ភ្នំពេញៈ កម្ពុជាប្រកាសប្តេជ្ញាពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកាហ្សាក់ស្ថាន ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង ២ ព្រមទាំងប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
តបតាមការអញ្ជើញរបស់លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសប្រទេសកាហ្សាក់ស្ថាន (Kazakhstan) លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ CICA លើកទី ៦ នៅថ្ងៃទី ១២ ខែតុលា តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមមូលបទ «សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអាស៊ីក្នុងតថភាពថ្មីនៃពិភពលោក ក្រោយការរីករាលដាលនៃជំងឺរាតត្បាត»។ កិច្ចប្រជុំនេះ ផ្តល់ឱកាសសម្រាប់អ្នកចូលរួមទាំងអស់ផ្លាស់ប្តូរយោបល់គ្នា អំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ CICA។ ជាពិសេស ការស្តារឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ ១៩ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១១ ខែតុលាថា៖ «ការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថារបស់ឯកឧត្តម ប្រាក់ សុខុន ក្នុងកិច្ចប្រជុំបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ CICA ព្រមទាំងនឹងជួយពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង ២»។
ក្រសួងបញ្ជាក់ថា ក្នុងបទអន្តរាគមន៍ លោក ប្រាក់ សុខុន នឹងធ្វើការកោតសរសើរចំពោះដំណើរការរបស់កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកអាចនឹងលើកឡើងផងដែរអំពីជំងឺកូវីដ ១៩ និងផលប៉ះពាល់មកលើសន្តិភាព និងវិបុលភាពរបស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។
ក្រសួងបញ្ជាក់ថា៖ «ឯកឧត្តម [ប្រាក់ សុខុន] ក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដប្រជាដល់កិច្ចប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ ១៩»។
CICA គឺជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការជំរុញឱ្យមានសន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១២ តុលា ថា សន្និសីទនេះគឺជាយន្តការអន្តរជាតិមួយដែលបង្ហាញឱ្យមានការយកចិត្តទុកដាក់ ឬមានវិធានការរួមពីសំណាក់សហគមន៍អន្តរជាតិលើបញ្ហាដែលកំពុងប្រឈម ដូចជាការរាតត្បាតជំងឺកូវីដ ១៩ ការស្តារ និងការកសាងប្រទេសឡើងវិញ សន្តិភាព និងស្ថិរភាពតំបន់។ វិធានការនៃការកសាងទំនុកចិត្តមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងសន្តិភាពតំបន់។
លោកថ្លែងថា ដោយសារប្រទេសទាំងអស់ខ្វះទំនុកចិត្តគ្នា និងមានការប្រកួតប្រជែងគ្នា ទើបធ្វើឱ្យតំបន់ និងពិភពលោកបាត់បង់ស្ថិរភាព និងជួបបញ្ហាអសន្តិសុខ។
លោក គិន ភា បានថ្លែងថា៖ «វាបានរួមចំណែកសំខាន់ ហើយវាត្រូវជាមួយនឹងគោលបំណងនៃនយោបាយការបរទេសកម្ពុជា ដែលយើងប្រាថ្នាចង់ឃើញតំបន់មានសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាប័ន្ន»។
កាលពីឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃ CICA ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋសមាជិក ២៧ ប្រទេស រួមទាំងប្រទេសឃ្លាំមើលផង។ លោកថ្លែងថា កម្ពុជាកំពុងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតជាមួយប្រទេសជាសមាជិករបស់ CICA ទាំងអស់ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។
លោក ហ៊ុន សែន បានស្នើប្រទេសសមាជិក CICA ធ្វើការកាន់តែជិតស្និទ្ធជាមួយគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលផ្ដល់ឱកាសដ៏ល្អសម្រាប់ប្រទេសសមាជិក CICA ដើម្បីពន្លឿនការតភ្ជាប់តំបន់ និងពង្រឹងប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក៕