កំពង់ស្ពឺៈ រោងចក្រ ហ្វនហ្វា ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ត្រូវបានអាជ្ញាធរស្រុកបសេដ្ឋ ប្រកាសឱ្យផ្អាកដំណើរការពីថ្ងៃទី ១៦ តុលា បន្ទាប់ពីកម្មករសំណង់ចំនួន ២០០ នាក់ បានធ្វើបាតុកម្មតវ៉ាបិទផ្លូវជាតិលេខ ៤១ ដើម្បីទាមទារឱ្យម្ចាស់រោងចក្រ បើកប្រាក់ឈ្នួលប្រចាំខែកញ្ញា ឆ្នាំ ២០២១ ជូនពួកគេ។
លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី ១៧ តុលា ថា បន្ទាប់ពីទទួលបានព័ត៌មានពី ការធ្វើបាតុកម្មតវ៉ាពីកម្មករសំណង់ភ្លាម កាលពីថ្ងៃទី ១៥ តុលា អាជ្ញាធរស្រុក បានចុះទៅអន្តរាគមន៍ និងបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងចក្រ ឱ្យផ្អាកបណ្តោះអាសន្ន ការសាងសង់រោងចក្រ ដើម្បីស្វែងរកដំណោះស្រាយ។
កម្មករសំណង់ទាំង ២០០ នាក់នេះ បានធ្វើបាតុកម្មទាមទារតែក្នុងមួយល្ងាចដោយបិទផ្លូវជាតិលេខ ៤១ ហើយពួកគាត់ក៏បានរំសាយទៅវិញ បន្ទាប់ពីអាជ្ញាធរស្រុកទៅសម្របសម្រួល និងសន្យាជួយស្វែងរកដំណោះស្រាយជូនពួកគេ។
លោកថ្លែងថា៖ «យើងគ្រាន់តែផ្អាកជាបណ្តោះអាសន្នសិនទេ ព្រោះកម្មករសំណង់ស្នើមកយើង យើងអត់ផ្អាករហូតទេ នៅពេលដែលមានដំណោះស្រាយហើយ យើងអនុញ្ញាតឱ្យដំណើរការវិញហើយ»។
លោកបានបន្តថា ថៅកែរោងចក្រគេមានលុយគ្រប់គ្រាន់ ដើម្បីចំណាយទៅលើការសាងសង់ និងបើកប្រាក់ឈ្នួលជូនដល់កម្មករ ប៉ុន្តែអ្នកម៉ៅការបន្តដែលជាជនជាតិចិនមិនបើកលុយជូនកម្មករ ដែលធ្វើឱ្យមានការលំបាក និងឈានរហូតដល់ធ្វើបាតុកម្ម បិទផ្លូវ ។ ទោះជាយ៉ាងណា លោកទទួលបានព័ត៌មានពីក្រុមការងារដែលទទួលបន្ទុកដោះស្រាយលើបញ្ហានេះបានរាយការណ៍ថា នៅថ្ងៃចន្ទ ខាងម្ចាស់រោងចក្រអាចនឹងបើកលុយឱ្យក្រុមកម្មករហើយ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានសម្តែងការគាំទ្រចំពោះ ចំណាត់ការរបស់អាជ្ញាធរស្រុកបសេដ្ឋក្នុងការផ្អាកនូវដំណើរការសាងសង់រោងចក្រនេះ។
លោកបានថ្លែងថា៖ «អានេះ ខ្ញុំគិតថា គាត់អនុវត្តត្រឹមត្រូវ ព្រោះបើមិនចាត់វិធានការទេ នៅតែប្រើកម្មករ ហើយមិនបើកប្រាក់ឈ្នួល រឹតតែមានបញ្ហាបន្ថែមទៀត។ ប្រសិនបើបណ្តោយឱ្យកម្មករធ្វើកូដកម្ម វានឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធា្នប់សាធារណៈ និង បញ្ហាជំងឺកូវីដ ១៩»។
លោក សុខ គីន នឹងតាមដានបញ្ហានេះ ដើម្បីពិនិត្យមើលពីលទ្ធភាពក្នុងការជួយកម្មករសំណង់ទាំងនេះឱ្យអាចទទួលបានប្រាក់ឈ្នួលរបស់ពួកគេ។ ទោះជាយ៉ាងណា លោកថា តាមច្បាប់គឺកម្មករសំណង់ទាំងនេះនឹងត្រូវតែទទួលបានកម្រៃពីការប្រើប្រាស់កម្លាំងពលកម្មរបស់ពួកគេ។ ការទាមទារនេះ មិនមែនជាការទាមទាអត្ថប្រយោជន៍ផ្សេងៗ ក្រៅពីកម្លាំងពលកម្មប្រចាំថ្ងៃ និងប្រចាំខែនោះទេ។
លោកបានបន្តទៀតថា មួយទៀតតាមច្បាប់ គេនឹងពិនិត្យមើលទៅលើម្ចាស់រោងចក្រដែលសាងសង់នេះ ជានរណា ហើយប្រសិនបើគាត់ក្ស័យធន គេនឹងពិនិត្យលក់ឡាយឡុង សម្ភារសំណង់ ដើម្បីបានលុយយកមកបើកឱ្យក្រុមកម្មករជាអាទិភាព។
យោងតាមសេចក្តីជូនដំណឹងដល់ម្ចាស់រោងចក្រ ហ្វនហ្វា របស់រដ្ឋបាលស្រុកបសេដ្ឋកាលពីថ្ងៃទី ១៦ ខែតុលា
ឱ្យដឹងថា កម្មករសំណង់ចំនួន ២០០ នាក់ បានតវ៉ាទាមទារកម្រៃប្រាក់ឈ្នួលប្រចាំខែ កញ្ញា ឆ្នាំ ២០២១ កាលពីថ្ងៃទី ១២ ខែតុលា និង កាលថ្ងៃទី ១៥ តុលា កម្មករសំណង់ទាំងនេះបានធ្វើបាតុកម្ម នៅមុខរោងចក្រ ហ្វនហ្វា និងបិទផ្លូវជាតិលេខ ៤១។
រដ្ឋបាលស្រុកបសេដ្ឋបានបន្តថា ដើម្បីចៀសវាងបាតុភាពផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ រដ្ឋបាលស្រុកបសេដ្ឋសម្រេច ផ្អាកជាបណ្តោះអាសន្នរាល់សកម្មភាពនៃដំណើរការនៅក្នុងរោងចក្រ ហ្វនហ្វា ទាំងអស់ រហូតដល់មានដំណោះស្រាយជូនកម្មករសំណង់ទើបរដ្ឋបាលស្រុក អនុញ្ញាតឱ្យដំណើរការជាធម្មតាឡើងវិញ៕