​ភ្នំពេញៈ ក្រសួងសុខាភិបាល​សម្រួល​របប​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​មកកាន់​ប្រទេស​កម្ពុជា ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ​បាន​ពេញលេញ និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ ដោយ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​ ១៨ ខែតុលា​។​

​សេចក្តីជូនដំណឹង​ក្រសួងសុខាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ​១៦ ខែតុលា​នេះ បាន​បញ្ជាក់ថា បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដាក់ចេញ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ មក កម្ពុជា​កំពុង​សម្រេចបាន​នូវ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​លើស​គោលដៅ​ដែល​បានគ្រោង​ទុក និង​អាច​បង្កើតបាន​នូវ​ភាពស៊ាំ​សហគមន៍​នៅ​ទូទាំង​កម្ពុជា ទប់​ទល់នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩​។

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ជាទី​មោទនភាព​នេះ និង​ដោយ​មើលឃើញ​ពី​ការវិវត្ត​កាន់តែ​ប្រសើរឡើង​នៃ​ស្ថានភាព​ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​ប្រទេស​កម្ពុជា​ ឡើងវិញ​ជា​បណ្តើរៗ និង​តាម​ដំណាក់កាល​ជាមួយនឹង​ភាព​ប្រយ័ត្នប្រយែង និង​ការទទួលខុសត្រូវ​ខ្ពស់​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយមាន​ការសម្រួលរ​បប​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​មក​កម្ពុ​ជាតា​ម​គ្រប់​ច្រកចូល​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ​»​។

​យោងតាម​សេចក្តីជូនដំណឹង​បានឱ្យដឹងថា អ្នកដំណើរ​ជា​ភ្ញៀវ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែល​ត្រឡប់​ពី​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​ត្រូវអនុវត្ត​វិធាន​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពិសេស​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​ដោយ​ផ្អែក​តាម​ករណី​នីមួយៗ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា អ្នកដំណើរ​ជា​មន្ត្រីរាជការ​ដែល​ត្រឡប់​ពី​បំពេញបេសកកម្ម​ផ្លូវការ​នៅក្រៅ​ប្រទេស​, មន្ត្រីការទូត​បរទេស​និង​មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវ​ការដែល​កាន់​ទិដ្ឋាការ​ការទូត (Visa A) និង​ទិដ្ឋាការ​ផ្លូវការ (Visa B), និង​អ្នកដំណើរ​បរទេស​អាច​ជា​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស ត្រូវមាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ និង​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​ជំងឺ​កូ​វីដ ១៩​ ក្នុង​រយៈពេល ៧២​ម៉ោង មុនពេល​មកដល់​កម្ពុ​ជា ត្រូវធ្វើ​តេស្ត​យក​សំណាក​ពេលមកដល់​កម្ពុជា និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣​ថ្ងៃ​។​

​ចំពោះ​អ្នកដំណើរ​ទូទៅ​ដែលជា​ជនជាតិខ្មែរ ឬ​ជនបរទេស​ត្រូវ​មានប​ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​ជំងឺ​កូ​វីដ ​១៩​ ក្នុង​រយៈពេល ៧២ ម៉ោង មុនពេល​មកដល់​កម្ពុ​ជា និង​ត្រូវ​ធ្វើតេស្ត​យក​សំណាក​ពេលមកដល់​កម្ពុជា និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ​។​

​អ្នកដំណើរ​ជនជាតិខ្មែរ ដែលជា​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស និង​មាន​ការធានា ឬ​ការអញ្ជើញ​ពី​ដៃគូ​ក្នុងស្រុក ដែលជា​នីតិបុគ្គល​ស្របច្បាប់​មានការ​ចុះបញ្ជី និង​បង់ពន្ធ​ត្រឹមត្រូវ​នៅ​កម្ពុជា ក៏​អាចធ្វើ​ការស្នើ​លិខិតបញ្ជាក់​លើ​ការធានា ឬ​ការអញ្ជើញ ដើម្បី​ទទួលបាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣​ ថ្ងៃ​។

​អ្នកដំណើរ​គ្រប់​ប្រភេទ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ឬ​មិនទាន់​ចាក់​វ៉ាក់សាំង​ពេញលេញ​ត្រូវយក​សំណាក​នៅពេល​មក​ដល់ក​ម្ពុ​ជា និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ​១៤ ​ថ្ងៃ​។​

​ចំពោះ​អ្នកដំណើរ​ដែល​មកដល់​កម្ពុ​ជាមុន​ថ្ងៃទី ​១៨ ខែតុលា និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​អាច​ទទួលបាន​ការសម្រួល​ដូចគ្នា​ដែរ ក្នុងករណី​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពេញលេញ​មាន​ឯកសារ​គ្រប់គ្រាន់ និង​បំពេញ​រាល់​លក្ខខណ្ឌ​ដែល​បានកំណត់​៕​

វីដេអូ៖