ភ្នំពេញៈ មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា លោក អ៊ុច បូររិទ្ធ អំពាវនាវដល់ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ឱ្យប្រកាន់ជំហរគាំទ្រពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ពីព្រោះពុំមានប្រទេសណាមួយអាចដោះស្រាយបញ្ហាដោយឯកឯងបាននោះទេ។
ការអំពាវនាវបែបនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំឭកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូងរបស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធធ្វើឡើងកាលពីថ្ងៃទី ១១-១២ ខែតុលា នៅទីក្រុងបែលក្រាត ប្រទេសស៊ែប៊ី។
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា នៅពេលជំងឺរាតត្បាតកូវីដ ១៩ កំពុងផ្ទុះឡើង ជាភ័ព្វសំណាងល្អ ដែលកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានលទ្ធភាពចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋរួមទាំងកម្ពុជាផងដែរ ត្រូវតែប្រកាន់ជំហរគាំទ្រពហុភាគីនិយម នៅពេលដែលយើងទាំងអស់គ្នាកំពុងខិតខំស្វែងរកដំណោះស្រាយបញ្ហាប្រឈមរួម។ ព្រោះយើងបានដឹងហើយថា ពុំមានប្រទេសណាមួយអាចដោះស្រាយបញ្ហាទាំងនេះតែឯកឯងបានទេ»។
លោក បូររិទ្ធ ថ្លែងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រចំពោះកម្ពុជា ពីបណ្តាប្រទេសជាមិត្តជុំវិញពិភពលោក ដោយឈរលើស្មារតីប្រាកដនិយម វ៉ាក់សាំងពហុនិយម។ គិតត្រឹមថ្ងៃទី ១០ ខែតុលា កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំង កូវីដ ១៩ បាន ៨៤ ភាគរយជូនដល់ប្រជាពលរដ្ឋសរុបប្រមាណ ១៦ លាននាក់»។
មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបង្ហាញពីមោទនភាពរបស់កម្ពុជាដែលបានក្លាយជាមជ្ឈមណ្ឌលរួមមួយ សម្រាប់ពហុភាគីនិយមដ៏មានសក្តានុពលបំផុត ដែលជាផ្នែកមួយនៃពិភពលោក ដោយកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ១៣ នៃកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM13) តាមបែបនិម្មិតនៅខែវិច្ឆិកាខាងមុខនេះ និងត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២។
លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ខាងមុខនេះថា កម្ពុជានឹងខិតខំលើកកម្ពស់វិធីសាស្ដ្រតម្រង់ទិស ក្នុងការដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ លោកបន្តថា ជាមួយនឹងការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំនៃរដ្ឋសមាជិកអាស៊ាន និងភាគីដៃគូខាងក្រៅនានា កម្ពុជានឹងព្យាយាមធានាឱ្យបាននូវភាពច្បាស់លាស់នៃផលប្រយោជន៍សម្រាប់ប្រជាជននៅទូទាំងតំបន់ ដោយមិនទុកនរណាម្នាក់ចោលឡើយ។
លោក អ៊ុច បូររិទ្ធ ថ្លែងថា៖ «ខ្ញុំសូមសរុបដោយរំឭកឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះគោលការណ៍ទីក្រុងបានឌុង ដែលបានប្រកាសនៅឆ្នាំ ១៩៥៥ ស្ដីពីការរួបរួមគ្នាក្នុងសកម្មភាពដែលផ្អែកលើពហុភាគីនិយម ក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង សម្រាប់ពិភពលោកទាំងមូល»។
លោកក៏បានអំពាវនាវដល់ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋឱ្យឈរយ៉ាងរឹងមាំរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដោយខុសច្បាប់ ជាឯកតោភាគី ក្រៅប្រព័ន្ធតុលាការ និងការដាក់ទណ្ឌកម្មក្រៅប្រព័ន្ធសមត្ថកិច្ចរបស់ខ្លួន។
លោក បូររិទ្ធ បានបញ្ជាក់ដែរថា ជាអកុសលបញ្ហាប្រឈមកាលពី ៦០ ឆ្នាំមុន នៅតែបន្តទាក់ទិនមកដល់បច្ចុប្បន្ន ដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចកំពុងឡើងកម្តៅ ហើយការបែកខ្ញែកសណ្តាប់ធ្នាប់ពិភពលោកកំពុងក្លាយជាការពិត។
មន្ត្រីការទូតជាន់ខ្ពស់រូបនេះបន្ថែមថា ការបែងចែកជាតិសាសន៍ និងការបង្កើតសម្ព័ន្ធមិត្តចេញមកពីរបៀបវារៈភូមិសាស្ត្រនយោបាយបានធ្វើឱ្យមានសង្គ្រាមបច្ចេកវិទ្យា ពាណិជ្ជកម្ម និងវិស័យលម្ហសាយប័រ (Cyberspace) និងបានធ្វើឱ្យមានការរើសអើងវ៉ាក់សាំង ដែលបានរឹតត្បិតដល់ការចល័តប្រជាជន ទោះបីវ៉ាក់សាំងអស់ទាំងនោះត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។
លោកអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ឱ្យមានការប្តេជ្ញាចិត្តក្នុងការបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ ដែលប្រឆាំងនឹងគោលការណ៍ និងគោលបំណងដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែង នាថ្ងៃទី ១៣ ខែតុលា ថា ទាំងនិន្នាការតំបន់ និងនិន្នាការពិភពលោកនៅពេលបច្ចុប្បន្ន ហាក់ដូចជាឆ្ពោះទៅរកនិន្នាការពហុភាគីនិយម។
លោក ភា បានថ្លែងថា៖ «វាក៏ជាដំណាក់កាលមួយដែលបញ្ហាក្នុងតំបន់ និងពិភពលោក គឺវាត្រូវការឱ្យមានដំណោះស្រាយ កិច្ចខិតខំប្រឹងប្រែង ឬយន្តការរួមពីសំណាក់ប្រទេសនានា ដែលជាហេតុធ្វើឱ្យទំនាក់ទំនងជាទ្វេភាគី និងពហុភាគីនៃបណ្តាប្រទេសនានាមានការរីកចម្រើនខ្លាំងក្នុងបរិបទចុងក្រោយ»៕