ភ្នំពេញៈ របាយការណ៍របស់អង្គការទស្សនៈពិភពលោក អន្តរជាតិ-កម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២១ គ្រួសារប្រជាជនជិត ៨០ ភាគរយក្នុងស្រុកចំនួន ២៤ ក្នុងខេត្តចំនួន ៩ ដែលជាតំបន់គោលដៅអនុវត្តគម្រោងទឹកស្អាតរបស់ខ្លួនមានកន្លែងលាងដៃនឹងសាប៊ូ គឺកើនឡើងប្រមាណ ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។
ខេត្តទាំងនោះរួមមាន ខេត្តក្រចេះ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ។
របាយការណ៍វាយតម្លៃឆ្នាំ ២០២១ នេះធ្វើឡើងក្នុងតំបន់គោលដៅរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាដែលអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យ (WASH ) ក្នុងស្រុកគោលដៅចំនួន ២៤ ក្នុងខេត្តចំនួន ៩ នេះ។
អង្គការទស្សនៈពិភពលោកបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៥ ខែតុលាថា៖ «របាយការណ៍វាយតម្លៃបង្ហាញថា គ្រួសារចំនួន ៧៨៣ ភាគរយ មានកន្លែងលាងដៃនឹងសាប៊ូ ដែលតួលេខនេះមានការកើនឡើង ២៦,៦ ភាគរយ បើប្រៀបនឹងឆ្នាំ ២០១៨»។
លទ្ធផលនេះក៏ប្រហាក់ប្រហែលនឹងរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ ២០២០ ដែលបង្ហាញថា គ្រួសារប្រមាណជា ៨៦ ភាគរយមានកន្លែងលាងដៃនឹងសាប៊ូ។
ថ្ងៃទី ១៥ ខែតុលា គឺជាទិវាលាងសម្អាតដៃពិភពលោក ដែលឆ្នាំនេះប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «អនាគត យើងស្ថិតនៅលើដៃយើងសូមចូលរួមលាងសម្អាតដៃទាំងអស់គ្នា»។
អង្គការនេះបានដកស្រង់ការរកឃើញរបស់អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ ថាការលាងដៃនឹងសាប៊ូជួយឱ្យមនុស្ស ១៦៥ ០០០ នាក់ ចៀសផុតពីការស្លាប់ដែលបង្កឡើងដោយជំងឺរាក។
ការលាងសម្អាតដៃនឹងសាប៊ូក៏បានជួយការពារមនុស្សពីជំងឺអាសន្នរោគ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺកូវីដ ១៩ ជាដើម។
លោក នង ដាវីត អ្នកជំនាញជាន់ខ្ពស់ទទួលបន្ទុកកម្មវិធីទឹកស្អាត និងអនាម័យនៃអង្គការទស្សនៈពិភពលោកថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា អង្គការរបស់លោកបានរួមចំណែកជំរុញឱ្យមានការលាងសម្អាតដៃ ជាមួយនឹងសាប៊ូតាមរយៈការផ្តល់សម្ភារលាងសម្អាតដៃ ក៏ដូចជាចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអប់រំ ផ្សព្វផ្សាយពីសារៈសំខាន់នៃការលាងដៃនឹងសាប៊ូដល់ប្រជាជនក្នុងសហគមន៍។
លោកថ្លែងថា៖ «បើទោះបីជាតួលេខនៃគ្រួសារ ដែលមានកន្លែងលាងដៃនឹងសាប៊ូមានការកើនឡើងយ៉ាងណាក្តី អង្គការទស្សនៈពិភពលោកនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យការលាងដៃនឹងសាប៊ូក្លាយជាទម្លាប់ដែលមិនអាចខ្វះបាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសហគមន៍»។
ក្នុងឆ្នាំ ២០២១ អង្គការទស្សនៈពិភពលោកបានផ្តល់ជាកញ្ចប់សម្ភារអនាម័យដែលក្នុងនោះមានសាប៊ូដុសខ្លួន ម្សៅសាប៊ូ ច្រាសដុសធ្មេញ និងពាងទឹកមានក្បាលរ៉ូប៊ីណេសម្រាប់បង្ហូរទឹកលាងដៃដល់គ្រួសារងាយរងគ្រោះចំនួន ២៨ ១០០ គ្រួសារ។
អង្គការនេះក៏បានផ្តល់ជាសាប៊ូលាងដៃ និងសាប៊ូម្សៅ ដល់ពលរដ្ឋចំនួន ២៧៥ ០៨៨ គ្រួសារដើម្បីចូលរួម ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ផងដែរ៕