ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ខាងមុខនេះ ហើយរហូតមកទល់ពេលនេះមានថ្នាក់ដឹកនាំ ASEM ចំនួន ១៤ រូបហើយដែលបានបញ្ជាក់ពីការចូលរួមប្រជុំកំពូលនេះ។
លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១២ ខែតុលា ថា៖ «ដូចយើងដឹងស្រាប់ហើយគឺខែក្រោយនេះ សម្តេចនាយករដ្ឋមន្ត្រីនឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គឺយើងនឹងប្រព្រឹត្តនៅថ្ងៃទី ២៥ (និង) ២៦ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ»។
លោក ហ៊ុន សែន បានផ្ញើលិខិតអញ្ជើញថ្នាក់ដឹកនាំដៃគូ ASEM ទាំង ៥២ រូបរួចហើយ ដែលក្នុងនោះរហូតមកដល់ពេលនេះមាន ១៤ រូបបានបញ្ជាក់ពីការចូលរួម ហើយនឹងមានការបញ្ជាក់ពីការចូលរួមបន្តទៀត ក្នុងរយៈពេលប្រមាណជាង ១ ខែទៀតនៅមុនពេលកិច្ចប្រជុំចាប់ផ្តើម។
លោក លុយ ដាវីត បានថ្លែងថា៖ «ដូច្នេះការបញ្ជាក់ហ្នឹងនៅមកបន្តៗទៀត ព្រោះយើងនៅសល់រយៈពេលប្រហែលជា ១ ខែកន្លះដែរ។ នៅក្នុងចំណោម ១៤ នេះគឺមាននាយករដ្ឋមន្ត្រី និងប្រធានាធិបតីក្នុងទ្វីបអាស៊ី និងអឺរ៉ុប ហើយក៏មានការបញ្ជាក់ពីការចូលរួមរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប ហើយនិងប្រធានគណៈកម្មការអឺរ៉ុបផងដែរ»។
បើតាមលោក លុយ ដាវីត កម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ដំណើរការកិច្ចប្រជុំនេះ។ ដោយសារវាជាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ វាមិនតម្រូវឱ្យមានការរៀបចំអ្វីច្រើននោះទេ។
លោកបានថ្លែងថា៖ «ប្រព័ន្ធវីដេអូយើងមាន យើងប្រើប្រាស់ Platform Zoom ហើយកន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រី ASEM ទាំងអស់តាមប្រព័ន្ធវីដេអូផងដែរតាមប្រព័ន្ធ Zoom នេះគឺយើងឃើញថា វាមានភាពរលូន។ ដូច្នេះ ខ្ញុំមើលទៅវាអត់មានបញ្ហាអីទេ សម្រាប់កិច្ចប្រជុំកំពូលរបស់យើងនៅខែក្រោយនេះ»។
លោក លុយ ដាវីត ធ្លាប់បានថ្លែងក្នុងវេទិកាពិភាក្សាសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាតាមប្រព័ន្ធវីដេអូពីថ្ងៃទី ១៦ ខែកញ្ញាថា កម្ពុជាបានត្រៀមឯកសារចំនួន ៣ សម្រាប់ដាក់ឱ្យអនុម័តក្នុងកិច្ចប្រជុំនេះ គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិជំងឺកូវីដ ១៩ សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ និងការតភ្ជាប់ ASEM។
បើតាមលោក ដាវីត សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនេះ គឺជាឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជា ហើយក៏បង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុបក្នុងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ ផងដែរ។ ប្រសិនបើឯកសារនេះចេញ វាគឺជាសមិទ្ធផលរបស់កម្ពុជា ពីព្រោះនេះជាគំនិតរបស់កម្ពុជា ដើម្បីដាក់ឱ្យចេញឯកសារនេះ។
កិច្ចប្រជុំនេះក៏នឹងមានការពិភាក្សាពីការដោះស្រាយបញ្ហាប្រឈមដោយជំងឺកូវីដ ១៩ និងការពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ ១៩ ផងដែរ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEM 13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ដោយការរៀបចំកិច្ចប្រជុំនេះត្រូវបានលើកពេល ២ ដងរួចមកហើយ ដែលការគ្រោងធ្វើកាលពីឆ្នាំ ២០២០ ត្រូវបានពន្យារពេលដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩។ ASEM មានសមាសភាព ៥១ ប្រទេស និង ២ ស្ថាប័ន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែងថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺជាការបង្ហាញតួនាទីសំខាន់របស់កម្ពុជានៅក្នុងកិច្ចការតំបន់ក៏ដូចជាពិភពលោកក្នុងក្របខ័ណ្ឌតួនាទីជាពហុភាគី។ កម្ពុជាក៏អាចបង្ហាញពីសមត្ថភាពរបស់ខ្លួនទាំងតួនាទី និងធនធានមនុស្សក៏ដូចជា សារដែលអាចផ្សព្វផ្សាយនូវព័ត៌មានពីការបង្ហាញពីមុខមាត់កម្ពុជាទៅលើឆាកអន្តរជាតិផងដែរ។
លោកថ្លែងថា៖ «តាមរយៈកិច្ចប្រជុំនេះយើងឃើញថារឿងដែលសំខាន់បំផុតហ្នឹង គឺយើងអាចទាញប្រយោជន៍ពាក់ព័ន្ធជាមួយនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញហើយវាក៏ជាកម្លាំងចលករដ៏សំខាន់ សម្រាប់និន្នាការពហុភាគីនិយមនៅក្នុងតំបន់ក៏ដូចជាពិភពលោកបច្ចុប្បន្ន»៕