ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសអំពាវនាវដល់ប្រេសិតពិសេសនៃប្រធានអាស៊ានដែលគ្រោងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលដ៏ឆាប់ខាងមុខប្រកាន់យកជំហានសមស្រប ដើម្បីឱ្យកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ១៥ ខែតុលា តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយប្រទេសព្រុយណេដារ៉ូស្សាឡាម។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសចេញផ្សាយនៅថ្ងៃទី ១៦ ខែតុលាថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់ប្រេសិតពិសេស [នៃប្រធានអាស៊ាន] នៅមីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់នេះ ហើយបានអំពាវនាវឱ្យប្រកាន់យកនូវជំហានជាក់ស្តែង និងសមស្រប ដើម្បីបង្កលក្ខណៈឱ្យមានកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅនិងទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ឱ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផលផ្លែផ្កា។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋមន្រី្តការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មកអំពីការវិវត្តស្ថានការណ៍នៅមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានជំរុញឱ្យទីក្រុងណៃពីដោ នៃប្រទេសមីយ៉ានម៉ា សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខឱ្យបានប្រកបដោយផ្លែផ្កា៕