ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី ១៧ នៅថ្ងៃទី ២០ ខែតុលា ដោយមានការចូលរួមពីសំណាក់ឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងដៃគូសន្ទនាអាស៊ានមានសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១៨ ខែតុលា បានឱ្យដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ថិតក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាតាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសុន្ទរកថាបើកតាមរយៈប្រព័ន្ធវីដេអូនេះផងដែរ។
ក្រសួងបញ្ជាក់ថា៖ «កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា នឹងផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ និងសិល្បៈអាស៊ាន ដែលជាគ្រឹះមួយនៃ សក្តានុពលសហគមន៍អាស៊ាន ការកសាងភាពសុខដុមរមនាក្នុងចំណោមប្រជាជាតិអាស៊ាន»។
ក្រសួងបន្តថា កិច្ចប្រជុំនេះក៏នឹងផ្តោតលើការលើកស្ទួយស្មារតីភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អាស៊ាន។ ការពង្រីកការយល់ដឹងផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ការជំរុញវិសាលភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌។ ការច្នៃប្រឌិតនវានុវត្តន៍។ ការបង្កើនជីវភាពរស់នៅក្នុងការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព។
ជាមួយគ្នានេះ កិច្ចប្រជុំនឹងមានការចូលរួមពីសំណាក់ឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអាស៊ាន-ឥណ្ឌា លើវិស័យវប្បធម៌ និងសិល្បៈ ហើយកិច្ចប្រជុំក៏នឹងពិភាក្សាសំណើរបស់ភាគីឥណ្ឌាផងដែរ។
កិច្ចប្រជុំនេះនឹងពិគ្រោះពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន រួមមាន ការពិនិត្យលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ ដូចជាផែនការយុទ្ធសាស្រ្តអាស៊ាន សម្រាប់វិស័យវប្បធម៌ និងសិល្បៈ ២០១៦-២០២៥។ ការលើកស្ទួយសកម្មភាពវប្បធម៌អាស៊ាន ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ ១៩។ សៀមរាបទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២ និងបញ្ជីបេតិកភណ្ឌវប្បធម៌អាស៊ាន។
ទន្ទឹមនឹងនេះ អង្គប្រជុំ ក៏នឹងពិនិត្យលើសេចក្តីព្រាងសេចក្តីប្រកាស និងផែនការសកម្មភាពសំខាន់ៗមួយចំនួនទៀត គឺមាន ផែនការស្តីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន រួមមាន អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សាធារណរដ្ឋកូរ៉េ លើវិស័យវប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ ២០២២-២០២៥ និងវេទិកាទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា៕