ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ព្រមាន​ដល់​បុគ្គល​ដែល​ទារលុយ​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការចាក់​សាំង​កូវីដ​ ១៩ និង​ស្នើ​ដល់​ពលរដ្ឋ​រាយការណ៍​ជាបន្ទាន់​មកកាន់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក-១៩) ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

ក្នុង​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជុំ​ទី​១ ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​ ១៣ តុលា អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា នៅពេល​ដែល​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ហើយ​បើ​មាន​បុគ្គល​ណា​ទារប្រាក់​នោះ សូម​រាយការណ៍​មកកាន់ គ.វ.ក-១៩ ជាបន្ទាន់ ដើម្បី​ឱ្យ​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ និង​ចាត់​វិធានការ​ជាក់ស្តែង​។ ​

លោកស្រី​ថា​៖ «​ប្រសិនបើ​មាន​ជនខិលខូច ចង់​កេងចំណេញយើង​ហៅថា ត្រីងៀត ឆ្លៀត​ពង​បើ​មាន​អ្នក​ទៅ​​កេះគៀវ​រកលុយ​រក​កាក់​សូម​បងប្អូន​កុំឱ្យ​លុយ​សំខាន់​ត្រង់​កន្លែង​នេះ​បើ​យើង​មិន​ឱ្យ​វា​ចប់​ហើយ មិនបាច់​ជូន​គាត់​ទេ ទោះបីជា​​បុគ្គល​ណាក៏ដោយ​»​។

លោកស្រី​ថា​៖ «​យើង​ត្រូវ​ដឹងថា ការចាក់​វ៉ាក់សាំង​នេះ គឺ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ឱ្យ​ចាក់​ដោយ​មិនមាន​បង់លុយ បង់​កាក់ អី​ទេ ដូច្នេះ​សូម​បងប្អូន ដែលមាន​អ្នក​ទៅ​​ទាមទារ​រកលុយ​ធ្វើ​ម៉េច​ថតរូប​គាត់​ឱ្យបាន​ស្រួល​យើង​ធ្វើការ​»​។

លោកស្រី​លើកឡើង​ថា​សំខាន់​​បុគ្គល​ខ្លួនឯង​កុំឱ្យ​លុយ​គេ ព្រោះ គ.វ.ក-១៩ បាន​ជូន​លេខ​ទូរស័ព្ទ​រហូតដល់​ ៩ ​ខ្សែ ដើម្បីឱ្យ​ពលរដ្ឋ​រាយការណ៍ ដើម្បី​ចុះទៅពិនិត្យ និង​ជួយ​អន្តរាគមន៍ ប្រសិន​បើ​មាន​ការទារលុយ​។

បើតាម​លោកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធ​បញ្ហា​ការចាក់​វ៉ាក់សាំង​នេះ​កន្លង​ទៅ គ.វ.ក-១៩ បាន​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​រាប់ម៉ឺន​ករណី ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​ការទាមទារ​លុយ​ជា​ថ្នូរ​នឹង​ការចាក់​វ៉ាក់សាំង​នោះទេ​។

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​លោក យ៉ង់ គិមអេង បាន​ថ្លែងថា ការក្រើន​រំឭក​ជាថ្មី​គឺជា​ការប្រសើរ ដើម្បី​កុំឱ្យ​មាន​ករណី​ទារលុយ​កើតឡើង ដែល​ធ្វើឱ្យ​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​នៅពេល​​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩​។

លោក​ថា​៖ «​ខ្ញុំ​ធ្លាប់​ជួបប្រទះ​ជាមួយ​ពលរដ្ឋ​ដែល​ត្រូវបាន​គេ​ទារលុយ​រឿង​ចាក់​វ៉ាក់សាំង​នេះដែរ​​ ទី​១ របៀប​ទារលុយ​នោះ គឺ​នៅពេល​មនុស្ស​តម្រង់​ជួរ​ចាក់​វ៉ាក់សាំង​ច្រើន​អ្នកណា​ឱ្យ​លុយ​បាន​ចាក់​មុន​»​។

ពាក់ព័ន្ធ​ករណីនេះ​កាលពី​ខែមិថុនា​ឆ្នាំ​នេះ នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​មនុស្ស​ ៦ ​នាក់​ យកទៅ​សួរនាំ​ពាក់ព័ន្ធ​ការធ្វើ​សកម្មភាព​ទិញ​លក់​បណ្ណ​ចាក់​វ៉ាក់សាំង​ និង​ទម្រង់​ពាក្យស្នើសុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ និង​មាន​ករណី​​ផ្សេងៗ​ទៀត​ ដែល​សមត្ថកិច្ច​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​។

យ៉ាងណា​ក៏ដោយ​លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមការងារ គ.វ.ក-១៩ ដែល​បាន​ខិតខំ​ចូលរួម​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ ដើម្បី​សុខ​ក្សេមក្សាន្ត​ក៏ដូចជា​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​៕

វីដេអូ៖