ភ្នំពេញៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវលិខិតចេញពីក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយពីព្រះអង្គបានទទួលលិខិតនេះពីលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី ១១ តុលា ស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញអំពីការផ្តួចផើ្តមគំនិតធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ។
ក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១១ តុលា ព្រះមហាក្សត្របានឱ្យដឹងថា ព្រះអង្គបានទទួលនូវលិខិតចុះថ្ងៃទី ១១ តុលារបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធមុ្មនុញ្ញស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញអំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និង មាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ មាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែ ១ គត់។
ព្រះមហាក្សត្របញ្ជាក់ក្នុងព្រះរាជសារថា៖ «ខ្ញុំសូមប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញខាងលើនេះ ដើម្បីចាត់ការតាមនីតិវិធី»។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាថ្លែងនៅថ្ងៃទី ១២ តុលា ថា រដ្ឋសភាបានទទួលសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ មាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមកាលពីល្ងាចថ្ងៃទី ១១ ខែតុលា។ បន្ទាប់ពីបានទទួលហើយ រដ្ឋសភានឹងប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍។
លោកថ្លែងថា៖ «ថ្ងៃទី ១៤ នេះ យើងប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ ដើម្បីសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញ ដើម្បីឱ្យគេធ្វើការសិក្សាស្រាវជ្រាវថាច្បាប់នេះត្រឹមត្រូវទៅតាមធម្មនុញ្ញជាតិ ឬត្រឹមត្រូវតាមច្បាប់ជាតិ ទាំងមូល ឬគ្មានត្រង់ណា ដើម្បីធ្វើរបាយការណ៍បញ្ជូនមកគណៈកម្មាធិការអចិន្រៃ្តយ៍ អំពីលទ្ធផលនៃការស្រាវជ្រាវ»។
លោក ប៉េងឡុង បន្ថែមថា៖ «ហើយក្នុងរបាយការណ៍នោះ គណៈកម្មការជំនាញនឹងមានយោបល់ថា ដាក់ជូនសម័យប្រជុំពេញអង្គ ឬមិនដាក់ជូន ឬទាត់ចោលយ៉ាងម៉េច គឺទៅតាមនីតិវិធីរបស់សភា»។
សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី ១១ តុលា បានឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មីមាត្រា ៨២ ថ្មីមាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
សេចក្ដីប្រកាសបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយផ្អែកលើមាត្រា ១៥៣ ថ្មី (ពីរមាត្រា ១៥១ ថ្មី) មាត្រា ១៥៤ ថ្មី (ពីរមាត្រា ១៥២ ថ្មី) និងមាត្រា ១៥៥ ថ្មី (ពីរមាត្រា ១៥៣ ថ្មី) នៃរដ្ឋធម្មនុញ្ញ។
ការស្នើសុំធ្វើវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិអាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង។ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនស្ថិតក្នុងភាពអាសន្ន។
ទាក់ទងនឹងដំណើរការនៃការរៀបចំធ្វើវិសោធនកម្មធម្មនុញ្ញនេះ លោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ១១ តុលា ថា៖ «នេះគឺជារឿងកំប្លែង និងគ្មានប្រយោជន៍»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ លើកឡើងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់សញ្ជាតិខ្មែរតែ ១ តិចឬច្រើនបានកើតឡើងក្នុងហេតុការណ៍នយោបាយ ទើបមានអត្ថាធិប្បាយផ្សេងគ្នាពីអ្នកនយោបាយ។ ប៉ុន្ដែជាស្មារតីនៃការធ្វើវិសោធនកម្មច្បាប់នេះគឺមិនបានធ្វើឱ្យខូចផលប្រយោជន៍ប្រជាពលរដ្ឋ ឬប្រទេសជាតិទេ។ ផ្ទុយទៅវិញ ច្បាប់នេះបានរួមចំណែកធ្វើវិសុទ្ធកម្មអ្នកដឹកនាំ ដើម្បីកុំឱ្យមានទំនាស់ផលប្រយោជន៍ នៅពេលអ្នកដឹកនាំមានសញ្ជាតិ ២-៣។
លោកថ្លែងថា៖ «យើងត្រូវមើលពីដែនវិសាលភាពរបស់ច្បាប់នេះ គឺបានគ្របដណ្ដប់ទៅតែឥស្សរជនជាន់ខ្ពស់ ៤ រូបប៉ុណ្ណោះ គឺប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះវាមិនបានធ្វើឱ្យបាត់បង់នូវសិទ្ធិរបស់ពលរដ្ឋដែលមានសញ្ជាតិ ២ ដទៃទៀតដែលអាចរួមចំណែក ការងារក្នុងជួររាជរដ្ឋាភិបាលនោះទេ»។
លោក គិន ភា ស្នើឱ្យមានការយកចិត្ដទុកដាក់ឱ្យបានជាក់លាក់ចំពោះការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់សញ្ជាតិខ្មែរតែ ១ នេះថា តើជាការកំណត់សញ្ជាតិពីកំណើត ឬជាសញ្ជាតូបនីយកម្ម។
លោកបានលើកឡើងថា តាមគោលការណ៍ច្បាប់សញ្ជាតិ ការទទួលបានសញ្ជាតិ តាមរូបភាព ២ យ៉ាង គឺសញ្ជាតិខ្មែរពីកំណើត មានន័យថា មានឪពុក ឬម្ដាយ ជាខ្មែរ និងវិធី ១ ទៀត តាមរយៈសញ្ជាតូបនីយកម្ម ដែលចំណុចនេះ គឺនៅបង្កើតភាពមិនច្បាស់លាស់មួយដែរ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយស្នើកុំឱ្យធ្វើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនេះជាការល្អជាង ព្រោះគេអាចយល់ថា ច្បាប់នេះជាសេចក្តីសម្តែងទោសៈកំហឹងទៅនឹងបុគ្គលខ្លះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនមែនជាវិចារណញ្ញាណ ឬជាសេចក្តីសម្តែងឆន្ទ:របស់ប្រជាពលរដ្ឋខ្មែរឡើយ ដែលវាអាចជាអនុក្រឹត្យបិទត្រាសភា មានព្រះហស្តលេខាព្រះមហាក្សត្រ។
លោកថ្លែងថា៖ «បើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកុំឱ្យ សម រង្ស៊ី សញ្ជាតិ ២ ធ្វើនាយករដ្ឋមន្ត្រីបាននោះមិនចាំបាច់ ហើយមិនឆ្លាតទៀតផង បើទៅធ្វើវិសោធនកម្មនេះ។ តាមពិតតាមច្បាប់ដែលមានស្រាប់ហើយ សម រង្ស៊ី បានជាប់ទោសព្រហ្មទណ្ឌធ្ងន់ៗច្រើនទៅហើយដែលមិនអាចឱ្យគាត់ទៅធ្វើជាមន្ត្រីថ្នាក់ដឹកនាំក្នុងជួរគណបក្សនយោបាយណាមួយបានទេ ព្រមទាំងត្រូវបម្រើទោសពន្ធនាគារដែលមិនអាចឱ្យគាត់ទៅធ្វើសកម្មភាពនយោបាយ និងមិនអាចចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេសបានផង កុំថាឡើយទៅធ្វើនាយករដ្ឋមន្ត្រីនោះ»៕