្រពាំងបុរាណនេះមានទំហំប្រមាណ ៦ ហិកតា នឹងត្រូវជីកស្តារជម្រៅ ៣ ម៉ែត្រ។ ការជីកស្តារត្រពាំងបុរាណនេះ គឺជីកដីក្នុងត្រពាំងយកមកចាក់នៅជុំវិញត្រពាំងដែលមានទំហំជុំវិញស្មើនឹង ១ ពាន់ម៉ែត្រ និងទទឹង ៥០ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ។
យ៉ាងណាការជីកស្តារនេះ នៅមិនអាចកំណត់ថា ត្រូវចំណាយថវិកាចំនួនប៉ុន្មាននោះទេ។
លោកបានថ្លែងថា៖ «ការចាក់ដីនេះយើងធ្វើរបៀបដូចភាសាមួយគេនិយាយថា យកស្លឹកត្នោតខ្ចប់ស្ករត្នោត គឺយើងឱ្យគេដឹកចាក់នៅទីតាំងដែលយើងកំណត់ហើយយើងគិតជាលុយឱ្យគេ [ថ្លៃដឹក] តែយើងគិតយកតម្លៃអាចម៍ដីយើង ដោះដូរអ៊ីចឹង»។
បើតាមលោកចៅសង្កាត់ជ្រាវ បច្ចុប្បន្នត្រពាំងបុរាណនោះមានការរីងគោកទឹកអស់ហើយ ចំណែកការស្តារត្រពាំងបុរាណនេះគឺមានបំណង ដើម្បីជាការអភិរក្សកុំឱ្យមានការរំលោភយកពីសំណាក់ប្រជាពលរដ្ឋ បង្កើតជាកន្លែងកម្សាន្តទាក់ទាញភ្ញៀវទេសចរ និងរៀបចំឱ្យមានកន្លែងលក់ដូរជួយជីវភាពប្រជាពលរដ្ឋនៅជុំវិញនោះផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងចង់រៀបចំទីកន្លែងហ្នឹងឱ្យស្អាត មានរមណីយដ្ឋាន មានសួន មានកន្លែងឱ្យពលរដ្ឋលក់ដូរអីតិចតួចទៅណា ក្រែងលោបានកម្រៃដោះស្រាយក្នុងគ្រួសារ ក្នុងមូលដ្ឋាននេះ។ បើយើងទុកចោលអ៊ីចឹងទៅវាដូចជាឥតប្រយោជន៍ ហើយមានការរំលោភយកពីប្រជាពលរដ្ឋ នេះជាការស្នើសុំរបស់ខ្ញុំទៅអាជ្ញាធរជាតិអប្សរា»។
យ៉ាងណាក៏ដោយ ការស្តារត្រពាំងបុរាណមួយនេះមានប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការមិនពេញចិត្ត និងបាននាំគ្នាតវ៉ាមិនឱ្យអាជ្ញាធរដាក់គ្រឿងចក្រចូល ដើម្បីជីកស្តារនោះទេ។ ក៏ប៉ុន្តែ លោក ក្អោប រ៉ន បានបញ្ជាក់ថា អ្នកដែលមិនពេញចិត្តក្នុងការអភិវឌ្ឍនេះគឺអ្នកដែលបានរំលោភយកដីក្នុងត្រពាំងនោះឯង។
លោកបានថ្លែងថា៖ «គេមានមេខ្លោង ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណជិត ៣០០ នាក់ បានយកពាក្យសុំអន្តរាគមន៍ទៅដាក់នៅសាលាខេត្ត ប៉ុន្តែដោយសារខាងខេត្តកំពុងជាប់រវល់រឿងបញ្ហាកូវីដក៏មិនទាន់បានដោះស្រាយនូវពាក្យបណ្តឹងនោះដែរ»។
លោកចៅសង្កាត់បញ្ជាក់ថា ចំពោះការស្តារនេះគឺមានអាជ្ញាប័ណ្ណពីខេត្ត និងការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរារួចហើយនៅតែការដោះស្រាយចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលយកទៅដាក់នៅសាលាខេត្តប៉ុណ្ណោះ។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបថ្លែងនៅថ្ងៃទី ១០ ខែតុលាថា ជុំវិញរឿងនេះ លោកនៅមិនទាន់បានដឹងនៅឡើយ។ ចំណែកលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា អាជ្ញាធរជាតិអប្សរាអនុញ្ញាតជាគោលការណ៍ឱ្យមានការស្តារត្រពាំងបុរាណនោះ ប៉ុន្តែការជីកស្តារជាការទទួលខុសត្រូវរបស់អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាប ព្រោះនេះជាការស្នើសុំពីអាជ្ញាធរនៅទីនោះ។
យ៉ាងណាចំពោះការស្តារត្រពាំងបុរាណ ឈ្មោះត្រពាំងហែផ្កានេះ អាជ្ញាធរជាតិអប្សរាក៏បានផ្តល់លក្ខណៈបច្ចេកទេស ដូចជា ការធ្វើកំណាយបុរាណវិទ្យាផងដែរ។
ជុំវិញករណីនេះ ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺពីតំណាងប្រជាពលរដ្ឋបានឡើយនៅថ្ងៃទី ១០ ខែតុលា៕