
ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»។ រូបថត ហ្វេសប៊ុក
ទិវាស្បៀងអាហារពិភពលោក (WFD) ឆ្នាំ ២០២១ នេះនឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរ» ដែលនឹងប្រារព្ធនៅថ្ងៃទី ១៦ ខែតុលា ស្របពេលដែលបណ្តាប្រទេសប្រមាណ ១៥០ ទូទាំងពិភពលោកនឹងធ្វើដូចគ្នានេះដែរ។
បើតាមអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ទិវាស្បៀងអាហារពិភពលោកឆ្នាំ ២០២១ នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការក្នុងការគាំទ្រដល់ការប្រែក្លាយប្រព័ន្ធស្បៀងឱ្យកាន់តែមានប្រសិទ្ធភាព បរិយាប័ន្ន ធន់ និងប្រកបដោយនិរន្តរភាព។
អង្គការ FAO បានបញ្ជាក់ថា ទិវានេះជាវេទិកា ដែលអំពាវនាវឱ្យមានការចូលរួមធ្វើសកម្មភាពពីគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាប្រព័ន្ធស្បៀងមានលទ្ធភាពផ្គត់ផ្គង់ អាហារគ្រប់គ្រាន់ ដែលមានអាហារូបត្ថម្ភ ប្រកបដោយសុវត្ថិភាព ធានាដល់ជីវិតមនុស្សគ្រប់រូបប្រកបដោយសុខុមាលភាព ការពារភពផែនដីផងដែរ។
តំណាងស្ដីទីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា លោក Antonio Schiavone ពន្យល់ថា ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺជាយុទ្ធនាការផ្សព្វផ្សាយពីប្រព័ន្ធស្បៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើការជ្រើសរើស អាហារ និងរបៀបនៃការផលិត វេចខ្ចប់ ចម្អិន និងរក្សាទុកអាហារដែលធ្វើឱ្យយើងគ្រប់គ្នាក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធនេះ។
បើយោងតាមរបាយការណ៍ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភពិភពលោក (SOFI) បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ជាច្រើនទសវត្សរ៍មកនេះ ចំនួនមនុស្សស្រេកឃ្លានបានកើនឡើងវិញក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយប្រជាជនប្រមាណមួយភាគដប់នៃចំនួនប្រជាជនទូទាំងពិភពលោក ត្រូវចូលគេងក្នុងភាពស្រេកឃ្លាននៅឆ្នាំ ២០២០។
របាយការណ៍នេះបានបញ្ជាក់ថា៖ «មនុស្សជាងបីពាន់លាននាក់ គ្មានលទ្ធភាពទទួលទានរបបអាហារដែលមានជីវជាតិ ខណៈដែលជំងឺធាត់ និងជំងឺមិនឆ្លងផ្សេងទៀត គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ និងកំពុងតែកើនឡើង»។
ចំណែករបាយការណ៍ថ្មីមួយរបស់អង្គការ FAO បានលើកឡើងថា ជំងឺរាតត្បាតកូវីដ ១៩ បានបង្កឱ្យមានការរាំងស្ទះដល់វឌ្ឍនការដែលបានរៀបចំជាយូរមកហើយ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០។

ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»។ រូបថត ហ្វេសប៊ុក
នៅកម្ពុជាគ្រួសារក្រីក្រ និងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារពួកគេ ភាគច្រើនពឹងផ្អែកលើប្រភពចំណូលផ្សេងៗ រួមមាន ការធ្វើស្រែចំការ ការស៊ីឈ្នួល ដោយលក់កម្លាំងពលកម្ម សកម្មភាពមិនមែនកសិកម្ម និងប្រាក់បញ្ញើពីពលករចំណាកសុក្រ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ការងារ។ យោងតាមការវាយតម្លៃផលប៉ះពាល់សង្គមសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ជាងពាក់កណ្តាលនៃគ្រួសារនៅកម្ពុជាត្រូវកាត់បន្ថយ បរិមាណ និងគុណភាពអាហាររបស់ពួកគេក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ នេះ។ នេះបើតាមការលើកឡើងបន្ថែមរបស់សេចក្តីប្រកាសព័ត៌មានអង្គការ FAO។
ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងរបស់ខ្លួន។ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិដែលរៀបចំឡើងជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ ដែលជាព្រឹត្តិការណ៍សកល និងបានកំណត់នូវមហិច្ឆតារួមមួយនោះគឺ ការពួតដៃគ្នាអនុវត្តបន្តសកម្មភាពសំខាន់ៗនានារបស់ខ្លួន ដើម្បីផ្លាស់ប្តូររបៀបដែលពិភពលោកផលិត និងប្រើប្រាស់ស្បៀងអាហារក្នុងគោលបំណងវិលត្រឡប់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
លោក Antonio Schiavone បានសង្កត់ធ្ងន់ថា៖ «ដើម្បីឱ្យការប្រែក្លាយប្រព័ន្ធស្បៀង អាចសម្រេចទៅបាន យើងត្រូវការគាំទ្រផ្នែកគោលនយោបាយ ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់មនុស្សដូចជាការប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អ និងមាននិរន្តរភាព និងការកាត់បន្ថយការខ្ជះខ្ជាយ និងបាត់បង់អាហារ និងគំរូអាជីវកម្ម សំដៅធានាបាននូវផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ និងជីវិត កាន់តែប្រសើរ ដោយមិនទុកឱ្យនរណាម្នាក់ស្ថិតក្នុងភាពអត់ឃ្លានឡើយ»។
ដោយអនុឡោមទៅតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ទិវាស្បៀងអាហារពិភពលោក (WFD) ឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីទូលាយមួយកន្លែងក្នុងខេត្តព្រៃវែង ដែលមានអ្នកចូលរួមប្រមាណតែ ៥០ នាក់ប៉ុណ្ណោះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អភិបាលខេត្ត ប្រធានស្តីទីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រធានកម្មវិធីស្បៀងអាហារពិភពលោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕