ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាង ៥ ០០០ នាក់ដែលស្ថិតនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈ ទ្រង់ទ្រាយធំនៃរាជធានី-ខេត្តចំនួន ៣ ដែលម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ១៦ ម៉ឺនរៀល។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងនៅថ្ងៃទី ១២ តុលាថា កម្មករទាំងនោះគឺស្ថិតក្នុងរោងចក្រជាង ៧០ រោងចក្រ ដែលស្ថិតក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុក្នុងខេត្តព្រះសីហនុ។
ក្រសួងបានបញ្ជាក់ទៀតថា៖ «ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន ១៦ ម៉ឺនរៀល តែ ១ លើកគត់ស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសពេលកន្លងមក»។
ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានរំឭកផងដែរថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ២១ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារ វីង។
ក្រសួងការងារបានណែនាំបន្ថែមថា៖ «ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ»។
នៅក្នុងករណីកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រសហគ្រាសចំនួន ៧៤ នេះមិនបានទទួលសារទូរស័ព្ទពីធនាគារ វីង ឬមានចម្ងល់ផ្សេងៗនោះ ក្រសួងណែនាំឱ្យកម្មករទាំងអស់ធ្វើការទំនាក់ទំនងសួរព័ត៌មានបន្ថែម តាមរយៈក្រុមតេឡេក្រាមសម្រាប់កម្មករនិយោជិត https//t.me/KhmerWorkerChat។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានលើកឡើងថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងពេលនេះគឺបង្ហាញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយល់សុខទុក្ខពីបញ្ហាដែលកម្មករបានជួបប្រទះក្នុងពេលបច្ចុប្បន្ន។ ប្រាក់ឧបត្ថម្ភនេះគឺមើលទៅមិនច្រើននោះទេ ប៉ុន្តែវាក៏បានចូលរួមជួយសម្រួលដល់ជីវភាពរបស់កម្មករបានមួយរយៈពេលផងដែរ។
លោក ប៉ាវ ស៊ីណា បានថ្លែងដោយសង្ឃឹមថា ក្រសួងការងារនឹងផ្តល់ពេលវេលាថែមទៀតដល់កម្មករដែលអាចទទួលបានថវិកាទាំងនេះ ព្រោះកម្មករភាគច្រើនមិនបានទទួលព័ត៌មានអាចនឹងខកខានទទួលថវិកាទាំងនេះ។
លោកបានថ្លែងថា៖ «ថវិកាទាំងនេះគឺវាមិនច្រើនទេ ប៉ុន្តែវាជួយសម្រួលទុក្ខលំបាករបស់បងប្អូនកម្មករបានមួយផ្នែកដែរ ហើយបើទោះជាក្រសួងទុកពេលឱ្យកម្មករមកទទួលលុយទាំងនេះក្នុងរយៈពេល ២១ ថ្ងៃក៏ដោយក៏ខ្ញុំគិតថាមិនគួរកំណត់ពេលវេលាទេ ព្រោះកម្មករយើងអាចនឹងមិនបានទទួលការប្រកាសណាមួយ។ ដូច្នេះគួរតែទុកពេលឱ្យបានយូរ ឬមួយក៏ក្រសួងត្រូវតែធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត ដើម្បីឱ្យដឹងដល់កម្មករ»៕