ភ្នំពេញៈ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានប្រកាស​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ផ្នែក​រូបវិទ្យា ដែល​ក្នុងនោះ​មាន​ការផ្តល់​ជូន​អាហារូបករណ៍​ ១៦ ​កន្លែង ដល់​និស្សិត​ផ្នែក​បរិញ្ញាបត្រ​ជាន់ខ្ពស់​។

យោងតាម​ការប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​​កីឡា នៅក្នុង​ថ្នាក់បណ្ឌិត​រូបវិទ្យា សាកល​វិទ្យាល័យ​នឹង​ផ្តោតលើ​ទ្រឹស្តី​កង់ទិក ទ្រឹស្តី​ទំនាញ រូបវិទ្យា​រូបធាតុ ផូតូនិក និង​ការអនុវត្ត និង​រូបធាតុ​ណាណូ និង​ការអនុវត្ត​។ ​ចំពោះ​ថ្នាក់​បរិញ្ញាបត្រ​​ជាន់ខ្ពស់​រូបវិទ្យា សាកលវិទ្យាល័យ​នឹង​ផ្តោតលើ​ទ្រឹស្តី​កង់ទិក ទ្រឹស្តី​ទំនាញ រូបវិទ្យា​រូបធាតុ ផូតូនិក និង​ការអនុវត្ត និង​រូបធាតុ​ណាណូ និង​ការអនុវត្ត និង​ថាមពល​កកើត​ឡើងវិញ​។

លោក អៀង សៀងហ័រ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​ជំនួយការ​កម្មវិធី​រូបវិទ្យា​បានឱ្យដឹងថា នេះ​គឺជា​ការជ្រើសរើស​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​រូបវិទ្យា​ថា្នក់​អាហារូបករណ៍​ជំនាន់​ទី​ ៣ និង​ថ្នាក់បណ្ឌិត​ជំនាន់​ទី​ ១ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ​ការជ្រើសរើស​​និស្សិត​សម្រាប់​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នេះ​នឹង​តម្រូវឱ្យ​និស្សិត​ទាំងអស់​ប្រឡង​មុខវិជ្ជា​ចំនួន​ ២ ​វិញ្ញាសា​គឺ​មុខវិជ្ជា​រូបវិទ្យា​ទូទៅ និង​រូបវិទ្យា​កង់ទិក និង​ភាសា​អង់គ្លេស​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ប្រឡង​មុខវិជ្ជា​មេកានិក​ទ្រឹស្តី និង​រូបវិទ្យា​កង់ទិក​បូករួម​នឹង​ការសម្ភាស​បន្ថែម​ជា​ភាសា​អង់គ្លេស​សម្រាប់​ថ្នាក់បណ្ឌិត​។

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រូបវិទ្យា គឺ​នៅ​ថ្ងៃទី​ ២២ តុលា ឆ្នាំ​ ២០២១ និង​កាលបរិច្ឆេទ​ប្រឡង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២១​។ ចំណែក​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​សម្រាប់​ថ្នាក់បណ្ឌិត​រូបវិទ្យា គឺ​នៅ​ថ្ងៃទី ​១៥ វិច្ឆិកា ឆ្នាំ​ ២០២១ និង​កាលបរិច្ឆេទ​ប្រឡង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២២ វិច្ឆិកា ឆ្នាំ​ ២០២១​។

លោក អៀង សៀងហ័រ បានបញ្ជាក់​ទៀតថា ការប្រឡង​ជ្រើសរើស​និស្សិត​ចំនួន​ ១៦ ​នាក់​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នឹង​ទទួលបាន​កញ្ចប់​អាហារូបករណ៍​សិក្សា​មិន​គិតថ្លៃ និង​ប្រាក់ឧបត្ថម្ភ​ចំនួន ២០០ ​ដុល្លារ​សហរដ្ឋ​​អាមេរិក​ក្នុង​ ១ ​ខែ​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (SIDA)​។

បេក្ខជន​ដែល​ចាប់អារម្មណ៍​អាច​ទាញយក​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​តាម shorturl.at/jovBO ​សម្រាប់​ថ្នាក់​​អនុបណ្ឌិត និង​ shorturl.at/qABJS សម្រាប់​ថ្នាក់បណ្ឌិត​។ បេក្ខជន​តម្រូវឱ្យ​ដាក់ពាក្យ​ដោយ​ការស្គែន​រាល់​​ឯកសារ​ចាំបាច់ រួច​ផ្ញើមក​ព្រមទាំង​បង់ថ្លៃ​ចុះឈ្មោះ​ប្រឡង​តាម​ (Telegram & Mobile) ០៨៩ ៩៦៦ ២៣៤ (​ធនាគារ ACLEDA)​។

បើតាម​លោក អៀង សៀងហ័រ និស្សិត​ទាំងអស់​ត្រូវមាន​អាយុ​មិន​លើសពី​ ៣៥ ​ឆ្នាំ ចំពោះ​បេក្ខជន​ទូទៅ​ក្រៅពី​មន្ត្រីរាជការ បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រូបវិទ្យា ដោយឡែក បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ថ្នាក់បណ្ឌិត​ត្រូវ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​រូបវិទ្យា​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើងថា​៖ «​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់បណ្ឌិត និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ "​រូបវិទ្យា​" ជា​ការចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​បដិវត្តន៍​ឧស្សាហកម្ម 4.0»៕

រ៉ូ គីមឡុង